Thursday, July 19, 2018

សមាជិកសមាជិកាទាំងអស់ត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ កក្កដា ខាងមុខនេះ

សៀមរាប៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ លោក ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធកាត់ខ្សែបូដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុក ក្រឡាញ់  ស្ថិតនៅភូមិត្រពាំងច្រាំង ឃុំក្រ​ឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ដែលសាងសង់ឡើងដោយក្រុមការងារថ្នាក់កណ្តាល និង ខេត្ត ចុះជួយស្រុក និងបានសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាស្រុក ចំនួន ២៧២០នាក់ និងការបង្ហា​ញបេក្ខភាពជាបេក្ខជនជាតំណាងរាស្ត្រ អាណត្តិទី៦ ទាំងពេញសិទ្ធិ និង ត្រៀមបម្រុងផងដែរ។
លោក ទៀ បាញ់ បានពាំនាំនូវការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែនឹករលឹក គិតគួរអំពីទុក្ខលំបាក ជីវភាពរបស់សមាជិកបក្ស នៅថ្នាក់មូលដ្ឋាន និង ប្រជាពលរដ្ឋផងដែរ ។ ក្នុងនោះដែរលោកបានធ្វើការវាយតម្លៃខ្ពស់ទៅលើលទ្ធផល និង សមទ្ធិផលដែលគណបក្សប្រជាជនស្រុក ក្រឡាញ់អនុវត្តបានក្នុងពេលកន្លងមក លើកិច្ចអភិ​វឌ្ឍន៍ភូមិ ឃុំ  ព្រមទាំងបានធ្វើការកោតសរសើរ  ពីការខិតខំប្រឹងប្រែងរបស់សមាជិកសមាជិកាបក្សស្រុកគ្រប់ជាន់ថ្នាក់  ដែលបានយកចិត្តទុកដាក់ក្នុងការ រួមចំណែកលើការអភិវឌ្ឍភូមិឃុំ ឲ្យមានការរីកចម្រើនលើកគ្រប់វិស័យក្រោមដំបូលសន្តិភាពតែមួយ។  លោកបានបន្តថា ដោយសារកត្តាសន្តិភាពនេះហើយបានធ្វើឲ្យប្រទេសជាតិទាំងមូល មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។ ម៉្យាងវិញទៀតស្រុក ក្រឡាញ់ គឺជាស្រុកគំរូនៅទូទាំងប្រទេស លើការបោះឆ្នោតគ្រប់អាណត្តិកន្លងមក ទាំងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ និង ជ្រើសតាំងតំណាងរាស្ត្រ បានស៊ីដាច់គេទាំងអស់ ។
លោក ទៀ បាញ់ ក៏បានគូសបញ្ជាក់ថា អគារស្នាក់ការថ្មីនេះ ជាការសម្រួលដល់មន្ត្រីគណបក្សធ្វើការងារស្នូលរបស់ខ្លួនបានសមរម្យ ព្រមទាំងជាទីប្រមូលផ្តុំរបស់បងប្អូន ប្រជាពលរដ្ឋក្នុងស្រុក ធ្វើបុណ្យទានផងដែរ ។ ដូច្នេះសមទ្ធិផលនេះគឺកើតចេញពីការរួមសាមគ្គីគ្នារបស់សមាជិកគណបក្សប្រជាជន និង សប្បុរសជន  ដែលសបញ្ជាក់ពីគោលមាគ៌ានយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាល ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្ស  បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ពេញផ្ទៃប្រទេស ក្រោមគោលនយោបាយឈ្នះៗ  ដូច្នេះយើងគ្រប់រូបត្រូវតែរក្សានូវសន្តិភាពឲ្យបានគង់វង្ស ដើមី្បភាពរស់ នៅសុខសាន្តរបស់យើងគ្រប់រូប ។

លោក ទៀ បាញ់  ក៏បានលើកផងដែរ ពីសភាពការណ៍នយោបាយ ក្នុង និងក្រៅប្រទេស ព្រមទាំងសំណូមពរឲ្យបងប្អូនកុំជឿនូវការឃោសនាអកុសល ការញុះញង់របស់ក្រុមជនអគតិមួយចំនួន ដែលមានគោលបំណងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និង សន្តិភាពនៅកម្ពុជា  តាមរយៈការឃោសនាមិនឲ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃទី២៩ ខែ កក្កដាខាងមុខនេះ ព្រោះជនណាធ្វើការរារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅបោះឆ្នោត គឺជាទោសប្បញ្ញត្តិ ដែលមានចែងនៅក្នុងច្បាប់របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត គឺត្រូវទទួលទោសចំពោះមុខច្បាប់៕












No comments:

Post a Comment