Thursday, March 29, 2018

ការបោះឆ្នោតម៉ាឡេស៊ី៖ បាតុកម្មត្រូវបានអំពាវនាវឡើង​ខណៈ​ដែល​លោក Najib បែង​ចែក​ព្រំ​ដែន​នៃ​មណ្ឌល​បោះ​ឆ្នោត

មួយឆ្នាំនៃការព្រួយបារម្ភ និងប្រថ្នូលអាក្រក់នៅក្នុងគណបក្សប្រឆាំងរបស់ម៉ាឡេស៊ីនឹងបញ្ចប់នៅសប្តាហ៍នេះ នៅពេលដែល រដ្ឋាភិបាលនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Najib Razak ត្រូវបានគេរំពឹងថា នឹងដាក់ឱ្យអនុម័តនៅក្នុងសភានូវអាវុធដ៏សំខាន់មួយសម្រាប់ការ​បោះ​ឆ្នោតរបស់ខ្លួន ដែលចំណុចនេះគឺជាការផ្លាស់ប្តូរដ៏ចម្រូងចម្រាសចំពោះផែនទីបោះ​ឆ្នោតរបស់ម៉ាឡេស៊ី ដែលនឹងអាចកេញប្រយោជន៍ពីភាគីម្ខាងទៀត។

ក៏ប៉ុន្តែ សមាជិកសភាចេញពីសម្ព័ន្ធគណបក្សប្រឆាំង Pakatan Harapan បានប្រាប់សារព័ត៌មាន This Week in Asia ថា ពួកគេមានផែនការប្រឆាំងទៅនឹងព្រំដែនមណ្ឌលបោះ​ឆ្នោតថ្មី ដែលនឹងត្រូវដាក់មកជជែកនៅក្នុងសភានៅថ្ងៃពុធនេះ ពី​ព្រោះ​ព្រំ​ដែនថ្មីនេះនឹងប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរដល់តំបន់ដែលគាំទ្រពួកគេ។

សមាជិកសភាគណបក្សប្រឆាំង និងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ ឈ្មោះថា Bersih 2.0 និយាយថា ពួកគេនឹងធ្វើបាតុកម្មនៅច្រកទ្វារសភានៅថ្ងៃពុធនេះ ដើម្បីជំរុញឱ្យប្រធានសភាបញ្ឈប់ការជជែកអំពីការផ្លាស់ប្តូរព្រំដែនមណ្ឌលបោះឆ្នោតនេះ។ ពួកគេរៀបរាប់ថា ករណីនេះគឺជាករណីដ៏អាក្រក់នៃប្រវត្តិសាស្រ្តបោះឆ្នោតរបស់ប្រទេស។

លោក Najib ប្រធានសម្ព័ន្ធគណបក្សកាន់អំណាច Barisan Nasional ត្រូវបានគេរំពឹងថា នឹងជំរុញការផ្លាស់ប្តូរនេះតាមរយៈអង្គនីតិបញ្ញត្តិ ដែលជាស្ថាប័នពួកខ្លួនគ្រប់គ្រង។

បញ្ហានៃការបោះឆ្នោតនៅម៉ាឡេស៊ីនាពេលថ្មីៗនេះ ត្រូវបានគេរឹតបន្តឹងលើកិច្ចការប្រកួតប្រជែងមួយចំនួន បើទោះបីជា មាន​ការ​ប្តឹង​តវ៉ាជារឿយៗពីគណបក្សប្រឆាំងថា ជាការបោះ​ឆ្នោតអយុត្តិធម៌ក៏ដោយ។

ឆ្លើយតបទៅនឹងកាសែត This Week in Asia អ្នកនាំពាក្យគណបក្ស Barisan Nasional ម្នាក់បានច្រានចោលការតវ៉ារបស់គណបក្សប្រឆាំងដែលថា ដំណើរការនៃការបោះឆ្នោតនេះ គឺជាយុទ្ធសាស្រ្តមួយដើម្បីរៀបចំឱ្យអ្នកគាំទ្របរាជ័យ។

អ្នកនាំពាក្យគណបក្ស Barisan Nasional លោក Eric See-To បាននិយាយថា “គណ​បក្ស​ប្រឆាំងនឹងបន្តនិយាយថា ការបោះឆ្នោតគឺអយុត្តិធម៌ ពីព្រោះវាគឺជាយុទ្ធសាស្រ្តមួយ ដែល​ពួកគេប្រើប្រាស់ដើម្បីទាញយកនូវផលចំណេញ និងផ្តល់ឱ្យពួកគេនូវការលើកលែងមួយដែលពួកគេបាត់បង់។”

ផែនទីបោះឆ្នោតថ្មីដែលស្នើឡើងដោយគណៈកម្មការបោះឆ្នោត បានរក្សានូវចំនួនសរុបនៃអាសនៈសភាចំនួន ២២២ អាសនៈ។

គណបក្ស Barisan Nasional ក្នុងពេលបច្ចុប្បន្ន គ្រប់គ្រង ១៣២ អាសនៈ ខណៈដែលគណបក្សប្រឆាំង Pakatan Harapan គ្រប់គ្រង ៧២ អាសនៈ។ គណបក្ស Parti Islam SeMalaysia គ្រប់គ្រង ១៣ អាសនៈ។

នៅក្នុងផែនទីបោះឆ្នោតចុងក្រោយ ដែលនឹងត្រូវដាក់ឱ្យអនុម័តនៅក្នុងសភានៅថ្ងៃពុធនេះ ព្រំដែនបោះឆ្នោត ៤០ ភាគរយ នៃរដ្ឋ Selangor និងអាសនៈសភានឹងត្រូវបានបែងចែកទៅតាមសំណើរបស់នាយកដ្ឋានបោះឆ្នោតឆ្នាំ ២០១៦។

សំណើទីពីរនេះ ត្រូវបានគេមើលឃើញថា នាយកដ្ឋានបោះឆ្នោតបានផ្លាស់ប្តូរចំណុចមួយចំនួននៃផែនទីបោះឆ្នោត​ឆ្នាំ​២០១៦​ បន្ទាប់ពីមានការច្រានចោលជិត ៨០០ លើកពីអ្នកបោះ​ឆ្នោត និងគណបក្ស Pakatan Harapan ជុំវិញករណីនៃ​ការ​បែង​ចែក​មិនត្រឹមត្រូវក្នុងប្រព័ន្ធបោះឆ្នោត គឺការបង្កើតមណ្ឌលបោះឆ្នោតដែលមានទំហំមិនស្មើគ្នា។

អ្នកជំនាញបោះឆ្នោតក្នុងស្រុកបាននិយាយថា គណៈកម្មការបោះឆ្នោត ដែលជាស្ថាប័នឯក​រាជ្យ បាននិងកំពុងដាក់បញ្ចូលអ្នកបោះឆ្នោតដែលគាំទ្រគណបក្សប្រឆាំងទៅក្នុងមណ្ឌល​បោះ​​​ឆ្នោត ដែលមានចំនួនប្រជាជនច្រើន។

ផ្ទុយទៅវិញ អាសនៈនៅតំបន់ជនបទដែលសម្បូរទៅដោយជនជាតិម៉ាឡេគាំទ្រគណបក្ស Barisan Nasional ត្រូវបានគេរៀបចំឱ្យមានអ្នកបោះឆ្នោតតិចទៅវិញ។

នេះមានន័យថា បេក្ខភាពគណបក្ស Barisan Nasional ម្នាក់ ជាទូទៅត្រូវការសន្លឹកឆ្នោតតិចតួចប៉ុណ្ណោះ ដើម្បីឈ្នះការបោះឆ្នោតលើបេក្ខភាពគណបក្សប្រឆាំង។

លោក Wong Chin Huat អ្នកចិត្តសាស្រ្តនៅវិទ្យាស្ថាន Penang បាននិយាយថា ការអនុ​វត្ត​ការបែងចែកមិនស្មើភាពក្នុងប្រព័ន្ធបោះឆ្នោតនេះ បានប៉ះពាល់យ៉ាងច្បាស់ទៅ​លើគោល​ការណ៍ “មនុស្សម្នាក់ សន្លឹកឆ្នោតមួយសន្លឹក គុណតម្លៃមួយ”៕

ប្រភព៖ South China Morning Post ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨


No comments:

Post a Comment