Thursday, March 29, 2018

មេទ័ពចិនប្រកាសថា មហាមិត្តភាពកម្ពុជា-ចិន បានកសាងឡើងយ៉ាងផ្ចិតផ្ចង់ពីថ្នាក់ដឹកនាំជំនាន់មុន រហូតដល់ពេលបច្ចុប្បន្ន

កំពង់ស្ពឺ៖ ឧត្តមសេនីយ៍ឯក Zhou Songhe មេបញ្ជាការរងកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន បានហៅទំនាក់ទំនងរវាងកម្ពុជា-ចិន ថាជាមហាមិត្តភាពប្រពៃ ដែលបានកសាងឡើងដោយផ្ចិតផ្ចង់ ដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ គឺលោកប្រធាន ម៉ៅ សេទុង លោកនាយករដ្ឋមន្ត្រី ជូ អេនឡាយ និងព្រះបរមរតនៈកោដ នរោត្តម សីហនុ ហើយបន្តរហូតដល់បច្ចុប្បន្ន។

ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក Zhou Songhe បានធ្វើឡើងនៅក្នុងពិធីបិទលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០១៨ រវាងកម្ពុជា-ចិន នៅតំបន់ភ្នំធំម្រះព្រៅ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ។

ឧត្តមសេនីយ៍ឯក Zhou Songhe បានបន្តថា ការហ្វឹកហ្វឺនសមយុទ្ធយោធារួមគ្នាពេលនេះ គឺជាការពង្រឹង និងការអភិវឌ្ឍន៍មហាមិត្ត រវាងប្រទេសទាំងពីរ ហើយប្រទេសទាំងពីរ គឺជាដៃគូដែលបានទុកចិត្តលើគ្នា យ៉ាងស្មោះត្រង់ កងទ័ពទាំងពីរកម្ពុជា-ចិន គឺជាបងប្អូនដ៏ល្អ ចិត្តមួយថ្លើមមួយ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយដ៏ល្អ ហើយទំនាក់ទំនងការទូត៦០ឆ្នាំកន្លងមកនេះ កិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ទំនងទូរគមនាគមន៍ វិស័យធនធានថាមពល កិច្ចការតំបន់ និងកិច្ចការអន្តរជាតិ ទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងត្រចេះត្រចង់ផងដែរ។

សម្រាប់វិស័យការពារជាតិវិញ ឧត្តមសេនីយ៍ឯក Zhou Songhe បានបញ្ជាក់ថា ក្រសួងទាំងពីរ បានបង្កើត ជាកិច្ចសហប្រតិបត្តិ ជាច្រើនគ្រប់ទ្រង់ទ្រាយ កងទ័ពទាំងពីរបានរក្សាទំនាក់ទំនងផ្លាស់ផ្តូរ បទពិសោធន៍គ្រប់ ជាន់ថ្នាក់។ ដោយឡែកចាប់ពីឆ្នាំ២០០២មក កងទ័ពចិន បានជួយកសាងវិទ្យាស្ថាន និងសាលាក្នុង កងយោធពលខេមរភូមិន្ទ បច្ចុប្បន្នមានវិទ្យាស្ថាន និងសាលាកងទ័ពជើងគោក នៃកងទ័ពរំដោះប្រជាជនចិន សរុប ១២សាលា ក្នុងនោះមាន៨សាលា ដែលរួមមានវិទ្យាស្ថានបញ្ជាការ សកលវិទ្យាល័យវិស្វកម្ម វិទ្យាស្ថានកងទ័ពថ្មើរជើង វិទ្យាស្ថានរថពាសដែក វិទ្យាស្ថានកាំភ្លើងធំការពារអាកាស វិទ្យាស្ថានទ័ពអាកាស វិទ្យាស្ថានទ័ពពិសេស និងវិទ្យាស្ថានការពារគីមីសាស្ត្រ។

សូមជំរាបថា លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៨ រវាងកងទ័ពកម្ពុជា-ចិន ត្រូវបានធ្វើឡើងដើម្បីអបអរសាទរ ខួប៦០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៥៨។ លំហាត់សមយុទ្ធនេះ បានធ្វើ ឡើងក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌» ដោយផ្តោតលើសកម្មភាព ប្រយុទ្ធ ប្រឆាំង អំពើភេរវកម្ម ការដោះមីន និងការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយផងដែរ ៕





No comments:

Post a Comment