Thursday, March 29, 2018

ខេត្តត្បូងឃ្មុំរៀបចំពិធីអបអរសាទរ ទិវាជាតិទីក្រុងស្អាតលើកទី៦ឆ្នាំ២០១៨ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា»

ត្បូងឃ្មុំ៖ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នាមអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី៦ ឆ្នាំ២០១៨ ក្រោមប្រធានបទ “ ទីក្រុងស្អាត ដើម្បីទាំងអស់គ្នា “ និងអមដោយការដង្ហែក្បួនអបអរសាទរ បេក្ខភាពក្រុងសួង ទទួលបានជ័យលាភីផ្ការំដួល ១ទង ក្នុងចលនាប្រលងប្រណាំងទីក្រុងស្អាតថ្នាក់ជាតិលើកទី២ ឆ្នាំ២០១៨-២០២១។

ក្នុងឱកាសនោះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានថ្លែងសុន្ទរកថា របស់រដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធនាការបន្ថែមទៀត ដើម្បីរៀបចំឲ្យមានសកម្មភាពទីក្រុងស្អាត នៅតាមកន្លែងធ្វើការស្ថាប័ន សាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម ផ្សារ រោងចក្រ និងកន្លែងផ្សេងៗទៀត ប្រកបដោយភាពស្អាត និងបៃតងគ្រប់រដូវកាលគ្រប់ពេលវេលា។ យុទ្ធនាការនោះ មានដូចជា «ទេសចរម្នាក់ ដើមឈើមួយដើម» «យុវជនម្នាក់ ដើមឈើមួយដើម» និង«គូស្រករមួយគូ ដើមឈើពីរដើម»។

លោកអភិបាលរងខេត្ត បន្តថារាជរដ្ឋាភិបាល បានដាក់ចេញនូវមូលនិធិអនាម័យបរិស្ថាន ដែលនឹងត្រូវយកចិត្តទុកដាក់ ដើម្បីរៀបចំឲ្យមានសង្កាត់គំរូ នៅតាមទីក្រុង ទីប្រជុំជននីមួយៗ និងជំរុញលើកទឹកចិត្តឲ្យមានការរៀបចំបង្គន់អនាម័យសាធារណៈ ស្របតាមស្តង់ដាររបស់អាស៊ាន បានល្អនៅតាមទីសាធារណៈ និងរមណីយដ្ឋានទេសចរណ៍គ្រប់រាជធានី-ខេត្ត។ លោកបន្តទៀតថា សកម្មភាពរបស់ប្រជាពលរដ្ឋ ដើម្បីទីក្រុងស្អាត បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទីក្រុងកាន់តែស្រស់ស្អាត សមជាទីក្រុង ស្អាត និង បៃតង។

លោកបញ្ជាក់ថា កិច្ចការងារទាំងនេះ ជាការត្រៀមខ្លួនក្នុងការចូលរួមការប្រឡងប្រណាំងទីក្រុងស្អាតអាស៊ាន ដោយមានចលនាប្រឡងប្រណាំងទីក្រុងស្អាត ស្របតាមស្តង់ដារទីក្រុងទេសចរណ៍ស្អាតអាស៊ាន។
លោកអភិបាលរងខេត្តបញ្ជាក់បន្ថែមថា កន្លងទៅរាជរដ្ឋាភិបាល បានបើកឲ្យមានយុទ្ធនាការ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ ដូច្នេះ តាមតំបន់រមណីយដ្ឋានទាំងអស់ ត្រូវបន្តនូវកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ភាពស្អាត និងភាពបៃតង ដោយឈរលើគោលការណ៍ចីរភាពនៃការអភិវឌ្ឍន៍ ពោលគឺដើម្បីសម្រេចបាននូវទស្សនទាន «ការអភិវឌ្ឍបច្ចុប្បន្ន គឺសម្រាប់យើងបច្ចុប្បន្នផង និងមនុស្សជំនាន់ក្រោយផង»៕









No comments:

Post a Comment