Thursday, March 29, 2018

អភិបាលរងខេត្តព្រះសីហនុ ជួបពិភាក្សាជាមួយអនុប្រធានផ្នែកគ្រប់គ្រងកីឡា នៃខេត្តGuizhouប្រទេសចិន ដើម្បីរួមគ្នាលើកកម្ពស់វិស័យកីឡានៃប្រទេសទាំងពីរ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំនូវកិច្ចជំនួបរវាង លោក Xiang Enyou អនុប្រធានផ្នែកគ្រប់គ្រងកីឡានៃខេត្តគួយចូវ (Guizhou) នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ក្នុងគោលបំណង ប្រជុំពិភាក្សាការងារលើវិស័យកីឡាជាមួយគណៈប្រតិភូរដ្ឋបាលកីឡាខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន។

ជំនួបនេះធ្វើឡើងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ដែលមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ និងមន្ទីរពាក់ព័ន្ធនានា។ នាឱកាសនេះដែលលោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានថ្លែងណែនាំពីការរីកលូតលាស់ ហេដ្ឋរចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍នានាក្នុងខេត្តព្រះសីហនុ។ លោក គង់ វិតាណៈ ក៏បានបង្ហាញក្តី រីករាយចំពោះវត្តមានប្រតិភូនៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកនាឱកាសនេះ ជាពិសេសការផ្សាភ្ជាប់កិច្ចសហប្រតិបត្តិការជាមួយខេត្តព្រះសីហនុ លើវិស័យអប់រំ និងជាពិសេសផ្នែកកីឡា។

លោក កែវ ឡាយ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ក៏បានអោយដឹងថា មន្ទីររបស់លោកមានកិច្ចការសំខាន់ៗផ្តោតទៅលើវិស័យអប់រំ វិស័យយុវជន និងវិស័យកីឡា។
លោកបន្តថា ស្របពេលគណៈប្រតិភូបំពេញបេសកម្មនាឱកាសនេះ គឺស្របពេលដែលមន្ទីររបស់លោក កំពុងធ្វើការរៀបចំអំពីការបញ្ជូនកីឡាករទៅប្រកួតថ្នាក់ជាតិ នៅរាជធានីភ្នំពេញ រួមទាំងបានកំពុងរៀបចំការប្រកួតកីឡាបាល់ទាត់មហាជនថ្នាក់ខេត្ត សម្រាប់ចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។

ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់លោក Xiang Enyou និង លោក កែវ ឡាយ បានចុះហត្ថលេខាលើកំណត់ហេតុ ស្តីពីការបង្កើតទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តគួយចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយខេត្តព្រះសីហនុ ដើម្បីជម្រុញការអនុវត្តកិច្ចសហប្រតិបត្តិការ ”ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ” ជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដោយឈរលើមូលដ្ឋានសមភាព និងមិត្តភាពរដ្ឋបាលកីឡាគួយចូវ និងមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ដោយផ្តោតលើ៣ចំណុចសំខាន់ៗរួមមាន៖
១.ភាគីទាំងពីរ នឹងពិភាក្សាអំពីពេលវេលា និងដំណើរបំពេញទស្សនកិច្ច ការរៀបចំផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក និងការផ្លាស់ប្តូរសកម្មភាពកីឡា ទៅតាមពេលវេលាសមស្រប ដោយឈរលើគោលការណ៍ស្មើភាពគ្នា និងអត្ថប្រយោជន៍ទៅវិញទៅមក។
២.ការផ្លាស់ប្តូររួមមានការពិនិត្យលើទីតាំងលេងកីឡា ការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅទស្សនាព្រឹត្តការណ៍កីឡា ការផ្លាស់ប្តូរគ្រូបង្វឹក ការហ្វឹកហ្វឺនដល់កីឡាករ និងការផ្លាស់ប្តូរការហ្វឹកហាត់លើវិស័យកីឡាជាតិ។
៣.ពង្រឹងលើកីឡាផ្សេងៗទៀតដែលទាក់ទង៕







No comments:

Post a Comment