Monday, March 26, 2018

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កំណាត់ផ្លូវជាតិលេខ៥មិនមែនធ្វើតែ១កំណាត់នោះទេគឺនឹងសាងសង់ជាបន្តបន្ទាប់ទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការកសាងនិងធ្វើឱ្យប្រសើរឡើងលើកំណាត់ផ្លូវជាតិលេខ៥នេះ គឺមិនមែនធ្វើតែ១កំណាត់នោះទេ គឺរាជរដ្ឋាភិបាលនឹងសាងសង់ជាបន្តបន្ទាប់ទៀត ដូចជាថ្ងៃនេះបើកការសាង សង់កំណាត់ផ្លូវពីក្រុងបាត់ដំបងទៅសិរីសោភ័ណ បន្ទាប់មកនឹងសាងសង់ពីព្រែកក្តាមមកខេត្តពោធិ៍សាត់ និងបន្ទាប់មកពីខេត្តបាត់ដំបងទៅដល់ព្រំដែនកម្ពុជា-ថៃទៀតផង។ លោកបានបន្តថា ជាមួយគ្នានោះផងដែររាជរដ្ឋាភិបាលនឹងមានគម្រោងធ្វើឱ្យប្រសើរឡើងនូវបណ្តាផ្លូវជាតិផ្សេងៗមួយចំនួនទៀតនាពេលខាងមុខ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៨នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានប្រវែង ៨៥គីឡូម៉ែត្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងខែមីនានេះ លោក និងលោកឯកអគ្គរដ្ឋទូតជប៉ុន បានអញ្ជើញចូលរួមក្នុងពិធី២សំខាន់ៗដែលកាលពីថ្ងៃទី ១៣ មីនា ឆ្នាំ២០១៨ គឺបានសម្ពោធដាក់ឱ្យប្រើប្រាស់លើកំណាត់ផ្លូវជាតិលេខ១ នៅក្រុងតាខ្មៅ និងថ្ងៃនេះអញ្ជើញចូលរួមសម្ពោធបើកការដ្ឋានូវគម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ ផ្លូវជាតិលេខ៥ នៅខេត្តបាត់ដំបងនេះ។ លោកក៏សូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ និងរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជា។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការសាងសង់កំណាត់ផ្លូវនេះ លោកក៏បានស្នើសុំឱ្យប្រជាពលរដ្ឋ មេត្តាយោគយល់ក្នុងការធ្វើដំណើរ ព្រោះអាចមានការំខានដោយគ្រឿងចក្រសាងសង់ផ្សេងៗ ជាមួយគ្នានោះ លោកក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ៕














No comments:

Post a Comment