Monday, March 26, 2018

ទស្សនៈពលរដ្ឋ៖ វិទ្យុអាស៊ីសេរីជាសំបុកព័ត៌មាន ក្លែងក្លាយ ~ Fake News !

អស់ពីរឿងមួយចូលដល់រឿងមួយ។ ការប្រឌិតព័ត៌មានថាមានមនុស្សស្លាប់ ៨នាក់ និងរបួស ៤០ នាក់នៅ​ខេត្តក្រចេះមិនទាន់ទាំងបានកែតម្រូវផង ឥឡូវនេះ វិទ្យុអាស៊ីសេរីបានប្រឌិតព័ត៌មាន​មួយទៀតយកមកផ្សាយ។ វិទ្យុដែលខ្វះវិជ្ជាជីវៈនិងស៊ីឈ្នួលបម្រើនយោបាយសុទ្ធសាធមួយនេះបានប្រឌិតថា ស្ត្រីម្នាក់បាន​ចងកធ្វើ​អត្តឃាត​ដោយសារប្តីរបស់ខ្លួនដែលមានទំនាស់ដីធ្លីក្នុងខេត្តក្រចេះ។ ប៉ុន្តែ ក្រោយការស្រាវជ្រាវ គេបាន​រក​ឃើញថា អាស៊ីសេរីបានប្រឌិតព័ត៌មានទាំងស្រុង។ បុរសជាប្តីរបស់ស្ត្រីរងគ្រោះ​បានចេញមុខ​បដិសេធ​ព័ត៌​មាននេះដោយអះអាងបញ្ជាក់ថា ប្រពន្ធរបស់ខ្លួនបានធ្វើអត្តឃាតដោយចងក​សម្លាប់ខ្លួនដោយសារ​តែគាត់​មានជំងឺអេដស៍ ហើយក៏អស់សង្ឃឹមហើយដាច់ចិត្តសម្លាប់ខ្លួនតែមម្តង គឺមិនមានពាក់ព័ន្ធអ្វីបន្តិចសោះនឹងរឿង ដីធ្លីដូចអាស៊ីសេរីផ្សាយនោះឡើយ។

នេះមិនមែនជាលើកទី១ ហើយក៏មិនមែនជាលើកចុងក្រោយដែរដែលវិទ្យុអាស៊ីសេរីបានផ្សាយព័ត៌មានមិនពិត។ វិទ្យុអាមេរិកាំងមួយនេះបាននិងកំពុងចាកឆ្ងាយកាន់តែខ្លាំងពីគន្លងវិជ្ជាជីវៈ។ មិនតែប៉ុណ្ណោះ វិទ្យុនេះកំពុងក្លាយ​ជាសំបុកនៃព័ត៌មានប្រឌិត និងក្លែងក្លាយ (Fake News) ដើម្បីបំពុលសង្គមយ៉ាងច្បាស់ក្រឡែត។ ដើម្បីមើលឃើញពីចេតនាអាក្រក់របស់វិទ្យុអាស៊ីសេរី យើងគ្រាន់តែពិចារណាទៅ​លើចំណុច​មួយចំនួន​ដូចតទៅ៖

ទី១ អ្នកកាសែតដែលបម្រើការឲ្យវិទ្យុអាស៊ីសេរីត្រូវបានគេបង្វឹកឲ្យប្រើភាសាអ្នកនយោបាយសុទ្ធសាធ គឺមិនមែនភាសាអ្នកកាសែតឡើយ។ ភាសាអ្នកនយោបាយគឺការបង្ហាញ​និន្នាការលម្អៀងទៅ​រកគណបក្ស​របស់ខ្លួន ~ ការពារផលប្រយោជន៍គណបក្សរបស់ខ្លួន ហើយវាយប្រហារទៅលើ​គូបដិបក្ខតាមដែលអាច​ធ្វើទៅបាន។ ចំណែកភាសាអ្នកកាសែតវិញគឺ គេប្រើភាសាក្នុងនាមជាអ្នករាយការណ៍អំពីហេតុការណ៍ណាមួយ​ដោយមិនត្រូវយកនិន្នាការផ្ទាល់ខ្លួនមកលាយឡំឡើយ។ តែអ្នកកាសែតអាស៊ីសេរីប្រើប្រាស់​ភាសាអ្នក​នយោបាយ​សុទ្ធសាធ។

ទី២ ដោយសារមានរបៀបវារៈនយោបាយយ៉ាងជ្រាលជ្រៅ វិទ្យុនេះមិនដែលផ្សាយព័ត៌មាន​ល្អពីប្រទេស​កម្ពុជាឡើយ។ ផ្ទុយពីគោលការណ៍សារព័ត៌មានដែលត្រូវរាយការណ៍ព័ត៌មានឲ្យមានតុល្យភាព វិទ្យុអាស៊ីសេរី​មិន​ដែលនិយាយសូម្បីតែមួយរឿងអំពីចំណុចវិជ្ជមាន​របស់កម្ពុជាឡើយទោះបីជាប្រទេសនេះកំពុង​អភិវឌ្ឍ​យ៉ាងលឿនសម្បើមទៅមុខយ៉ាងណាក៏ដោយ។ តែជាវិទ្យុនេះបង្ហាញតែភាពខ្មៅងងឹត ហើយបើអត់មាន​រឿង​ខ្មៅងងឹតដូចដែលខ្លួនចង់ផ្សាយទេ ក៏នាំគ្នារៀបចំផែនការប្រឌិតព័ត៌មានក្លែងក្លាយ។ ករណីខេត្តក្រចេះ​ជា​ឧទាហរណ៍ជាក់ស្តែង។

ទី៣ នៅពេលផ្សាយព័ត៌មានខុសពីការពិតហើយ វិទ្យុនេះមិនដែលកែតម្រូវកំហុសឆ្គង​របស់ខ្លួនម្តងណា​ឡើយ​បើទោះជាច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានតម្រូវឲ្យកែតម្រូវព័ត៌មានខុសក៏ដោយ។ ជាក់ស្តែងករណី​ផ្សាយថា មានមនុស្សស្លាប់កើនដល់ ៨នាក់ក្នុងព្រឹត្តិការណ៍ប៉ះទង្គិចក្នុងខេត្តក្រចេះ រហូតមកទល់ពេលនេះ អាស៊ីសេរីនៅតែមុខក្រាសមិនព្រមកែតម្រូវដដែល។

ដូច្នេះ មានទឡ្ហីករណ៍គ្រប់គ្រាន់ដែលអាចបញ្ជាក់ថា វិទ្យុអាស៊ីសេរីគឺជាសំបុកនៃព័ត៌មាន ក្លែងក្លាយ Fake News ដែលមានគោលដៅបំពុលសង្គមយ៉ាងពិតប្រាកដ។ និយាយពីព័ត៌មានមិនពិត ឬ Fake News នេះ គឺជាប្រធានបទក្តៅគគុកមួយនៅទូទាំងពិភពលោកដែលគ្រប់ប្រទេស និងគ្រប់បណ្តាញផ្សាយព័ត៌មានកំពុង​តែប្រយុទ្ធប្រឆាំងដោយចំណាយកម្លាំងកាយ បញ្ញា ស្មារតី ពេលវេលា និងថវិកាយ៉ាងច្រើន​សន្ធឹកសន្ធាប់​ពីព្រោះវាជាប្រភេទព័ត៌មានដ៏គ្រោះថ្នាក់។ ជាទូទៅ ព័ត៌មាន Fake News ច្រើនលេចចេញពីប្រភព​អនាមឹក​ដែលគេពិបាករកមុខ។ គោលដៅនៃការផ្សាយព័ត៌មានបែបនេះគឺដើម្បី​បង្កវិទ្ធង្សនាអ្វីមួយក្នុង​គោលដៅ​កេង​ចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ឬបក្សពួករបស់ខ្លួន។ សម្រាប់សារព័ត៌មានវិជ្ជាជីវៈ គេប្រយ័ត្នប្រយែង​ណាស់រឿង Fake News នេះពីព្រោះវាជាការទទួលខុសត្រូវរបស់ម្ចាស់ស្ថាប័នសារព័ត៌មាននោះ។ វារឹតតែគ្រោះថ្នាក់ថែមទៀតប្រសិនបើសារព័ត៌មានអាជីពធ្វើខ្លួនឲ្យទៅជាសំបុករបស់ Fake News ដោយ​ចេតនា​ហើយបែរជាមិនទទួលខុសត្រូវដូចជាវិទ្យុអាស៊ីសេរីជាដើមនេះ។

កាលណាសារព័ត៌មានមួយក្លាយជាសំបុកនៃ Fake News  ហើយនោះ វាពិតជាគ្រោះថ្នាក់ខ្លាំង​ណាស់សម្រាប់​សង្គម ដោយសារតែព័ត៌មានបែបប្រឌិតនេះ ធ្វើឲ្យប្រជាពលរដ្ឋដែលមិនបានពិចារណាជឿលើផ្លូវខុស ហើយសម្រេចចិត្តខុស។ អ្នកបង្កើតព័ត៌មានមិនពិតមានគោលដៅ​ធ្វើឲ្យពលរដ្ឋយល់ខុសហើយសម្រេចចិត្តខុស​ដើម្បីខ្លួនឯងទាញយកប្រយោជន៍។ ឧទាហរណ៍ជាក់ស្តែង គោលដៅរបស់វិទ្យុអាស៊ីសេរីដែលប្រឌិត​ព័ត៌​មាន​ថាមានអ្នកស្លាប់ ៦នាក់ ហើយក្រោយមកថាចំនួនអ្នកស្លាប់កើនដល់ ៨នាក់  និងរបួស ៤០ នាក់ដោយ​សារអាជ្ញាធរបាញ់​ប្រហារក្នុងខេត្តក្រចេះនោះ គឺដើម្បីធ្វើឲ្យសាធារណៈមតិយល់ច្រឡំទៅលើរដ្ធាភិបាល ហើយសម្រេចចិត្តធ្វើអ្វីម្យ៉ាងដូចជាបង្កហិង្សា បះបោរ វឹកវរក្នុងសង្គម។ រីឯផលដែលពួកគេទទួលបាននោះគឺ ការចំណេញនយោបាយដែលកើតចេញពីភាពវឹកវរនោះ។ ប៉ុន្តែ ដោយសារតែការទប់ស្កាត់បានទាន់ពេលវេលា ស្ថានការណ៍ក៏វិលទៅរកភាពប្រក្រតីឡើងវិញ ហើយប្រជាពលរដ្ឋក៏បានទទួលព័ត៌មានពិតឡើងវិញថា គ្មាន​អ្នក​ស្លាប់សូម្បីម្នាក់ឡើយ។

ប៉ុន្តែ ដោយសារតែគោលដៅរបស់ពួកគេមិនទាន់បានសម្រេច ឥឡូវនេះ អាស៊ីសេរីក៏បានបង្កើតរឿងមួយទៀត​ស្តីពីស្ត្រីម្នាក់ចងកសម្លាប់ខ្លួនដោយសារតែទំនាស់ដីធ្លី ដើម្បីបន្តដុតកំហឹងមហាជនខ្មែរ។ ឥឡូវនេះ វាច្បាស់ណាស់ថា វិទ្យុអាស៊ីសេរីមិនត្រឹមតែផ្សាយព័ត៌មានបំប៉ោង បំភ្លើស បំភ្លៃ ញុះញង់ ដុតបន្ថែមប៉ុណ្ណោះទេ បច្ចុប្បន្ន វិទ្យុនេះបានបោះជំហ៊ានទៅមុខមួយទៀតហើយគឺឈានដល់ការប្រឌិតព័ត៌មានក្លែងក្លាយតែម្តង។ ប៉ុន្តេ ទោះជាវិទ្យុនេះធ្លាក់ខ្លួនទៅជាសំបុកនៃព័ត៌មាន Fake News បែបនេះក៏ដោយ ក៏ពួកគេមិនអាចសម្រេច​គោល​ដៅបង្កចលាចលសង្គមខ្មែរបានដែរពីព្រោះ ប្រជាពលរដ្ឋខ្មែរមានប្រភពព័ត៌មានយ៉ាងសម្បូរបែបណាស់​ដែល​ពួកគេទទួលបានជារៀងរាល់ថ្ងៃ។

ផ្ទុយទៅវិញ សារព័ត៌មានណាក៏ដោយដែលធ្វើជាសំបុកឲ្យ Fake News កាន់តែបាត់បង់ប្រជាប្រិយភាព​យ៉ាងធ្ងន់ធ្ងរដោយសារតែមហាជនអស់ជំនឿ។ ការប្រឌិតព័ត៌មាន កំពុងធ្វើឲ្យវិទ្យុគ្មានវិជ្ជាជីវៈមួយ​នេះក្លាយ​ជាសំរាម គ្មានតម្លៃ ដោយសារតែវិទ្យុនេះកំពុងដើរបញ្ច្រាសទិសរបស់មហាជន​ដែលកំពុងស្រេក​ឃ្លាន​ព័ត៌​មានពិត។ ទីបំផុត វិទ្យុសំរាមនេះទំនងជារកកន្លែងដុតចោលក៏មិនបានផងពីព្រោះសូម្បីតែក្លិន និងផ្សែងរបស់​សំរាមវាក៏បង្កគ្រោះថ្នាក់ដល់បរិស្ថាន និងសុខភាពដែរ៕

ដោយ កូនខ្មែរ

No comments:

Post a Comment