Monday, March 26, 2018

នៅ​ថ្ងៃស្អែកនេះ លោក​ កឹម​ សុខា​ នឹង​បង្ហាញ​ខ្លួន​​ នៅ​សាលាឧទ្ធរណ៍ ជាលើកទី២ ​

លោក​ កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​​បង្ហាញ​ខ្លួន​ម្តង​ទៀត​ នៅ​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​មីនា​ ស្អែក​​នេះ​ ដើម្បីបន្ដបើកសវនាការ ក្រោមបទចោទប្រកាន់ សន្ទិដ្ឋិភាពជាមួយបរទេស។​ នេះ​ជា​ការ​បង្ហាញ​វត្តមាន​លើក​ទី​២​ ហើយ​នៅ​សាលាឧទ្ធរណ៍​។

នៅទំព័រ​ ហ្វេសប៊ុក ​របស់​លោក ​កឹម​ សុខា​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​មីនា​ បានសរសេរ​ថា​ លោក កឹម សុខា នឹងមានវត្តមាននៅក្នុងសវនការ នៅថ្ងៃអង្គារ ទី២៧ ខែមីនា នៅម៉ោង៨:00ព្រឹក នៅសាលាឧទ្ធរណ៍ លើបណ្តឹងសាទុក្ខ ស្តីពីការបន្តឃុំខ្លួនរបស់លោក កឹម សុខា។

លោក ​សំ​ សុគង់​ មេធាវី​ លោក​ កឹម​ សុខា​ បញ្ជាក់​បន្ថែម​ថា​ សវនាការ​នេះ​មាន​កម្មវត្ថុ​ ប្តឹង​ប្រឆាំងនឹង​ដីកា ​របស់​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដែល​បន្ត​ពន្យារពេល​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ៦ខែ​ទៀត​ ។

គួរ​រំលឹក​ថា លោក កឹម សុខា ត្រូវបាន​ចោទ​ប្រកាន់​ពីបទ សន្ទិដ្ឋិភាព​ជាមួយ​បរទេស តាម​មាត្រា៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស គឺជា​អំពើ​ត្រូវរ៉ូវ​គ្នា​ដោយ​សម្ងាត់​ជាមួយ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស ដើម្បី​បង្កើត​ឱ្យ​មាន​អំពើ​ប្រទូស្តរ៉ាយ ឬ​ឱ្យ​មាន​អំពើ​ឈ្លានពាន​ប្រឆាំង​ នឹង​កម្ពុជា។ បទល្មើស​នេះ ត្រូវជាប់​ពន្ធនាគារ​ពី១៥ ដល់៣០​ឆ្នាំ​។

លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ពាក់​កណ្តាល​អាធ្រាត្រ ឈានចូល​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧។ ក្រោយ​ឃាត់​ខ្លួន​ សមត្ថកិច្ច​បាន​បញ្ជូន​លោក កឹម សុខា ទៅឃុំ​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ៕


No comments:

Post a Comment