Monday, March 26, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវកុំឱ្យជឿតាមការឃោសនាអកុសលទាំងឡាយដែលនាំដល់សង្រ្គាម និងការបែកបាក់

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍន៍ជាតិមិនទាន់គ្រប់គ្រាន់ទេ យើងត្រូវបន្តធ្វើយ៉ាងណាឱ្យប្រទេសជាតិរបស់យើងមានសុខសន្តិភាព មានស្ថិរភាពនយោបាយជាបន្តទៀត បើគ្មានសន្តិភាព ពិតជាគ្មានការអភិវឌ្ឍន៍ទេ លើការជាក់ស្តែងសង្រ្គាមបានផ្ទុះឡើងក្រោយឆ្នាំ១៩៧០ ចាប់តាំងពីថ្ងៃទី១៨ ខែមីនា ១៩៧០ មករំលត់វានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំបងឆ្ពោះទៅកាន់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានប្រវែង ៨៥គីឡូម៉ែត្រ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា រឿងរំលត់សង្រ្គាមជារឿងមួយហើយ ប៉ុន្តែផលវិបាកដែលសង្រ្គាមបានបន្សល់ទុកឱ្យយើងគឺវាធំធេងណាស់ ដូច្នេះមិនត្រូវឱ្យអ្នកណាមួយមកបំផ្លិចបំផ្លាញនូវសន្តិភាពសម្រាប់ប្រជាជនកម្ពុជានោះទេ។ លោកបានបន្តថា គេមិនត្រូវមើលឃើញត្រឹមតែមនុស្សបួន ដប់នាក់ ហើយបោះបង់ចោលមនុស្សជាង១៥លាននាក់នោះទេ ជាង១៥លាននាក់កំពុងស្រេកឃ្លាន កំពុងត្រូវការ រក្សានូវអ្វីដែលមានក្នុងដៃគឺសន្តិភាព និងការអភិវឌ្ឍន៍ មិនមែនត្រូវការសង្រ្គាមមកជំនួសឱ្យសន្តិភាពនោះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា អតីតកាលបានបង្រៀនយើងគ្រប់គ្រាន់ហើយ ការឈឺចាប់របស់ប្រជាជនកម្ពុជាវាលើសពីការគ្រប់គ្រាន់ ដូច្នេះរបស់ដែលថារឿងនេះ រឿងនោះគឺវាគ្រាន់តែជាការឃោសនាអកុសលប៉ុន្តែតម្លៃនៃសន្តិភាព វានៅតែមានតម្លៃ ឥឡូវជាក់ស្តែងក្រឡេកមើលទៅប្រទេសដែលកំពុងមានសង្រ្គាមទៅចុះគឺមានការឈឺចាប់ខ្លោចផ្សាខ្លាំងណាស់៕










No comments:

Post a Comment