Friday, December 15, 2017

លិខិតចំហរទី៣ របស់ ចៅ ចាក់ស្មុក ជូនចំពោះក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់ ជាពិសេស ទាយាទអាយ៉ងនយោបាយ កឹម មនោវិទ្យា ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងអ្នកវិភាគនយោបាយ នៃមជ្ឈមណ្ឌលសិក្សាអាស៊ីនៃមូលនិធិកេរតំណែល

នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ អ្នកវិភាគដ៏ល្បីមួយរូបនៅកម្ពុជា ឈ្មោះ ចៅ ចាក់ស្មុក បានបន្តចេញ​លិខិតចំហរ​ទី៣ ផ្ញើជូនចំពោះក្រុមអ្នកនយោបាយបក្ស ប្រឆាំងក្រៅច្បាប់ ជាពិសេស កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា, ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងអ្នកវិភាគនយោបាយ នៃមជ្ឈមណ្ឌល​​សិក្សាអាស៊ីនៃមូលនិធិកេរតំណែល។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖

លិខិតចំហរទី៣ របស់ ចៅ ចាក់ស្មុក ជូនចំពោះក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់ ជាពិសេស ទាយាទ អាយ៉ងនយោបាយ កឹម មនោវិទ្យា ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) និងអ្នកវិភាគ នយោបាយ នៃមជ្ឈមណ្ឌលសិក្សាអាស៊ីនៃមូលនិធិកេរតំណែល

លោក លោកស្រីជាទីរាប់អាន!

ការផ្តល់សក្ខីកម្មរបស់អ្នកទាំងបី កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៧ នៅចំពោះមុខគណៈកម្មាធិការកិច្ច​ការបរទេសនៃរដ្ឋសភាអាមេរិក គឺគ្រាន់តែជាការបង្កើតការបង្គ្រប់កិច្ច ដើម្បីធ្វើឱ្យសំណុំរឿងនៃការបំផ្លាញ​កម្ពុជារបស់លោក លោកស្រី និងចៅហ្វាយនាយខ្លួន មានភាពពេញលេញ និងដើម្បីធ្វើសោកនាដកម្មនៃបញ្ហា ហើយប្រកាសអាសន្នថា ត្រូវតែនាំគ្នាចាត់វិធានការ ឱ្យបានទាន់ពេលវេលា ដើម្បីជួយសង្គ្រោះជនក្បត់ជាតិ កឹម សុខា និងបក្សសាងគ្រោះឱ្យជាតិដែលត្រូវបានរំលាយចោល។ សក្ខីកម្មរបស់លោកលោកស្រី គឺជាការរៀប​ចំឡើង​ជាប្រព័ន្ធ និងបំពេញឱ្យគ្នាទៅវិញទៅមក ដើម្បីចោទប្រកាន់មកលើរាជរដ្ឋាភិបាលនៃប្រទេសខ្ញុំ លាបពណ៌ប្រទេសខ្ញុំទៅតាមរបៀបវារៈនយោបាយរបស់បស្ទឹមប្រទេសដែលមិនចង់ឃើញកម្ពុជាមានសន្តិភាព និងការអភិវឌ្ឍយូរអង្វែង។ ទាំងសមាជិកនៃគណៈកម្មាធិការកិច្ចការបរទេសសភា គឺជាជនជាតិអាមេរិក ហើយអ្នកដែលបានផ្តល់សក្ខីកម្មក៏មិនមែន ជាខ្មែរ សូម្បីតែទាយាទអាយ៉ងរបស់ កឹម សុខា ក៏ប្រើលិខិត​ឆ្លង​ដែនសញ្ជាតិអាមេរិក និងបាននិយាយក្នុងនាមជនជាតិអាមេរិក។ លោកលោកស្រី បានតាំងខ្លួនជា​តំណាង​ឱ្យប្រជាជនខ្មែរ ប៉ុន្តែរាល់សកម្មភាពរបស់លោកលោកស្រី គឺញុះញង់បរទេស​បំផ្លាញផលប្រយោជន៍​ជាតិ និងប្រជាជនកម្ពុជាសុទ្ធសាធ។ នៅចំពោះមុខនៃទង្វើបំផ្លាញជាតិខ្ញុំពីសំណាក់​លោកលោកស្រី ក្នុងនាមខ្ញុំ​ជាជនជាតិខ្មែរម្នាក់ សូមសិទ្ធិឆ្លើយតបទៅនឹងការបំភ្លៃ បំផ្លើស បំភ័ន្ត និងបំប៉ោងស្ថានការណ៍ពិតនៅកម្ពុជា ដែលលោកលោកស្រីបានសូត្រនៅចំពោះមុខសមាជិកសភាអាមេរិក៖

ទី១៖ ចំពោះទាយាទអាយ៉ងនយោបាយ កឹម មនោវិទ្យា៖ កឹម សុខា ឪពុកកញ្ញាត្រូវបានបរទេស​ប្រើប្រាស់ដើម្បី​អនុវត្តផែនការ​បដិវត្តន៍ពណ៌ ចំណែកកូនស្រី គឺជាអ្នកស្នងតំណែងនេះដើម្បីបន្តផែនការប្រឆាំង នឹងផលប្រយោជន៍កម្ពុជាបន្តទៀតខណៈឪពុកខ្លួន កំពុងតែជាប់គុកនៅត្រពាំងផ្លុង។ សម្តីមួយមាត់ៗរបស់កញ្ញា មានតែគំនុំសងសឹក និងការខឹងសម្បារ។ កញ្ញាមានឈាមជ័រជាខ្មែរដូចខ្ញុំពិត ប៉ុន្តែមានចរិតមាយាទ​ជា​ជនបរទេស ហារស្តីឡើងមានតែការបរិហារកេរ្តិ៍ជន​ជាតិខ្លួនឯង ប្រទេសខ្លួនឯងឱ្យបរទេសស្តាប់ និងធ្វើ​សកម្មភាពសព្វបែបយ៉ាងដើម្បីបំផ្លាញជាតិខ្មែរ។ បាតដៃរបស់កញ្ញា និងឪពុកកញ្ញាបានជាប់ជា​សែស្រឡាយ​ជនក្បត់ជាតិ។

កញ្ញានិងបក្សប្រឆាំងក្រៅច្បាប់មិន ដែលបានជួយចម្រើនកម្ពុជាឡើយ ប៉ុន្តែព្យាយាមបម្រើបរទេស និង​យកបូរណភាពទឹក ដី និងអធិបតេយ្យជាតិដាក់ក្រោមបាតជើងបរទេស។ កញ្ញាមានបានគិតទេថាហេតុអ្វី បានជា កឹម សុខា ត្រូវបានចាប់ខ្លួនភ្លាមៗពីបទល្មើស​ជាក់ស្តែងអំពីអំពើក្បត់ជាតិ? បើគ្មានភស្តុតាងគ្រប់គ្រាន់ អាជ្ញាធរមិនអាចចាប់ខ្លួនវៃខ្នោះ កឹម សុខា ទេ ហើយ សូមសិក្សាអំពីច្បាប់ឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងលើកថាការចាប់ខ្លួនដោយ រំលោភច្បាប់ទាំង កឹម សុខា មានអភ័យឯកសិទ្ធិ រំលោភរដ្ឋធម្មនុញ្ញ។ ចំណាត់ការប្រឆាំងនឹងបទល្មើសជាក់ស្តែងមិនតម្រូវឱ្យគោរពពេលវេលារដ្ឋបាល ឬរង់ចាំដកអភ័យឯកសិទ្ធិជា​មុនឡើយ។ សូម ក្រុមបក្សប្រឆាំងក្រៅច្បាប់រៀនទទួលខុសផង កុំរៀនតែទទួលយកត្រូវខ្លួនឯងពេក។ ខ្ញុំ ដឹងថាអ្នកពិតជាមានជំនាញ​ធ្វើជាជនរងគ្រោះអាជីពហើយ។ ខ្ញុំសូមជម្រាបកញ្ញាថា រាជរដ្ឋាភិបាលកម្ពុជា​ដែលកើត​ចេញពីការផ្តល់​សេចក្តីទុក​ចិត្តរបស់​ប្រជាពលរដ្ឋនេះ មានកាតព្វកិច្ចការពារជាតិ ការពារសេចក្តី​សុខសន្តិភាពជូនប្រជាជន មិនអនុញ្ញាតឱ្យក្រុមជន​ក្បត់ជាតិរបស់កញ្ញាបង្កចលាចល ក្រឡុកស្ថានការណ៍​កម្ពុជាបានឡើយ។

ពលរដ្ឋខ្មែរពិតជាដឹងច្បាស់ពីល្បិចកលនៃក្រុមកញ្ញា ក្នុងការបំផ្ទុះបដិវត្តន៍ការ ផ្តួលរំលំរដ្ឋាភិបាល ដោយឆ្លៀត​យកពេលបោះឆ្នោតនេះ​មកធ្វើ។ នៅឆ្នាំ ២០១៣ គឺជាបទពិសោធមួយដែលបក្សសង្គ្រោះជាតិ បានយកលេស​ការបោះឆ្នោត ដើម្បីធ្វើបដិវត្តន៍ពណ៌ចេញពីការតវ៉ា​ប្រឆាំងនឹងសន្លឹកឆ្នោតមកជាការធ្វើបាតុកម្ម ដើម្បីប្តូរ​មេដឹកនាំ និងទម្លាក់បក្សឈ្នះការបោះឆ្នោតចោល។

ក្រុមអ្នកនយោបាយបក្សប្រឆាំងក្រៅច្បាប់បានព្យាយាមប្រើប្រាស់ស្ថានការណ៍បោះឆ្នោតដើម្បីសម្រេចមហិច្ឆតាបដិវត្តន៍ គឺ ឈ្នះការបោះឆ្នោតក៏ឈ្នះ ហើយបើចាញ់ការបោះឆ្នោត ក៏ត្រូវតែឈ្នះតាមរយៈបដិវត្តន៍ពណ៌​ដោយការបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យតវ៉ា​លើលទ្ធផលបោះឆ្នោត និងបង្កចលាចលសង្គមផ្លាស់​ប្តូររបប​និងមេដឹកនាំតែម្តង។ បទពិសោធនេះ ក្រុមកញ្ញាពិតជាបានដឹងច្បាស់ណាស់ព្រោះកឹម សុខា បានសិក្សា​ពីអាមេរិកអំពីការធ្វើបដិវត្តន៍ពណ៍នៅប្រទេសយូហ្គោស្លាវី និងស៊ែបប៊ី ហើយ សម រង្ស៊ី បានទៅដក​បទពិសោធ​ពី​ភាព​ជោគជ័យនៃបដិវត្តន៍ពណ៌ នៅប្រទេសទុយណេស៊ី។ ចំណែកនៅក្នុងប្រទេស បក្សសង្គ្រោះជាតិបានហៅ​អ្នកជំនាញ មកបង្ហាត់បង្រៀនបាតុករអំពីរបៀបតវ៉ា និងធ្វើបាតុកម្ម និងបានប្រើប្រាស់សញ្ញាពណ៌​ផ្សេងៗ​ដើម្បីប៉ុនប៉ងចាប់ផ្តើម​ធ្វើបដិវត្តន៍ពណ៌។ ផែនការបដិវត្តន៍នេះ កាន់តែច្បាស់នៅពេលដែល​បក្សប្រឆាំង​ប្រកាស​ឱកាសចុងក្រោយរបស់យើងគឺនៅឆ្នាំ ២០១៨ ក្រោយពីបរាជ័យផែនការបដិវត្តន៍ពណ៌​នៅឆ្នាំ ២០១៣ នេះ​បញ្ជាក់ពីការអនុវត្តន៍ផែនការបដិវត្តន៍ពណ៌ស្រប នឹងដំណើរការបោះឆ្នោត។ បើសិនជាមានការដឹង​ពីផែនការ​នេះ​​និងត្រូវបានបង្ក្រាបដោយរាជរដ្ឋាភិបាល នោះពួកគេនឹងត្រូវរុញចូលថាជា ការបំបិទសិទ្ធិសេរីភាព និងធ្វើឱ្យ​ប៉ះ​ពាល់ដល់ដំណើរការបោះឆ្នោត គំរាមកំហែងនៅ

មុនពេលបោះឆ្នោត និងចោទថា ធ្វើឱ្យលទ្ធិប្រជាធិបតេយ្យស្លាប់ ឬដើរថយក្រោយជា ដើមដើម្បីបិទបាំង​ទង្វើ​ទុច្ចរិតនេះ។ សកម្មភាពនេះបាននិងកំពុងកើតឡើង។  ហេតុអ្វីគេយកព្រឹត្តិការណ៍បោះឆ្នោត ដើម្បីធ្វើ​បដិវត្តន៍ពណ៌? សម្រាប់អ្នកធ្វើបដិវត្តន៍​ពណ៌ដូចក្រុមកញ្ញានេះ ការបោះឆ្នោតគឺជាឱកាសមាស សម្រាប់អនុវត្ត​ផែនការផ្តួលរំលំ​រដ្ឋអំណាចដោយសារតែ​នៅក្នុងរដូវបោះឆ្នោត គឺមានកំសួលនយោបាយ កម្តៅ នយោបាយ កំហឹងនយោបាយដែលងាយស្រួលនៅក្នុងការប្រមូលផ្តុំមនុស្ស។ សម្រាប់អ្នកបដិវត្តន៍ដូចជាក្រុមកញ្ញានេះ ការបោះឆ្នោតគឺគ្រាន់តែជាលេសសម្រាប់បង្កើតហេតុ ផលក្នុងការប្រមូលផ្តុំមនុស្ស ដើម្បីធ្វើបដិវត្តន៍ប៉ុណ្ណោះ។ សម្រាប់អ្នកបដិវត្តន៍ដូចក្រុម កញ្ញា ការឈ្នះចាញ់នៅក្នុងការបោះឆ្នោតអាច​ជារឿងធម្មតាដោយហេតុថា​ឈ្នះក៏ត្រូវធ្វើបដិវត្តន៍ ចាញ់ក៏ត្រូវធ្វើបដិវត្តន៍ ដូចជានៅប្រទេសយូហ្គោស្លាវី ដែលកឹម សុខា បានសិក្សា និងយកមកអនុវត្តនៅកម្ពុជា។

ខណៈបដិវត្តន៍ពណ៌នៅបណ្តាប្រទេសអារ៉ាប់មួយចំនួនធ្វើឡើងដោយជោគជ័យ នៅដើមឆ្នាំ២០១០ ផែនការ​សកម្មភាព និងឧបាយកលបដិវត្តន៍ពណ៌ផ្តួលរំលំរបបដឹកនាំ នៅកម្ពុជាក៏ត្រូវបានរៀបចំដែរ ដោយគេបានដឹង​ថា​​ស្ថានទូត​អាមេរិកនៅទីក្រុងភ្នំពេញ គឺជាទីបញ្ជាការធំនៃបដិវត្តន៍ពណ៌ដោយមានគណបក្សសង្គ្រោះជាតិ គឺជាកូនអុកនយោបាយ។ វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) ត្រូវបានដឹងថាបានជួយ កឹម សុខា បង្កើត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅឆ្នាំ ២០០២ និងបង្កើតគណបក្សសិទ្ធិមនុស្សនៅឆ្នាំ ២០០៧។ ក្រោយមក​នៅឆ្នាំ២០១២ ក្រោយពីមើលឃើញពីលទ្ធភាពនៃកំណើនសំឡេង ក៏អាមេរិកបានជួយរៀបចំ និងផ្តល់ហិរញ្ញវត្ថុ​បង្កើត​គណបក្សសង្គ្រោះជាតិឡើង។ បក្សនេះមានបណ្តាញសង្គមស៊ីវិលគាំទ្រ ដែលទទួលថវិកាពីមូលនិធិ និងទីភ្នាក់ងារផ្សេងៗរបស់សហរដ្ឋអាមេរិក។ គណបក្សសង្គ្រោះជាតិ កញ្ញាក៏បានឃុបឃិត​ជាមួយអង្គការ​ខុមហ្រ្វែលបង្កចលាចលថា ទឹកខ្មៅដែលប្រើសម្រាប់ជ្រលក់ដៃនោះអាចលុបជ្រះ តាមពិតមិនអាចលុបជ្រះ​ដោយងាយឡើយ និងត្រូវបានធានាគុណភាព។ ក្នុងផែនបដិវត្តន៍នេះគណបក្សរបស់កញ្ញា បានធ្វើសកម្មភាព​ប្រាស់​ចាកច្បាប់ជាច្រើន នៅក្នុងថ្ងៃបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ ដោយបានអំពាវនាវឱ្យ​សកម្មជបបង្កការ​អុកឡុកតាមមណ្ឌលបោះឆ្នោត បង្កើតសកម្មភាពរំខានដល់ដំណើរការបោះឆ្នោត តាមមណ្ឌលក្រោមលេស មិនឱ្យជនជាតិវៀតណាមចូលបោះឆ្នោត សម រង្ស៊ី បានប្រកាសបំភ័ន្តលទ្ធផលបោះឆ្នោតថា បក្សសង្គ្រោះជាតិ​ឈ្នះការបោះឆ្នោតទាំង ការរាប់សន្លឹកឆ្នោតមិនទាន់នឹងបានពាក់ក ណ្តាលផង ព្រមទាំងញុះញង់ប្រកាសភាព​មិនប្រក្រតីនៅក្នុងការបោះឆ្នោតដោយបាន បង្កហិង្សាដុតរថយន្តសមត្ថកិច្ច ២ គ្រឿងនៅស្ទឹងមានជ័យ។

នៅក្រោយបោះឆ្នោត បក្សប្រឆាំងរបស់កញ្ញា បានប្រកាសបដិសេធលទ្ធផលបោះឆ្នោត​ព្រមទាំងដើរប្រមូល​កម្លាំងពីតាមខេត្តនានា និងពេលខ្លះបង្ខំកម្មករឈប់ធ្វើ ការដើម្បីធ្វើបាតុកម្ម បិទផ្លូវសាធារណៈកាន់កាប់​ដោយខុសច្បាប់​ទីលានប្រជាធិបតេយ្យធ្វើជាទី​តាំងប្រមូលផ្តុំកម្លាំងនិងធ្វើការហ្វឹកហ្វឺន កម្លាំងប្រឆាំងរហូត​ដល់ឈានដល់ការបង្កហិង្សាផ្សេងៗ។ ក្រុមកញ្ញាព្យាយាមបំផ្ទុះបដិវត្តន៍ តាមរយៈការប្រើប្រាស់ផ្កាឈូក ដើម្បីបង្ហាញពីអត្តសញ្ញាណរបស់ខ្លួនដោយយកផ្កាឈូកទៅជូនសមត្ថកិច្ចជាដើម។ មិន តែប៉ុណ្ណោះ ក្រុមកញ្ញាបានអូសទាញអ្នកសិល្បៈ ព្រះសង្ឃចូលរួមធ្វើបាតុកម្មដើម្បីជាខែលការពារ។ មិនតែប៉ុណ្ណោះ ក្រុមកញ្ញាបានបញ្ឆេះកំហឹងបាតុករបង្កើតជាហិង្សានិង បានវាយកម្ទេចផ្ទះសម្បែង ហាងកែសម្ជស្សលុច្ស និងបានបង្ហូរឈាមជាមួយកម្លាំងសម ត្ថកិច្ចនៅស្ពានអាកាសក្បាលថ្នល់ផងដែរ។ ក្រុមបាតុករដែល​បក្សកញ្ញា​បានញុះញង់ គ្រប់គ្រងលែងបាននិងបានវាយកម្ទេចមន្ទីរពេទ្យឯកជននានា បិទផ្លូវសាធារណៈ និងការបង្ហួរ​ឈាម​នៅផ្លូវវ៉េងស្រេង។

បក្សសង្គ្រោះជាតិ បានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយ ដូចជា វិទ្យុអាស៊ីសេរី វីអូអេ វីអូឌី កាសែត ឌឹ ខេមបូឌា ដេលី និងភ្នំពេញ ប៉ុស្តិ៍ជាដើមដើម្បីបំពងសំឡេងទាំងនេះធ្វើយ៉ាងណាឱ្យរូបភាពកម្ពុជាខ្មៅកខ្វក់ អាក្រក់ជូរជាតិ ដើម្បីផ្តល់ឱកាសឱ្យបក្សប្រឆាំង​ស្រែកពាក្យថាបោះឆ្នោតប្តូរៗ។ មិនតែប៉ុណ្ណោះ បក្សសង្គ្រោះជាតិបានធ្វើឱ្យ​បាត់បង់នូវជំនឿចំពោះរដ្ឋអំណាច និងការបន្សាបអំណាច​របស់រដ្ឋអំណាច តាមរយៈការញុះញង់បំផុសឱ្យ​ប្រជាពលរដ្ឋលែងគោរពរដ្ឋអំណាច និងលែងគោរពច្បាប់។ ការចោទប្រកាន់លាប​ពណ៌ជាប្រចាំថា រដ្ឋអំណាច​ជារដ្ឋអំណាចផ្តាច់ការ ឬអ្នកដឹកនាំជាជនផ្តាច់ការ គឺជាឧបាយកល ដើម្បីធ្វើឱ្យចុះខ្សោយនូវអំណាចរបស់រដ្ឋ ហើយ ជាមួយគ្នានេះ បញ្ឆេះកំហឹង និងបំផុសការស្អប់ខ្ពើមចំពោះរដ្ឋអំណាច​តាមរយៈការចោទប្រកាន់​លាបពណ៌​ដោយបំភ្លៃ និងបំប៉ោងហេតុការណ៍នៃការធ្វើបាបរាស្ត្រការគាប់សង្កត់រាស្ត្រ ការបិទសិទ្ធិសេរីភាព​ជាដើម។ ប៉ុន្តែដោយសារតែចេញនូវចរិតបដិវត្តន៍ ពណ៌នេះ ទើបរាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការកម្ចាត់​ទាន់ពេលវេលា។

ក្រោយពីឧបាយកលនៃបដិវត្តន៍ពណ៌ត្រូវបានបរាជ័យក្រោមការអនុវត្តនូវវិធាន ការច្បាប់របស់រាជរដ្ឋាភិបាល​កម្ពុជា គណបក្សសង្គ្រោះជាតិរបស់កញ្ញា នៅតែព្រហើន ចិញ្ចឹមមហិច្ឆតាបន្តធ្វើបដិវត្តន៍ពណ៌ផ្តាច់ព្រ័ត្រ​នៅខែ​កក្កដាឆ្នាំ២០១៨។ មិនតែប៉ុណ្ណោះ បក្សកញ្ញាបានបង្វែរករណីឃាដកម្ម កែម ឡី ទៅជាផលប្រយោជន៍​នយោបាយរបស់ខ្លួន ដោយធ្វើការវិភាគ បំភ្លៃការពិត ចោទរាជរដ្ឋាភិបាល និងបង្កើតឱ្យមានទស្សនៈភ័ន្តច្រឡំ ព្រមទាំងបានបង្កើតយុទ្ធនាការពណ៌ខ្មៅ និងក្រោយមកទាមទារ​ឱ្យមានចលនាពណ៌ស។ ថ្មីៗនេះ អតីត​ប្រធានបក្សកញ្ញា គឺទណ្ឌិត សម រង្ស៊ី បានប្រើប្រាស់មនោគមន៍​វិជ្ជាញុះញង់បំបែកបំបាកក្នុងជួរ កងកម្លាំង​ប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងបានប្រើប្រាស់ បណ្តាញព័ត៌មានសង្គមឃោសនា​សង្គ្រាមចិត្តសាស្ត្របង្ក​ឱ្យមានការភ័យខ្លាច និងភាពវឹកវរ។ មិនតែប៉ុណ្ណោះ បក្សកញ្ញាមានទំនាក់ទំនងជាមួយបរទេសរៀបចំ​យុទ្ធសាស្ត្រផ្តួល រំលំ និងបណ្តុះបណ្តាលយុវជនត្រៀមបន្តធ្វើបដិវត្តន៍ពណ៌នៅឆ្នាំ ២០១៤។

បក្សសង្គ្រោះជាតិ បានសហការជាមួយប្រព័ន្ធផ្សព្វផ្សាយ ដូចជាវិទ្យុអាស៊ីសេរី វីអូអេ វីអូឌី កាសែត ឌឹ ខេមបូឌា ដេលី និងភ្នំពេញ ប៉ុស្តិ៍ជាដើមដើម្បីបំពងសំឡេងទាំងនេះធ្វើយ៉ាងណាឱ្យរូបភាពកម្ពុជាខ្មៅកខ្វក់ អាក្រក់ជូរជាតិ ដើម្បីផ្តល់ឱកាសឱ្យបក្សប្រឆាំង​ស្រែកពាក្យថាបោះឆ្នោតប្តូរៗ។ មិនតែប៉ុណ្ណោះ បក្សសង្គ្រោះជាតិបានធ្វើឱ្យ​បាត់បង់នូវជំនឿ​ចំពោះរដ្ឋអំណាច និងការបន្សាបអំណាចរបស់រដ្ឋអំណាច តាមរយៈការញុះញង់បំផុស​ឱ្យប្រជាពលរដ្ឋលែងគោរពរដ្ឋអំណាច និងលែងគោរពច្បាប់។ ការចោទប្រកាន់លាបពណ៌ជាប្រចាំថា រដ្ឋអំណាចជារដ្ឋអំណាចផ្តាច់ការ ឬអ្នកដឹកនាំជាជនផ្តាច់ការ គឺជាឧបាយកល ដើម្បីធ្វើឱ្យចុះខ្សោយនូវ​អំណាចរបស់រដ្ឋ ហើយ ជាមួយគ្នានេះ បញ្ឆេះកំហឹង និងបំផុសការស្អប់ខ្ពើមចំពោះរដ្ឋអំណាច​តាមរយៈការចោទប្រកាន់លាបពណ៌ បំភ្លៃ និងបំប៉ោង ហេតុការណ៍នៃការធ្វើបាបរាស្ត្រការគាប់សង្កត់រាស្ត្រ ការបិទសិទ្ធិសេរីភាពជាដើម។

ជារួម កញ្ញាជាទាយាទអាយ៉ងនយោបាយ កឹម សុខា ត្រូវទទួលស្គាល់ថា បដិវត្តន៍ ពណ៌ដែលធ្លាប់តែ​ឮនៅ​ពិភពអារ៉ាប់ ពិតជាបានកើតមាននៅកម្ពុជាដែលមានបក្សប្រ ឆាំងជាកូនអុកនយោបាយ ស្ថិតក្រោមបញ្ជា​របស់អាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ប៉ុន្តែត្រូវបានបរាជ័យ ដោយគ្មានការចូលរួមពី​មន្ត្រីរាជការ កម្លាំង ប្រដាប់អាវុធ និងប្រជាពលរដ្ឋ ព្រោះថាពួកគេមិនឆោតល្ងង់ទៀតទេ គឺពួកគាត់ត្រូវការ សន្តិភាព និងការអភិវឌ្ឍដែលមានសព្វថ្ងៃ មិនមែនបដិវត្តន៍ពណ៌ពោរពេញទៅដោយ សោកនាដកម្មឡើយ។ ការរៀបចំបដិវត្តន៍ពណ៌នៅកម្ពុជាត្រូវបានគេមើលឃើញថាជា មហិច្ឆតារបស់អាមេរិក ប៉ុនប៉ងផ្តួលរំលំ​រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជន កម្ពុជាក្នុងយុទ្ធសាស្ត្រពង្រីកឥទ្ធិពល​ភូមិសាស្ត្រនយោបាយ​និងសេដ្ឋកិច្ចនៅកម្ពុជា។ ទាំង អស់នេះគឺល្មមនឹងអាចពន្យល់តបទៅនឹងភាពល្ងង់ធ្វើចេះរបស់កញ្ញាបានហើយ។

បើមិនចាប់ខ្លួនមេបក្សក្បត់ជាតិ និងការរំលាយបក្សសង្គ្រោះជាតិឱ្យបានទាន់ពេលវេលាទេ នោះលទ្ធភាព​នៃការផ្ទុះ​បដិវត្តន៍ពណ៌​គឺពិតជានឹងអាចមានចៀសមិនរួច ហើយសង្គ្រាម និងអស្ថរភាពនយោបាយនឹងកើតមាន ពីព្រោះថាក្រុមបក្ស ប្រឆាំងបានកំណត់យកឆ្នាំ ២០១៨ គឺជាទឹកផ្តាច់ព្រ័ត្រនៃផែនការបដិវត្តន៍ពណ៌។ ដូច្នេះរាជរដ្ឋាភិបាលមានភាពចាំ បាច់ទោះក្នុងតម្លៃណាក៏ដោយត្រូវតែ​កម្ចាត់គម្រោងការបដិវត្តន៍ពណ៌នេះ និងត្រូវចាប់ ខ្លួនមេក្លោងនៃបដិវត្តន៍យកមកផ្តន្ទាទោស និងរំលាយគណបក្សនេះចោលតាមច្បាប់។

ទី២៖ ចំពោះកញ្ញា អូលិវៀ អីណូស (Olivia Enos) អ្នកវិភាគផ្នែកនយោបាយរបស់ វិទ្យាស្ថានសិក្សាអាស៊ី​នៃមូលនិធិកេរតំណែល៖ កញ្ញាបានព្យាយាមក្នុងការលើកនូវរាល់ ចំណុចអវិជ្ជមានទាំងឡាយដើម្បីបង្ហាញថា រាជរដ្ឋាភិបាលនៃប្រទេសខ្ញុំគ្មានធម៌មេត្តាចំ ពោះជនក្បត់ជាតិ ដូចជា កឹម សុខា និងការចាត់វិធានការទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពនៃផែនការបដិវត្តន៍ពណ៌សម្ងាត់ថា គឺជាការលុបបំបាត់សំឡេងបក្សប្រឆាំង ខណៈដែលការបោះឆ្នោតខិតជិតមកដល់ នៅឆ្នាំ២០១៨ ខាងមុខទៅវិញ។ តើប្រទេសណាមួយដែលទុកឱ្យក្រុមជនក្បត់ជាតិបំផ្លាញសេចក្តីសុខប្រជាជនទេ? សូម្បីអាមេរិកក៏ បាននិងកំពុងស្វែងរកក្រុមជនក្បត់ជាតិ ដែលគេបានចោទប្រកាន់ថា ឃុបឃិតជាមួយរុស្សីក្នុង​ការបោះឆ្នោត​ប្រធានាធិបតីកាលពីខែកញ្ញា ឆ្នាំ ២០១៦ កន្លងទៅដែរ។

កញ្ញាបាននិយាយបំផ្លើសប្រាប់សមាជិកសភាថា កម្ពុជាបានបង្ក្រាបអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន ដោយកញ្ញាមិនបានខ្វល់ទៅនឹង ការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ដែលជា​រដ្ឋឯករាជ្យ និងអធិបតេយ្យមួយឡើយ។ កញ្ញាកំពុងការពារទាំងងងើល និងលើកទឹកចិត្តឱ្យអង្គការទាំងនោះ​អនុវត្តការងារទាំង​គ្មានច្បាប់និងបានប្រព្រឹត្តល្មើស​ច្បាប់នៅកម្ពុជាឬថាធ្វើសកម្មភាពស្រេចតែនឹងចិត្តខ្លួនឯង ដោយមិនចាំបាច់សុំច្បាប់អនុញ្ញាតពីម្ចាស់​ប្រទេស? តើប្រទេសកញ្ញាមានប្រពៃណីគេចពន្ធអីចឹងទេបានជា កញ្ញាលើកទឹកចិត្តឱ្យក្រុមហ៊ុនឯកជន ដែលគ្រប់គ្រងកាសែតមួយ រកស៊ីធ្វើមានធ្វើបានសម្រាប់ក្រុមគ្រួសារខ្លួន តែបែរមិនបង់ពន្ធជូនប្រទេសខ្ញុំហើយឱ្យក្រុមហ៊ុននោះប្រតិបត្តិអាជីវកម្មរបស់ខ្លួន ដោយបំពានច្បាប់ពន្ធដារ​កម្ពុជា ខណៈប្រព័ន្ផ្សព្វផ្សាយផ្សេងទៀតបានបង់ពន្ធត្រឹមត្រូវតាមច្បាប់។

តើនៅក្នុងប្រទេសលោកលោកស្រី ពលរដ្ឋម្នាក់ៗ និងក្រុមហ៊ុននីមួយអាចគេចមិនបង់ពន្ធជូនរដ្ឋបានទេ? បើមិនបានទេ ក៏មិនមែនជារឿងចំឡែកនៅកម្ពុជា ដែលតម្រូវឱ្យអង្គការសង្គមស៊ីវិល និងសារព័ត៌មាន​ទាំងនោះគោរច្បាប់កម្ពុជា? ឬនៅក្នុងក្រសែភ្នែករបស់កញ្ញា មានបុរេវិនិច្ឆ័យរួចជាស្រេចទៅហើយថាកម្ពុជា គឺអាក្រក់បំផុត ហើយមេដឹកនាំរាជរដ្ឋាភិបាលនៃប្រទេសខ្ញុំធ្វើអ្វីមិន ត្រូវឡើយគឺខុសរហូតទោះជាកិច្ច​ខិតខំប្រឹងប្រែង ការពារសន្តិភាព និងការអភិវឌ្ឍ កសាងសមិទ្ធផលសម្រាប់ជាតិ និងប្រជាជនកម្ពុជា​យ៉ាងច្រើនក៏ដោយ។ លើសពីនេះកញ្ញា បានព្យាយាមស្នើឱ្យអាមេរិកជួយ​ប្រស់កិច្ចព្រមព្រៀង​សន្តិភាព ទីក្រុងប៉ារីសឱ្យរស់ឡើងវិញ។ នេះគ្រាន់តែជាការបន្ទរតាមការលើកឡើងរបស់ បក្សប្រឆាំងក្រៅច្បាប់ប៉ុណ្ណោះ។

តើកញ្ញាមិនដឹង ឬក៏ដឹងប៉ុន្តែធ្វើជាមិនដឹងថា គោលការណ៍ទាំងឡាយ ដែលមានចែងក្នុងកិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ចូលអស់ទៅហើយ នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា អនុម័តនៅឆ្នាំ ១៩៩៣។ រដ្ឋធម្មនុញ្ញនេះ ក៏ត្រូវបានចូលរួមតាក់តែងពីអតីត​សមាជិកនៃបក្សប្រឆាំងស្របច្បាប់មួយចំនួន នៅក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច បក្សរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរ និងគណបក្សម៉ូលីណាកា និងអ្នកតស៊ូខ្មែរដើម្បីសេរីភាពរួចរាល់ដែរ។ ក្នុងនាមជាជនបរទេស កញ្ញាបានព្យាយាមយ៉ាងខ្លាំង ក្នុងការញុះញង់ឱ្យអាមេរិកដាក់សម្ពាធសព្វបែបយ៉ាងមកលើរាជរដ្ឋាភិបាលខ្មែរ ដើម្បីជួយដោះសារឱ្យ កឹម សុខា ដែលបានសារភាពដោយផ្ទាល់មាត់ថាខ្លួនបានទទួលនូវជំនួយពីអាមេរិកដើម្បីផ្លាស់ប្តូររបបនៅកម្ពុជា ដោយមានការជួយគាំទ្រពីអាមេរិក និងជាជនក្បត់ជាតិដែល បានឃុបឃិតជាមួយដើម្បីបំផ្លាញខ្មែរ។ ក្រោមលេសការអនុវត្តសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យក្នុងរូបភាពការបោះឆ្នោត ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌កញ្ញាបានស្នើឱ្យអាមេរិកដាក់សម្ពាធនយោបាយ និងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងកម្ពុជា។ មិនតែប៉ុណ្ណោះ កញ្ញាបានទាមទារឱ្យអាមេរិកដាក់សម្ពាធកាន់តែខ្លាំង ប្រឆាំងកម្ពុជាដើម្បីឱ្យដោះលែង កឹម សុខា ដោយគ្មានលក្ខខណ្ឌ។

តើកញ្ញាមានបានគិតទេថាអ្វីដែលកញ្ញាបានស្នើឡើងដើម្បីឱ្យជនក្បត់ជាតិម្នាក់រួចពីបទឧក្រិដ្ឋរបស់ខ្លួនដោយ មិនឆ្លងកាត់ការជំនុំជម្រះក្តី តាមនីតិវិធីច្បាប់ត្រឹមត្រូវ។ តើប្រទេសកញ្ញាអនុវត្តដូច្នេះឬ? កញ្ញា កំពុងតែលើកតម្កើងនូវវប្បធម៌និទណ្ឌភាព និងដើរបញ្ច្រាសទិសនីតិរដ្ឋ ខណៈបទក្បត់ជាតិដូចជា កឹម សុខា ត្រូវបានចោទប្រកាន់នេះ អាចត្រូវប្រឈមមុខនឹងការផ្តន្ទាទោសធ្ងន់ធ្ងរបំផុត និងមិនអាចអត់ឱនឱ្យបានឡើយ ប្រសិនបើតុលាការរកឃើញថាមានពិរុទ្ធភាព។ ដូច្នេះអ្វីដែលកញ្ញាធ្វើសក្ខីកម្មនេះ គ្រាន់តែដើម្បីបម្រើផល​ប្រយោជន៍​ក្រុមបក្សប្រឆាំងក្រៅច្បាប់ និងដាក់បន្ទុកប្រឆាំងនឹងរដ្ឋាភិបាលនៃជាតិខ្មែររបស់ខ្ញុំតែប៉ុណ្ណោះ។ នេះគឺជាអាជីពរបស់ជនបរទេសមួយចំនួនដែលតាំងខ្លួនជាអ្នកវិភាគនយោបាយទាក់ទងនឹងកម្ពុជា ប៉ុន្តែបានត្រឹមតែស្រង់ខ្លឹមសារតាមប្រព័ន្ធផ្សព្វផ្សាយប៉ុន្តែមិនបានសិក្សាឱ្យស៊ីជម្រៅអំពីបរិបទប្រវត្តិសាស្ត្រ ផ្នត់គំនិត និងវប្បធម៌ប្រពៃណី និងរបៀបរបបនៃការគិត និងគ្រប់គ្រងរបស់ប្រជាជនកម្ពុជា។ ដោយសារតែ​មិនយល់ច្បាស់ពីប្រទេសកម្ពុជាឱ្យបានច្បាស់ នេះហើយដែលធ្វើឱ្យកញ្ញាក្លាយ​ជាឧបករណ៍របស់​ក្រុមបក្ស​ប្រឆាំង​ប្រើប្រាស់ ដើម្បីផ្តល់តម្លៃលើសំឡេងបំភ្លៃរបស់គេ។ កញ្ញាគឺជាអ្នកត្រូវបានគេបោកប្រាស់បន្តក្នុងល្បែងនយោបាយ និងបដិវត្តន៍ពណ៌ជាដំណាក់កាលៗ។

ទី៣៖ ចំពោះលោក ខេននិត វ៉លឡាក់ (Kenneth Wallack) ប្រធានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ៖ អ្វីដែលលោកលើក​ឡើងនៅចំពោះមុខគណៈកម្មាធិការកិច្ចការ បរទេស គឺពោរពេញទៅដោយគំនុំ​សងសឹក​ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំ នៃប្រទេសខ្ញុំដែលបានចាត់វិធានការប្រឆាំង​នឹងវិទ្យាស្ថានជាតិ​ប្រជាធិបតេយ្យ​ដែលបានបំពេញការងារនៅកម្ពុជាច្រើនឆ្នាំដោយគ្មានច្បាប់អនុញ្ញាតនិងថែមទាំងបានដើរ​​តួនាទី យ៉ាងសកម្មក្នុងការជួយអតីតបក្សសង្គ្រោះជាតិត្រៀមឡើងកាន់អំណាចមិនតាមប្រជាធិ បតេយ្យដោយ​បានរៀបចំកម្មវិធីនយោបាយ យុទ្ធសាស្ត្រផ្សព្វផ្សាយ និងផែនការដើម្បី ឡើងក្តោបក្តាប់អំណាច ដោយប្រកាស​អំពីការឈ្នះ​ការឆ្នោតមុនការប្រកួត និងត្រៀមសារញុះញង់ប្រជាពលរដ្ឋតវ៉ាតាមដងផ្លូវប្រសិនបើ​បក្សប្រឆាំង​មិន​​ទទួលបានជ័យជម្នះ។

ទង្វើជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជានិងការឃុបឃិតជាមួយបក្សប្រឆាំងប៉ុនប៉ងបង្កនូវវិនាសសកម្មសម្រាប់ប្រជាជនកម្ពុជានេះគឺស័ក្តិសមនឹង រាជរដ្ឋាភិបាលកម្ពុជាសម្រេចឱ្យ អង្គការនេះបិទទ្វារនិងបានបណ្តេញបុគ្គល​នៃអង្គការនេះចេញពីកម្ពុជាក្នុងរយៈពេល ៧ ថ្ងៃ។ ពេលនេះ គឺជាវេលាដែលត្រូវសងសឹកព្រោះថា ការសួរដេញ​ដោលនៅចំពោះមុខ សមាជិកសភាអាមេរិកបានផ្តល់ឱកាសដល់តំណាង NDI ធ្វើការសងសឹកដោយបំភ្លៃការ ពិតនិងបំប៉ោងស្ថានការណ៍ដោយ គ្មានអៀនខ្មាស និងធ្វើនយោបាយូបនីយកម្មលើរឿង រ៉ាវទាំងឡាយ​ដើម្បីមួល​​បង្កាច់ និងទម្លាក់កំហុសទាំងអយុត្តិធម៌មកលើមេដឹកនាំនៃមាតុភូមិរបស់ខ្ញុំ។ វាពិតជាមានភាពងាយស្រួលណាស់សម្រាប់ជនបរទេសដូចលោកក្នុង ការលាបពណ៌ប្រទេសខ្ញុំ​ពីជនរង​គ្រោះ​នៃការជ្រៀតជ្រែករបស់អស់លោកមកជាជនដៃ ដល់និងជាសត្រូវនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ព្រោះទាំងអ្នកធ្វើសក្ខីកម្ម និងអ្នកស្តាប់សក្ខីកម្មសុទ្ធតែជាជនបរទេស ហើយធ្វើការបម្រើឱ្យផលប្រយោជន៍ អាមេរិករួមតែ មួយដោយយកលេសលិទ្ធប្រជាធិបតេយ្យ និងសិទ្ធិមនុស្សមកបិទ​បាំងគឺលោក​​ លោកស្រីធ្វើមិន​មែនសម្រាប់ផលប្រយោជន៍ខ្មែរឡើយ។

លោកលើកឡើងថានៅពេលដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោល បានធ្វើឱ្យកម្ពុជាប្រែក្លាយ​ទៅជា​ប្រទេសដែលមានបក្សតែមួយ។ តើមុននឹងលោកលើក ឡើងទាំងងងឹតងងុលនេះលោក​មានបានអាន​រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឬនៅថាតើរដ្ឋសភានៃប្រទេសខ្ញុំមាន បានកែរដ្ឋធម្មនុញ្ញថា កម្ពុជាប្រកាន់របបឯកបក្សទេ បើរដ្ឋធម្មនុញ្ញនៃប្រទេសខ្ញុំនៅតែចែង​ថាកម្ពុជាប្រកាន់របបនយោបាយ​ប្រជាធិបតេយ្យ សេរី ពហុបក្សទេ សូមលោកកុំព្យាយាមលាបពណ៌ប្រទេសខ្ញុំឱ្យទៅជាប្រទេសបក្សតែ១ ធ្វើអ្វីខ្មាសកូនខ្មែរ និងខ្មាសអ្នកសិក្សាស្រាវជ្រាវផ្សេងទៀត។ កម្ពុជាមានគណបក្សជាច្រើន ដែលបានបង្កើត​ឡើងនិងចូលរួមការបោះឆ្នោត ហើយក៏មានគណបក្សច្រើនមានតំណាងនៅក្នុងរដ្ឋសភាដែរ។ ក្រោយពីតុលាការកំពូលសម្រេចរំលាយបក្សសង្គ្រោះជាតិ រដ្ឋសភានៃប្រទេសខ្ញុំមានគណបក្សរហូតដល់ ៤ បក្សបន្ទាប់ដែលនេះបានធ្វើឱ្យគោល ការណ៍លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្សកាន់តែដំណើរ​ការល្អជាង​ពេល​មានគណបក្ស សង្គ្រោះជាតិដែលអស់លោកគាំទ្រទៀត។

ប្រជាធិបតេយ្យមានចាប់តាំងពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិដែលសមាជិកសភា សមាជិកក្រុមប្រឹក្សាឃុំ ស្រុកខណ្ឌ ខេត្តរាជធានីបានបំពេញការងារយ៉ាងសកម្ម បម្រើរាស្ត្រម្ចាស់ឆ្នោតពួកគាត់ ជាងអតីតបក្សប្រឆាំង ដែលពេលបានសំឡេងគាំទ្រ ហើយបានតែដើរអុកឡុកបង្កចលាចលសង្គម និងបានឃុបឃិតជាមួយបរទេស ដើម្បីធ្វើបដិវត្តន៍ពណ៌ដឹកនាំប្រទេស តាមរបៀប មិនប្រជាធិបតេយ្យ។ ទង្វើផ្ទុយពីលទ្ធិប្រជាធិបតេយ្យរបស់អ្នកនយោបាយទាំងនេះ ទំនងចេះមកពីការបង្ហាត់បង្រៀនរបស់វិទ្យាស្ថាន (NDI) របស់លោកផ្ទាល់ផងក៏មិនដឹង? លោកក៏ថែមទាំងលើកឡើងថាកម្ពុជាគ្មានសេរីភាពសារព័ត៌មាន ប៉ុន្តែលោក ក៏មិនបានលើកឡើងពី សេរីភាពហៀរកែងនៅកម្ពុជាដែលក្រុមអ្នកនយោបាយ​បក្សប្រឆាំង​ក្រៅ​ច្បាប់ និងអង្គការសង្គមស៊ីវិលមាន និងបានជេរប្រមាថថ្នាក់ដឹកនាំប្រទេស រួមទាំងប្រមាថ​ព្រះចេស្តា​ព្រះមហាក្សត្រជាទីគោរពសក្ការៈនៃប្រជាជនកម្ពុជាទាំងអស់ទៀតផង។ សកម្មជននៃ បក្សប្រឆាំងក្រៅច្បាប់ នៅក្នុងនិងក្រៅប្រទេសបានបើកយុទ្ធនាការបំពុលព័ត៌ មានសព្វបែបយ៉ាងដើម្បីបង្កចលាចលសង្គម។ប៉ុន្តែសូម្បីមួយពាក្យក៏លោកមិនបាននឹកដល់ផង។ តើនេះ ឬជាវិទ្យាស្ដានជាតិប្រជាធិបតេយ្យស្អីគេនោះ? បើប្រសិទ្ធនាមថ្មីថាជាវិទ្យាស្ថាន រៀបចំយុទ្ធសាស្ត្របដវិត្តន៍ពណ៌ អាចត្រឹមត្រូវជាង ព្រោះអ្វីដែលវិទ្យាស្ដាន​លោកធ្វើសកម្មភាពគឺស្ថិតក្នុងគោលដៅខាងក្រោយសម្ងាត់មួយដែលក្រុមបក្សប្រឆាំងក្រៅច្បាប់ សង្គមស៊ីវិលមិនដែលដឹងគឺបម្រើផលប្រយោជន៍អាមេរិក។

អស់លោក លោកស្រី!

ជារួម លោក លោកស្រីទាំងបីរូបនេះ បាននិងកំពុងតែញុះញង់បរទេសឱ្យបំផ្លាញ ផលប្រយោជន៍កម្ពុជា។ លោកលោកស្រីជាពិសេស កឹម មនោវិទ្យាបានឱនក្បាលបម្រើ ផលប្រយោជន៍អាមេរិក​យ៉ាងពិតប្រាកដ​និងយកបូរណភាពជាតិ​ទៅឱ្យជនបរទេសជាន់ឈ្លីដើម្បី​ផលប្រយោជន៍​គ្រួសារ និងបក្ខពួកខ្លួន។ លោកលោកស្រីបានស្នើឱ្យអាមេរិក ដាក់សម្ពាធនយោបាយ សេដ្ឋកិច្ច និងវិធានការប្រឆាំង​ នឹងមន្ត្រីកម្ពុជា​ជាដើម រួមនឹងការ ញុះញង់ឱ្យបរទេសឈប់ទិញទំនិញពីកម្ពុជា និងឈប់វិនិយោគឈប់ផ្តល់ជំនួយ​ដល់ខ្មែរ។ ក្នុងនាមពលរដ្ឋខ្មែរ ខ្ញុំសូមស្នើសុំរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចចាត់ ទុកវិធានការមួយចំនួន៖

ក៖ ជនទាំងបីរូបនេះជាបុគ្គលដែលមិនគួរត្រូវស្វាគមន៍មកលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងបង្កកទ្រព្យ​សម្បត្តិដែល កឹម មនោវិទ្យា និងក្រុមគ្រួសារជនក្បត់ជាតិនេះមាននៅកម្ពុជា។

ខ៖ សូមចាត់វិធានការតាមច្បាប់ចំពោះអ្នកនយោបាយ ដែលត្រូវដកសិទ្ធិមិនឱ្យធ្វើនយោបាយ ៥ ឆ្នាំក្នុងករណី​ដែលក្រុមបក្សប្រឆាំង​ក្រៅច្បាប់នេះនៅតែបន្តយករចនាសម្ព័ន្ធបក្ស និងឈ្មោះបក្សសង្គ្រោះជាតិ​ទៅប្រើប្រាស់​បន្តដូចសព្វថ្ងៃនេះទៀត ផ្ទុយពីច្បាប់ស្តីពី​គណបក្សនយោបាយ។

ពិតជាគួរឱ្យស្តាយដែលកម្ពុជាមានមនុស្សក្បត់ជាតិដូចកឹម សុខា កូនស្រី សម រង្ស៊ី ប៉ុន្តែឥឡូវកម្ពុជាបានសុខ​ហើយព្រោះអង្គការ​ចាត់តាំងបដិវត្តន៍ពណ៌ ត្រូវបានកម្ទេចទាំងស្រុងទាំង ក្បាល ទាំងដងខ្លួន និងជើងក្រោម ប៉ុន្តែជាតិនិងប្រជាជនកម្ពុជាត្រូវបន្តតស៊ូ ប្រយុទ្ធទប់ទល់នឹងចៅហ្វាយនាយរបស់ក្រុម​ជនក្បត់ជាតិទាំង​នេះ​ដែល​បាននិងកំពុងតែ ចាត់វិធានការសងសឹកកម្ពុជាជំនួស​អាយ៉ងនយោបាយដាច់ថ្លៃរបស់ពួកគេ។ កម្ពុជាពិត ជាមិនភ្ញាក់ផ្អើលឡើយចំពោះចំណាត់ការដ៏អយុត្តិធម៌ទាំងឡាយដែលកើតចេញពីការ ញុះញង់របស់ក្រុម​បក្សប្រឆាំងក្រៅច្បាប់ ហើយក៏បានត្រៀមរួចជាស្រេចផងដែរ។ ប៉ុន្តែ កម្ពុជាក៏ចងចាំផងដែរថាក្នុងប្រទេស​ខ្លួន​មានក្រុមអ្នកក្បត់ជាតិតជំនាន់ ហើយអ្វីៗដែល ជាផលវិបាកកើតចេញពីសម្ពាធនយោបាយ និងសេដ្ឋកិច្ច​សម្រាប់​ជាតិ និងប្រជាជនកម្ពុជានាពេលខាងមុខគឺជាការទទួលខុសត្រូវទាំងស្រុងរបស់​ក្រុមជនក្បត់ជាតិ​នៃបក្ស ប្រឆាំងក្រៅច្បាប់ និងចៅហ្វាយនាយបរទេសរបស់ពួកគេ។ សូមសុខសន្តិភាព និងការអភិវឌ្ឍមាន​ចំពោះកម្ពុជាជាដរាប ហើយក្រុមជនក្បត់ជាតិសូមវិនាសខ្ចាត់ខ្ចាយ បរាជ័យជារៀងតទៅ៕

ធ្វើនៅរាជធានី ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៧












No comments:

Post a Comment