Friday, December 15, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវកុំឱ្យពលរដ្ឋក្នុងស្រុកចាញ់បោកតាមការញុះញង់របស់អ្នកខាងក្រៅ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ជូនជនរួមជាតិទាំងអស់កុំចាញ់បោកតាមការញុះញង់របស់អ្នកនៅក្រៅប្រទេសដែលបានលើកឡើងថានឹងស្នើសុំឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់សម្ពាធមកលើកម្ពុជាឱ្យសោះ។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលផ្តល់កិត្តិយសប្រគល់ប្រាក់រង្វាន់រាជរដ្ឋាភិបាល ជូនកីឡាករ កីឡាការិនី ដែលបានឈ្នះមេដាយមាសក្នុងការប្រកួត SEA Games លើកទី២៩ និងការប្រកួតជើងឯកគ្រប់កម្រិតជាលក្ខណៈអន្តរជាតិ កន្លងទៅថ្មីៗនេះ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

ការឆ្លើយតបរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី និងថ្នាក់ដឹកនាំបក្សប្រឆាំងក្រៅច្បាប់ បានកំពុងធ្វើសកម្មភាពនានា ដើម្បីស្វែងរកការអន្តរាគម ន៍ពីសហគមន៍អន្តរជាតិ ដើម្បីជួយឱ្យមានការដោះលែង លោក កឹម សុខា ហើយអនុញ្ញាតឱ្យ គណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកំពូលកាត់ទោសរំលាយ ពាក់ព័ន្ធនឹងអំពើក្បត់ជាតិនោះ អាចបើកដំណើរការឡើងវិញដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨ខាងមុខ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅក្នុងក្រុមប្រឹក្សាសន្តិសុខមានសមាជិកអចិន្រ្តៃយ៍ចំនួន៥ប្រទេស ដែលរួមមានចិន រុស្ស៊ី បារាំង អាមេរិក និងអង់គ្លេស បើក្នុងចំណោម៥នោះ មានតែប្រទេសមួយណា «វេតូ» គឺចប់។ លោកបានផ្តាំទៅប្រជាពលរដ្ឋនៅក្នុងស្រុក ដែលចាញ់បោកអ្នកពីខាងក្រៅ ត្រូវសិក្សារៀនសូត្រឱ្យដឹងអំពីរចនាសម្ព័ន្ធរបស់អង្គការសហប្រជាជាតិសិនដើម្បីកុំឱ្យជឿតាមការបំភ្លៃរបស់ជនទាំងអស់នោះ។ លោកបានបន្ថែមថា សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ គ្មានន័យចាប់បង្ខំសម្រាប់ការអនុវត្តទេ ផ្ទុយទៅវិញសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ មានន័យចាប់បង្ខំឱ្យមានការអនុវត្ត។ ជាក់ស្តែង សភាអាមេរិក ក៏មិនមែនមានន័យឱ្យរដ្ឋាភិបាលត្រាំ អនុវត្តន៍ដែរ ការអនុវត្តដោយសភាអឺរ៉ុប ក៏មិនមានលក្ខណៈចាប់បង្ខំឱ្យស្នងការអឺរ៉ុប សភាអឺរ៉ុប អនុវត្តន៍នោះទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្តាំទៅក្រុមបក្សប្រឆាំង ដែលត្រូវបានរំលាយ និងផ្អាកសកម្មភាពនយោបាយ ហើយកំពុងរកការអន្តរាគមន៍ពីបរទេសនោះថា កម្ពុជាពីអតីតកាលត្រូវគេហ៊ុព័ទ្ធសេដ្ឋកិច្ចយ៉ាងខ្លាំងនៅតែអាចរស់បាន រឿងអីដែលត្រូវព្រួយបារម្ភសម្រាប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច សម្រាប់ស្ថានភាពប្រទេសដូចពេលបច្ចុប្បន្ននោះ៕



No comments:

Post a Comment