Friday, December 15, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា សន្តិភាព និងសន្តិសុខក្នុងប្រទេសនិងក្នុងតំបន់គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា សន្តិភាព និងសន្តិសុខក្នុងប្រទេស និងក្នុងតំបន់ គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ដូច្នេះការកសាង និងថែរក្សាឱ្យខាងតែបា​ននូវសន្តិភាព និងសន្តិសុខគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ លើកទី១២ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រនៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា និងការរក្សាបាននូវសន្តិភាព និងសន្តិសុខសង្គមទូទាំងប្រទេស បានធ្វើឱ្យកម្ពុជាទទួលបាននូវកាលានុវត្តភាពថ្មីពុំធ្លាប់មាន សម្រាប់ការកែទម្រង់ទូលំទូលាយមួយ ព្រមទាំងទទួលបាននូវទំនុកចិត្តខ្ពស់ពីធុរជន និងវិនិយោគិនទាំងក្នុងនិងក្រៅប្រទេសដែលជាឱកាសធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនក្នុងកំណើនជាមធ្យម ៧,៧% ក្នុងមួយឆ្នាំក្នុងរយៈពេល២០ឆ្នាំកន្លងទៅ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា ដោយសារការរក្សាបាននូវសន្តិភាព សន្តិសុខសង្គម និងស្ថានភាពសេដ្ឋកិច្ច និងនយោបាយល្អ គ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជាមានឱកាសបំពេញតួនាទីរបស់ខ្លួនបានល្អប្រសើរក្នុងការបម្រើសេវាសាធារណៈជូនពាណិជ្ជករ អាជីវករក្នុងនោះ ក្រសួងពាណិជ្ជកម្មបានធ្វើប្រតិភូកម្មការងារចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញដល់មន្ទីរពាណិជ្ជកម្មនៅតាមបណ្តាខេត្តជាប់ព្រំដែន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់នូវកម្លាំងចលករសំខាន់ចំនួន៤ដែលកំពុងតែជំរុញកំណើនសេដ្ឋកិច្ច រួមមាន៖ ទី១- វិស័យកាត់ដេរសម្លៀកបំពាក់ វាយនភណ្ឌ និងស្បែក ជើង ទី២- វិស័យសំណង់ ទី៣-វិស័យទេសចរណ៍ និងទី៤- វិស័យកសិក​ម្ម។ ដើម្បីជំរុញវិស័យទាំងបួនខាងលើកាន់តែមានការរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យប្រើប្រាស់គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥ -២០២៥ សំដៅរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងដើម្បីប្រែក្លាយកម្ពុជាបច្ចុប្បន្នពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបឱ្យទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេចបានគោលដៅជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕






No comments:

Post a Comment