Friday, December 15, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ លើកទី១២

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧នេះ បានអញ្ជើញជាអធិបតី ក្នុងពិធី បើកសម្ពោធពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ត១ ផលិតផល១ លើកទី១២ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។

ពិព័រណ៍ផលិតផលនាំចេញ-នាំចូល និងខេត្ដ១ ផលិតផល១ កម្ពុជាលើកទី១២ ឆ្នាំ២០១៧ ត្រូវបានរៀបចំឡើងដោយមានការគាំទ្រ និងការចូលរួមយ៉ាងសកម្មពីបណ្ដាប្រទេសក្នុងតំបន់ រួមមាន៖ ប្រទេសថៃ ចិន កូរ៉េខាងត្បូង ជប៉ុន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ឡាវ និងមីយ៉ាន់ម៉ា ព្រមទាំងមន្ទីរពាណិជ្ជកម្មទាំង២៥ រាជធានី-ខេត្ត អង្គការ សមាគម ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនក្រៅស្រុក ដែលកំពុងប្រតិបត្តិការនៅកម្ពុជា សរុបចំនួន ១៩៨ក្រុមហ៊ុន មានស្ដង់សរុបចំនួន ២៨៦ស្ដង់។

នៅក្នុងពិធីពិព័រណ៍ផលិតផលនេះដែរ ក៏មានផលិតផល និងសេវាជាច្រើនប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្ដិការណ៍ពាណិជ្ជកម្មនេះ រួមមាន៖ ផលិតផលកសិកម្ម ផលិតផលសិប្បកម្ម ផលិតផលធ្វើពីសូត្រ អង្ករ វត្ថុអនុស្សាវរីយ៍ សម្ភារការិយាល័យ ក្រណាត់ វាយនភណ្ឌ និងសម្លៀកបំពាក់ ប្រដាប់ប្រដាប្រើប្រាស់ប្រចាំថ្ងៃ ផលិតផលសម្រាប់តុបតែង ក្នុងគេហដ្ឋាន គ្រឿងអលង្ការ និងត្បូងថ្មមានតម្លៃ ផលិតផលឱសថ និងគ្រឿងសម្អាង ម្ហូបអាហារកែច្នៃ គ្រឿងឧបភោគ-បរិភោគ ភេសជ្ជៈ ផលិតផលបា្លស្ទីក គ្រឿងអេឡិចត្រូនិក កុំព្យូទ័រ គ្រឿងសង្ហារិម សម្ភារៈសំណង់ ផលិតផលបម្រើឱ្យសេវាសណ្ឋាគារ សេវាទេសចរណ៍ សេវាអប់រំ និងសេវាធនាគារ។

ជាមួយនឹងការដាក់តាំងបង្ហាញទំនិញនាំចេញ-នាំចូល និងទំនិញសក្ដានុពលដ៏សម្បូរបែប ដែលយកមកពីបណ្ដាខេត្តទូទាំងប្រទេសកម្ពុជា ព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏សំខាន់នេះ ក៏មានរៀបចំនូវជំនួបពាណិជ្ជកម្ម វេទិកាវិនិយោគ សិក្ខាសាលា ពិធីចុះហត្ថលេខាលើគម្រោងវិនិយោគនានា និងការប្រគំតន្ត្រីនៅក្នុងបរិវេណមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីទាក់ទាញអ្នកទស្សនាពិព័រណ៍ និងមហាជនទូទៅក្នុងគោលបំណងធ្វើឲ្យព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ កាន់តែមានភាពទាក់ទាញផងដែរ៕







No comments:

Post a Comment