Friday, December 15, 2017

ការជួបពិភាក្សារបស់មេដឹកនាំចិន និងកូរ៉េខាងត្បូងសង្ឃឹមថា នឹងធ្វើឱ្យស្ថានភាពធូរស្រាល

ប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-In និងជួបពិភាក្សាជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្វែងរកការផ្សះផ្សាទំនាក់ទំនងដែលមានស្ថានភាពលំបាក ដោយសារតែកូរ៉េខាងត្បូងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រព័ន្ធមីស៊ីលអាមេរិក។

ការិយាល័យលោក Moon បាននិយាយថា គាត់សង្ឃឹមថា នឹងមានប្រក្រតីភាពចំណងទាក់ទងឡើងវិញ អំឡុងពេលដំណើរទស្សនកិច្ចនេះ ក្រោយពីចិនខឹងសម្បាជាមួយនឹងការបំពាក់ប្រព័ន្ធការពារមីស៊ីលនៅដើមឆ្នាំនេះ ដែលជាការការពារកូរ៉េខាងត្បូងពីការគំរាមកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។

ចិនមើលឃើញប្រព័ន្ធខែលការពារនេះ ជាការគំរាមសន្តិសុខខ្លួន ហើយក៏បានចាត់វិធានការណ៍ប្រឆាំងធុរកិច្ចកូរ៉េខាងត្បូង ថែមទាំងហាមឃាត់ដំណើរទេសចរណ៍ជាក្រុមទៅកាន់កូរ៉េខាងត្បូងផងដែរ ដែលទង្វើនេះត្រូវបានគេមើលឃើញថា ជាការសងសឹកបែបសេដ្ឋកិច្ច។

ជម្លោះការទូតបានកើតមានឡើង បន្ទាប់ពីក្រុមហ៊ុនផលិតសព្វាវុធកូរ៉េខាងត្បូងជាច្រើនបានផ្តល់ទីកន្លែងសម្រាប់ទទួលប្រព័ន្ធមីស៊ីលរបស់អាមេរិកដ៏ខ្លាំងនេះ។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ចិន លោក Moon ក៏នាំទៅជាមួយនូវប្រតិភូធុរកិច្ច រាប់បញ្ចូលទាំងនាយកប្រតិបត្តិមកពីក្រុមហ៊ុន Samsung ក្រុមហ៊ុយ Hyundai និងក្រុមហ៊ុន LG ផងដែរ ហើយនេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់គាត់ទៅកាន់ប្រទេសចិន ចាប់តាំងពីគាត់ចូលកាន់តំណែងកាលពីខែឧសភា មកម៉េ្លះ។

លោក Zhu Feng ជាសាស្ត្រាចារ្យសិក្សាផ្នែកអន្តរជាតិនៅសាកលវិទ្យាល័យប៉េកាំងនិយាយថា គ្រាន់តែដំណើរទស្សនកិច្ចនេះ ជាសញ្ញាដ៏សំខាន់រួចទៅហើយនៃប្រក្រតីកម្មសម្រាប់ទំនាក់ទំនងទ្វេភាគី។ លោក Zhu បាននិយាយថា ទំនាក់ទំនងសេដ្ឋកិច្ចកំពុងតែត្រឡប់មករកភាពដើមវិញ ប៉ុន្តែជាការសំខាន់នោះ គឺលោក Moon ត្រូវតែដកចេញប្រព័ន្ធការពារមីស៊ីលចេញពីបញ្ហាសេដ្ឋកិច្ច។

កាលពីខែមុខ ប្រទេសទាំងពីរនេះបានចេញសេចក្តីថ្លែងការណ៍ដែលមានពាក្យសម្តីដូចគ្នាបេះបិតស្តីពីគោលបំណងទៅវិញទៅមកក្នុងការធ្វើឱ្យប្រសើរនូវទំនាក់ទំនងទ្វេភាគីនេះ។

ពួកគេមិនបាននិយាយឱ្យបានចំៗណាមួយ ក៏ប៉ុន្តែចិនបានទាមទារឱ្យកូរ៉េខាងត្បូងសន្យាជាផ្លូវការដោយកុំរាយបណ្តាក់នូវប្រព័ន្ធការពារបាញ់មីស៊ីលណាបន្ថែមទៀត ហើយកុំឱ្យចូលរួមប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកនៅក្នុងតំបន់នេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lu Kang បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសទាំងពីរបានឈានដល់ការព្រមព្រៀងគ្នាមួយចំនួនទៅហើយស្តីពីប្រព័ន្ធការពារមីស៊ីលនេះ ។

លោក Lu បាននិយាយថា «យើងសង្ឃឹមថា បញ្ហានេះអាចបន្តដោះស្រាយដោយសមរម្យបាន ហើយភាគីទាំងសងខាងអាចនាំទំនាក់ទំនងចិន-កូរ៉េខាងត្បូងត្រឡប់ទៅរកផ្លូវល្អ និងការអភិវឌ្ឍដ៏រ៉ឹងមាំ»។

ចិនក៏បានទាមទារអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងដើម្បីផ្អាកសមយុទ្ធយោធារួមនៅក្នុងតំបន់នេះ ជាការដោះដូរសម្រាប់កូរ៉េខាងជើងដើម្បីបញ្ឈប់សកម្មភាពនុយក្លេអ៊ែររបស់ខ្លួន ក៏ប៉ុន្តែគំនិតនេះត្រូវបានអាមេរិក និងកូរ៉េខាងត្បូងបដិសេធ។

ដំណើរទស្សនកិច្ចរបស់លោក Moon ទៅកាន់ទីក្រុងប៉េកាំង បានកើតមានឡើងបន្ទាប់ពីរដ្ឋ មន្ត្រីការបរទេសអាមេរិក Rex Tillerson និយាយថា អាមេរិកបានត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយកូរ៉េខាងជើងដោយមិនមានលក្ខខណ្ឌជាមុន បើទោះបីជាអាមេរិកនៅតែប្តេជ្ញាចិត្តដើម្បីបង្ខំកូរ៉េខាងជើងឱ្យបោះបង់ចោលសព្វាវុធនុយក្លេអ៊ែរនេះក៏ដោយ។ ចិនបានដាក់សម្ពាធឱ្យមានការពិភាក្សាសម្រាប់ដំណោះស្រាយដោយសន្តិវិធី ចំពោះវិបត្តិនេះ៕

ប្រភព : AFP/Channel News Asia ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧


No comments:

Post a Comment