Thursday, December 07, 2017

លោក សុខ ឥសាន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មខ្លាំងៗចំពោះការអំពាវនាវឱ្យបរទេសដាក់សម្ពាធមកលើកម្ពុជាថា កម្ពុជាដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនដោយផ្អែកលើគោលការណ៍ប្រជាធិបតេយ្យ ផ្សាភ្ជាប់នឹងនីតិរដ្ឋដើម្បីសង្គមជាតិមានសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ។

ពាក់ព័ន្ធនឹងការអំពាវនាវឱ្យមានការដាក់លក្ខខណ្ឌណាមួយឱ្យមានការដោះលែងមេបក្សប្រឆាំង និងអនុញ្ញាតឱ្យបក្សប្រឆាំងបានធ្វើសកម្មភាពឡើងវិញនោះ លោក សុខ ឥសាន បានបញ្ជាក់ថាគឺ៖ ១- ជាការលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជាយ៉ាងច្បាស់ ២- ជាការរំលោភលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅកម្ពុជាទាំងកម្រោល និងរំលោភស្មារតីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ ១៩៩១ ៣- ជាការចាត់ទុកខ្លួនឯងជាមេអាណានិគមលើប្រទេសកម្ពុជា និង៤- ជាការផ្ទុយពីនយោបាយការបរទេសរបស់លោកប្រធានាធិបតីដែលអះអាងថាមិនលូកដៃចូលកិច្ចការផ្ទៃក្នុងបណ្តាប្រទេស។

លោក សុខ ឥសាន ក៏បានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ជំហរម៉ឺងម៉ាត់ រឹងមាំក្នុងការដើរតាមគន្លងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ក្នុងក្របខ័ណ្ឌនៃឯករាជ្យនិងអធិបតេយ្យជាតិកម្ពុជា ហើយចាត់ទុកការទាមទារ និងការដាក់កំហិតទាំងឡាយ ជាសិទ្ធិបញ្ចេញមតិនៅក្នុងសង្គមប្រជាធិបតេយ្យសេរីពហុបក្សប៉ុណ្ណោះ៕


No comments:

Post a Comment