Thursday, December 07, 2017

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ ជនពិការកាន់តែមានសមត្ថភាព ក្នុងការប្រកួតប្រជែងទីផ្សារពលកម្មដែលអាចរកប្រាក់ចំណូលប្រកបដោយឯករាជ្យម្ចាស់ការ

ក្នុងពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី១៩ និងទិវាជនពិការអន្តរជាតិលើកទី៣៩ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ជនពិការកាន់តែមានសមត្ថភាព ក្នុងការប្រកួតប្រជែងក្នុងទីផ្សារពលកម្ម ដែលអាចរកប្រាក់ចំណូលដើម្បីធានានិរន្តភាព ជីវភាពរស់នៅប្រកបដោយឯករាជ្យម្ចាស់ការ និងសេចក្តីថ្លៃថ្នូរ តាមរយៈកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងការបង្កើតមុខរបរ។

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បន្ថែមថា រាជរដ្ឋាភិបាលទទួលស្គាល់សិទ្ធិរបស់ជនពិការ ផ្ទាល់និងក្រុមគ្រួសារ ដោយបានផ្តល់ផ្ទះសម្បែងសមរម្យ សម្លៀកបំពាក់ ការកែលម្អនូវជីវភាពរស់នៅ ប្រចាំថ្ងៃដោយគ្មានការរើសអើង និងឈរលើមូលដ្ឋានពិការភាព។
បើតាមលោក ទៀ បាញ់ រាជរដ្ឋាភិបាលបានផ្ដល់ កម្មសិទ្ធិដីធ្លី ជូនយោធិនពិការនៅតំបន់អភិវឌ្ឍជនពិការ៣១៧ តាកែនកោះស្លា ខេត្តកំពត នៅស្រុកគូលែន ខេត្តសៀមរាប និងនៅភ្នំឆ័ត្រ ខេត្តបន្ទាយមានជ័យ សម្រាប់សាងសង់លំនៅឋាន និងធ្វើអាជីវកម្ម កសិកម្មជាលក្ខណៈគ្រួសារ ព្រមទាំងបានផ្តល់សេវា ស្តារលទ្ធភាពពលកម្មនៅសហគមន៍។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានឲ្យដឹងដែរថា បច្ចុប្បន្ននេះសិស្សពិការគ្រប់ប្រភេទ សរុបចំនួន២២,១៣៣នាក់ បាននឹងកំពុងរៀននៅគ្រប់កម្រិតសិក្សាដោយមិនមានការរើសអើង។ ក្រៅពីនេះសិស្សពិការភ្នែកនិងគ-ថ្លង់ ចំនួន១,៤៣៣នាក់ បាននឹងកំពុងសិក្សានៅ ថ្នាក់អប់រំពិសេស ថ្នាក់សមាហរណកម្ម ថ្នាក់អប់រំមូលដ្ឋាន ថ្នាក់អប់រំក្រៅប្រព័ន្ធនៃកម្មវិធីអភិវឌ្ឍ មនុស្សគ-ថ្លង់ អង្គការគ្រួសារថ្មី។ អក្សរស្ទាប និងភាសាសញ្ញាក៏ត្រូវបានធ្វើការអភិវឌ្ឍដាក់បញ្ចូល ទៅក្នុងកម្មវិធីសិក្សា នៃវិស័យអប់រំ។ អគារសិក្សាចំនួន៨,២០០ បានរៀបចំឲ្យមានជំរាលសម្រាប់សិស្សពិការទាំងនៅទីជនបទ និងនៅទីក្រុង ដែលជាការបង្កលក្ខណៈងាយស្រួល ដល់សិស្សពិការទទួលបានការសិក្សាអប់រំ រហូតដល់កម្រិតឧត្តមសិក្សា។
យុវជនពិការ ក៏ត្រូវបានលើកទឹកចិត្តឲ្យទៅចូលរួមប្រកួតប្រជែងជាសកល ជាមួយយុវជនពិការក្នុងតំបន់ និងក្នុងពិភពលោក ព្រមទាំងបាននាំមកនូវមេដាយ ដែលជាកិត្តិយសសម្រាប់ប្រទេសជាតិ និងសង្គមទាំងមូលទៀតផង។

តាមការបញ្ជាក់របស់ លោកឧបនាយករដ្ឋមន្រ្តី បានអោយដឹងថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកទល់ឆ្នាំ២០១៧នេះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជូនជនពិការកម្ពុជាទៅចូលរួមការប្រកួត ជាលក្ខណៈអន្តរជាតិ បានទទួលមេដៃ សរុបចំនួន១៥៩គ្រឿង ក្នុងនោះមានមេដៃមាសចំនួន២២គ្រឿង មេដៃប្រាក់៧៨គ្រឿង និងមេដៃសំរិទ្ធ៥៩គ្រឿង។
ចាប់តាំងពីឆ្នាំ២០១៣ រហូតមកទល់ឆ្នាំ២០១៦ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ក៏បានបញ្ជូនកុមារពិការសតិបញ្ញាកម្ពុជា ទៅចូលរួមការប្រកួតជាលក្ខណៈអន្តរជាតិ បានទទួលមេដៃសរុបចំនួន ៤១គ្រឿង ក្នុងនោះមានមេដៃមាសចំនួន៣គ្រឿង មេដៃប្រាក់៣៤គ្រឿង និងមេដៃសំរិទ្ធ៤គ្រឿង៕










No comments:

Post a Comment