Friday, October 20, 2017

កិច្ចប្រជុំថ្នាក់តំបន់ (អាស៊ី ប៉ាស៊ីហ្វិក និងការ៉ាបៀន) នៅខេត្តសៀមរាប ត្រូវបានបញ្ចប់

កិច្ចប្រជុំថ្នាក់តំបន់ (អាស៊ី ប៉ាស៊ីហ្វិក និងការាបៀន) សម្រាប់ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី១១ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានរៀបចំឡើង ចាប់តាំងពីថ្ងៃទី១៧ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ក្នុងរយៈពេល២ថ្ងៃកន្លះ ប្រតិភូមកពីបណ្តាប្រទេសនិយាយភាសាបារាំងមួយចំនួនដូចជា បារាំង បេណាំង កម្ពុជា វៀតណាម ហៃទី និងឡាវ ព្រមទាំងតំណាងរបស់អង្គការអន្តរជាតិនានា ប្រមាណ១០០នាក់ បានពិភាក្សា និងពិគ្រោះយោបល់អំពីកាលានុវត្តភាព បញ្ហាប្រឈម និងដំណោះស្រាយលើបញ្ហានានា រួមមាន៖ ការលើកស្ទួយផលិ តផលធ្វើពីកប្បាស និងជលផល ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងប្រព័ន្ធអនុគ្រោះពាណិ ជ្ជកម្មមិនកំណត់ពន្ធ និងបរិមាណ ដែលមិនទាន់បានដោះស្រាយ ក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីក្នុងក្របខណ្ឌ WTO កន្លងទៅ សម្រាប់ធ្វើការពិភាក្សាបន្តនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រី លើកទី១១ នាទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។
នៅក្នុងឱកាសនោះ លោក ឱក ប៊ុង បានថ្លែងថាកិច្ចប្រជុំនេះ បានអនុញ្ញាតិឱ្យប្រទេសចូលរួមទាំងអស់ បានស្វែងយល់នូវគោលជំហរប្រទេសអភិវឌ្ឍន៍ ព្រមទាំងក្តីកង្វល់ និងបញ្ហាប្រឈមនានាដែលប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ជាសមាជិកអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF) កំពុងជួបប្រទះដើម្បីកំណត់រចនាសម្ព័ន្ធការងារថ្មីៗ និងចងក្រងជាឯកសារ ឬ ញ្ញាត្តិអំពាវនាវ សំដៅស្នើសុំប្រទេសអភិវឌ្ឍន៍ទាំងអស់ធ្វើការអនុវត្ត នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូខាងមុខនេះ។
លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានបន្តថា តាមរយៈការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ កិច្ចប្រជុំនេះបានទទួលស្គាល់សំណើរបស់ប្រទេសភាគច្រើនដើម្បីបង្កើតបណ្តាញរដ្ឋមន្រ្តីពាណិជ្ជកម្ម និយាយភាសាបារាំង សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលឱ្យបានស្អិតរមួត សំដៅធ្វើឱ្យមានសម្លេងចរចាខ្លាំងជាងមុន។ ទាក់ទងនឹងដំណើរការអនុវត្តកិច្ចសន្យាផ្តល់ការលើកលែងពន្ធ និងបរិមាណ (Duty-Free-Quota-Free) ដល់ប្រទេស LDCs ឯកសារច្បាប់ និងការប្តេជ្ញាចិត្តត្រូវបានសរសេរយ៉ាងល្អ ប៉ុន្តែមិនទាន់ត្រូវបានអនុវត្តន៍ពេញលេញ។
លោក ឱក ប៊ុង បានស្នើបង្កើតនូវវិធានការណ៍ដែលអាចអនុវត្តន៍ បានដើម្បីលើកទឹកចិត្តរដ្ឋាភិបាលសហរដ្ឋ អាមេរិក រដ្ឋាភិបាលប្រទេសអៀរឡង់ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ផ្តល់ការយល់ព្រមឱ្យបានឆាប់រហ័ស ទៅលើដំណើរការទីផ្សារដែលគ្មានពន្ធ និងមិនកំណត់កូតា សម្រាប់ប្រទេស LDCs យ៉ាងហោចណាស់ ៩៧%។ ទាក់ទងនឹងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម លោកក៏បានអំពាវនាវដល់បណ្តាប្រទេសនិយាយភាសាបារាំង (OIF) អង្គការ WTO និងដៃគូរបស់ខ្លួនធ្វើការប្រមូលផ្តុំ និងផ្តល់ជំនួយបច្ចេកទេសដល់ប្រទេស LDCs សម្រាប់បរិបទសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម។

ដោយឡែក ពាក់ព័ន្ធនឹងវិស័យជលផល លោក ឱក ប៊ុង បានអំពាវនាវដល់ប្រទេសចូលរួមទាំងអស់រៀបចំយុទ្ធសាស្ត្រជាក់លាក់ ដើម្បីទប់ស្កាត់បញ្ហានេសាទខុសច្បាប់ដែលពុំមានរបាយការណ៍ ព្រមទាំងការឧបត្ថម្ភធនមិនសមរម្យ។ ក្នុងន័យនេះ បណ្ដាប្រទេសនិយាយភាសាបារាំង គួរតែបន្តខិតខំធ្វើការជាមួយអង្គការ OIF និងអង្គការ WTO ដើម្បីដោះស្រាយរាល់បញ្ហាអសកម្មទាំងនេះ និងកែលម្អច្បាប់ដែលមានស្រាប់ ក៏ដូចជាបង្កើតឲ្យមានច្បាប់ថ្មីៗបន្ថែម។ ក្នុងនាមប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជានឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីអាចឈានដល់ការបញ្ចប់សកម្មភាពនៃរបៀបវារៈទីក្រុងដូហា ដែលពុំទាន់បានអនុវត្តន៍ពេញលេញនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅក្រោមក្របខណ្ឌអង្គការ WTO៕









No comments:

Post a Comment