Friday, October 20, 2017

អគ្គនាយកស៊ីម៉ាក់ ឆ្លើយតបទៅទូតអាមេរិកថា បើមិនជឿថាគ្រាប់បែកដែលរកឃើញនៅខេត្តស្វាយរៀង ជាគ្រាប់បែកគីមីនោះ សូមទៅហិតមើល ឬកាន់លេងទៅ

ក្រោយស្ថានទូតអាមេរិកប្រចាំកម្ពុជា ចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ជុំវិញករណីរកឃើញគ្រាប់បែកគីមីរបស់អាមេរិក ដ៏ច្រើនសន្ធឹកនៅតាមភូមិនានា ក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានចាត់ទុកថា គ្រាប់បែកទាំងនោះគ្រាន់តែជាគ្រាប់បែកបង្ហូរទឹកភ្នែកធម្មតានោះ, លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ថ្លែងតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសុំអញ្ជើញឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចុះទៅពិនិត្យទីតាំងគ្រាប់បែកដោយផ្ទាល់ ដើម្បីហិត ឬកាន់លេងដើម្បីដឹងថាគ្រាប់បែកទាំងនោះវាគ្រោះថ្នាក់បែបណា។

បើតាមលោក ហេង រតនា បានឲ្យដឹងថា គ្រាប់បែកទាំងនោះមិនមែនត្រឹមតែ ជាគ្រាប់បែកបង្ហូរទឹកភ្នែកធម្មតាឡើយ ព្រោះថាគ្រាប់បែកប្រភេទនេះ ធ្លាប់បានរកឃើញនៅខេត្តរតនគីរី ហើយមន្ត្រីជំនាញរបស់អង្គការសហប្រជាជាតិ ក៏ចេញរបាយការណ៍បញ្ជាក់ថា គ្រាប់បែកប្រភេទនេះក៏ជាគ្រាប់បែកគីមីដែរ។ លោក ហេង រតនា បានបន្តថា មិនត្រឹមតែប្រជាពលរដ្ឋប៉ុណ្ណោះទេ ដែលរងគ្រោះ សូម្បីតែមន្ត្រីរបស់អាជ្ញាធរគីមី ក្រសួងការពារជាតិ ដែលចុះប្រតិបត្តិការដោះគ្រាប់បែកគីមីនេះ នៅសាលាបឋមសិក្សាគគីរ ក៏កំពុងមានជំងឺសម្រាកព្យាបាល មិនទាន់ជាសះស្បើយនៅឡើយទេ។

អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានបកស្រាយពន្យល់ថាវាមិនពិបាកប្រកែកគ្នា ជាឧស្ម័នបង្ហៀរទឹកភ្នែកឬអាវុធគីមីនោះទេដោយសំអាងលើហេតុផលមួយចំនួនខាងក្រោមដូចជា៖
ទី១៖ របាយការណ៍ក្រុមបច្ចេកទេស នៃអង្គការហាមឃាត់អាវុធគីមី បានបញ្ជាក់ច្បាស់ថា ប្រភេទគ្រាប់បែកនេះជាអាវុធគីមី (របាយការណ៍ឆ្នាំ២០១២ ចំពោះគ្រាប់បែកដូចគ្នានេះ រកឃើញនៅខេត្តមណ្ឌលគីរី) ករណីនៅគគីរ គឺជាគ្រាប់បែកប្រភេទដូចគ្នា នឹងនៅមណ្ឌលគីមីដែរ។
ទី២៖ មានប្រជាជនជាច្រើន បានកំពុងរងគ្រោះមានជម្ងឺនេះ មានកូនក្មេងៗមិនប្រក្រតីមួយចំនួនអាចទៅជួបផ្ទាល់នៅមូលដ្ឋានរបស់គាត់ក៏បានដឹកមកភ្នំពេញ ដើម្បីបានឃើញជាក់សែ្តង។
ទី៣៖ ការនិយាយថាឧស្ម័នបង្ហៀរទឹកភ្នែក នោះមិនពិបាក សូមអញ្ជើញអ្នកណាក៏បានដែល មិនជឿថាឥទ្ធិពលគ្រាប់បែកគីមីកំរិតណា ទៅទីតាំងគ្រាប់បែកនោះ ចង់ហិតមើល ឬកាន់លេងមើល វាយ៉ាងម៉េច? ទៅសាកតែម្តងដើម្បីកុំឱ្យមានការសង្ស័យ ក្រុមជំនាញគីមីខាងយោធាចំនួន៣-៤នាក់កំពុងឈឺនៅឡើយ និងមានចៅមន្ត្រីស៊ីម៉ាក់ ប៉ះពាល់សំលៀកបំពាក់ជីតា មកពីកន្លែងប្រតិបតិ្ត ពុលឈឺស្មានថា មិនអាចរស់បានផង។ សំខាន់ទៅសាកល្បងមើល មិនឆ្ងាយទេប្រហែល៣ម៉ោងពីភ្នំពេញ នឹងដឹងច្បាស់។
ទី៤៖ តើប្រជាជនកម្ពុជាទាំងអស់ជឿដែរឬ ថាគេទំលាក់គ្រាប់បែកឧស្ម័នបង្ហៀរទឹកភ្នែកប្រឆាំងបាតុកម្មនៅក្នុងសមភូមិសង្គ្រាមនោះ? ប្រសិនជាមានមនោសញ្ចេតនាយ៉ាងនេះ វាគ្មានគ្រាប់បែកចង្កោមជិត២៨លានគ្រាប់ គ្រាប់បែកទំងន់ទំហំធំៗ ទំលាក់សម្លាប់មនុស្សជិតកន្លះលាននាក់នោះទេ។ ដូចពាក្យចាស់លោកពោលថា «ដំរីងាប់ កុំយកចង្អេរទៅបាំង»។
ទី៥៖ រឿងនេះមិនមែនចេះតែថា សារជាតិគីមីនេះ ឬនោះបានទេ? លោក ហេង រតនា បានបន្ថែមថា «ឥឡូវនេះរាជរដ្ឋាភិបាលបានប្រកាសប្រាប់អង្គការសហប្រជាជាតិរួចហើយថា កម្ពុជាមានសំណល់អាវុធគីមី ហើយស្នើឲ្យអង្គការជំនាញ របស់អង្គការសហប្រជាជាតិចុះមកពិនិត្យបញ្ជាក់ (Verifications) ព្រោះវាជាអនុសញ្ញាអន្តរជាតិ និងស្របតាមនីតិវិធីអនុសញ្ញានោះ!»៕

ប្រភព៖ Fresh News








No comments:

Post a Comment