Friday, October 20, 2017

តើមានសេចក្តីស្នើច្បាប់អ្វីខ្លះ ដែលត្រូវលើកមកពិនិត្យ និងឱ្យយោបល់ក្នុងកិច្ចប្រជុំព្រឹទ្ធសភានៅថ្ងៃនេះ?

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤ ដែលពាក់ព័ន្ធនឹងការបែងចែកអសនៈរបស់ គណបក្សនយោបាយក្នុង រដ្ឋសភាដែលត្រូវរំលាយ។ នេះបើតាមការប្រកាសរបស់ព្រឹទ្ធសភា។

សេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤នោះ រួមមាន៖ ១- វិសោធនកម្មច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ២- វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ៣- វិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត ៤- វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា សេចក្តីស្នើច្បាប់បោះឆ្នោតទាំង៤នេះ ជាមួយនឹងរបៀបវារៈចំនួន៦ផ្សេងទៀត ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃព្រឹទ្ធសភា បើកកិច្ចប្រជុំពិនិត្យ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ។ ក្រោយប្រជុំនេះ ព្រឹទ្ធសភា បានសម្រេចយកសេចក្តីស្នើ ច្បាប់ទាំង៤ខាងលើនេះ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា មុនគេតែម្តង។

សូមបញ្ជាក់ថា បើតាមខ្លឹមសារ នៅក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា១៣៨-ស្ទួន បានកំណត់ថា៖ «ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយ ណាមួយប្រកាសបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្រ្តទាំងអស់ នៃគណបក្សនយោបាយ នោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។ ក្នុងករណីខាងលើនេះ គណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឱ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្ត, ដោយមិនគិតបញ្ចូលគណបក្ស នយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ និងគណបក្សនយោបាយ មានអាសនៈក្នុង រដ្ឋសភា ដែលដឹកនាំដោយរាជរដ្ឋាភិបាល…»៕


No comments:

Post a Comment