Friday, October 20, 2017

កងទ័ពទូទាំងខេត្តស្វាយរៀង ថ្កោលទោសខ្លាំងៗ សម្តី សម រង្ស៊ី ដែលអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល

ស្វាយរៀង៖ ក្រោយពីវីដេអូ ដែលជាភស្តុតាងថ្មីមួយទៀត ចំពោះលោក សម រង្ស៊ី ដែលប្រកាសអំពាវនាវឱ្យកង កម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតនោះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ លោក ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងខេត្តស្វាយរៀង ព្រមទាំងកងកម្លាំងទាំងបីនៃខេត្តស្វាយរៀង បានប្រកាសថា សម្តីរបស់លោក សម រង្ស៊ី ខាងលើនេះ ជាអំពើក្បត់ជាតិសុទ្ធសាធ និងធ្ងន់ធ្ងរបំផុត។

ជំនួសមុខឱ្យកងទ័ពទាំងអស់ លោកមេបញ្ជាការ បានប្រកាសយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាជាកងទ័ព នៅក្នុងបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង សូមធ្វើការប្រកាសប្រឆាំងដាច់ខាត រាល់សកម្ម ភាពញុះញង់របស់ពួកអគតិដែល ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ទោះជាក្នុងកាលៈទេសៈណា ក៏ដោយ យើងខ្ញុំស្មោះត្រង់ដាច់ខាត ចំពោះជាតិ ចំពោះរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ពួកយើងស្រឡាញ់សម្តេចតេជោ ព្រោះសម្តេចជាអ្នកស្វែងរកសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ខុសពី សម រង្សី និង កឹម សុខា ដែលចេះតែញុះញង់ធ្វើឲ្យខ្មែរបែកបាក់»។

មេបញ្ជាការរូប នេះបានបញ្ជាក់ទៀតថា កងទ័ពទាំងអស់ នៅខេត្តស្វាយរៀង ប្តេជ្ញារក្សាសុខសន្តិភាពជូន ជាតិមាតុភូមិ ប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។

ការប្រកាសប្រឆាំង និងកំចាត់ជនក្បត់ជាតិខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីវីដេអូមួយរបស់លោក សម រង្ស៊ី ដែលត្រូវបានបង្ហាញជាសាធារណៈ ដែលបាននិយាយកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១១ (មុនបង្កើតគណបក្សសង្រ្គោះជាតិ) នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក ដោយលោក សម រង្ស៊ី បាននិយាយដូច្នេះថា «របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរយើងត្រូវការរៀបចំ ការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធ បែរចុងកាណុង ផ្តួលរំលំរបប ហ៊ុន សែន»។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ ទៅនឹងវីដេអូរបស់លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួល រំលំរាជរដ្ឋាភិបាល ស្របច្បាប់ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក ៕




No comments:

Post a Comment