Friday, October 20, 2017

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងការងារធ្វើបុណ្យកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃចំនួន០២វត្ត

នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភរិយា ព្រមទាំងបុត្រ អស់លោក លោកស្រី និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យ យកទៅកសាងសមិទ្ធផលនានាក្នុងវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ និងវត្តសារាវ័ន្តតេជោ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និងវត្តទួលទំពូង ស្ថិតនៅសង្កាត់ទួលទំពួង ខណ្ឌចំការមន។

គួរបញ្ជាក់ថា បុណ្យកឋិនទាននាសម័យពុទ្ធកាល ពេលដែលព្រះសម្មាសម្ពុទ្ធទើបបានត្រាស់ដឹងថ្មីៗ ទ្រង់អនុញ្ញាតឱ្យភិក្ខុសង្ឃប្រើប្រាស់តែសំពត់បង្សុកូល គឺសំពត់ឥតម្ចាស់ ដែលភិក្ខុរកបានពីព្រៃស្មសាន ឬពីគំនរសំរាម ប៉ុន្តែក្រោយ មកទើបទ្រង់អនុញ្ញាតឱ្យភិក្ខុអាចប្រើប្រាស់គហបតីចីវរ គឺសំពត់មានម្ចាស់ ដែលភិក្ខុបានមកដោយសារគេប្រគេន ចាប់ពីពេលនេះហើយ ដែលកឋិនទានចាប់ផ្ដើមមានកំណើតឡើងកឋិនទាន គឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ។

រយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដីអាចធ្វើបានតែក្នុងសម័យតែ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថា កឋិនទានបានដែរ ព្រោះធ្វើខុសកាលទានមិនចំសម័យមួយខែចុងវស្សានរដូវនេះ ពោលគឺមិនត្រូវតាមពុទ្ធានុញ្ញាតក្នុងវត្តមួយ បើការចាំវស្សាគ្មានភិក្ខុសោះក៏មិនអាចហែកឋិនចូលបានដែរ ព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ១អង្គដែរ ហើយដែលបានចាំវស្សាអស់៣ខែបានត្រឹមត្រូវទើបអាចហែកឋិនចូលបាន៕








No comments:

Post a Comment