Tuesday, October 03, 2017

ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ថៃឆ្នាំ២០១៧នេះ បានកើនឡើងជាង៥,០០០លានដុល្លារ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសថៃឆ្នាំ២០១៧នេះ មានការកើនឡើងដល់ជាង៥,០០០លានដុល្លារ។ លោក បានថ្លែងដូចនេះ កាលពីរសៀលថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០១៧ ក្នុងពេលជួបពិភាក្សាការងារជាមួយ លោក Pornpetch Wichitcholchai ប្រធានសភាថៃ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
លោក Pornpetch Wichitcholchai បានមានប្រសាសន៍ថា ប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ កម្ពុជា-ថៃ មានជាយូរយារណាស់មកហើយ ហើយទំនាក់ទំនងនោះគឺជាទំនាក់ទំនងដ៏ល្អ ហើយថ្មីៗនេះទៀត តាមរយៈដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត។ លោក បន្តថានៅពេលនេះប្រទេសយើងទាំងពីរកំពុងតែពង្រឹង និងពង្រីកនូវការតភ្ជាប់គ្នាទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងទំនាក់ទំនងការតភ្ជាប់ផ្លូវរថភ្លើង ក៏ដូចជាតភ្ជាប់រវាងប្រជាជន និងប្រជាជនផងដែរ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ ដោយឡែកសភាទាំងពីរ របស់កម្ពុជា និងថៃគឺមានទំនាក់ទំនងផ្សារភ្ជាប់ស្អិតគ្នារមួតហើយធ្វើការទៅមករកគ្នាជាប្រចាំរាល់កិច្ចប្រជុំទាំងឡាយលើឆាកអន្តរជាតិ សភានៃប្រទេសទាំងពីរតែងតែធ្វើការពិភាក្សាគ្នាដែលនេះគឺបានឆ្លុះបញ្ចាំងទាំងទំនាក់ទំនងផ្នែកនីតិប្រតិបត្តិ និងនីតិបញ្ញាត្តិរវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពជាមួយលោក Pornpetch Wichitcholchai អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ថៃ។ លោក មានមោទនភាព និងមានជំនឿជឿជាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការនឹងមានការរីកចម្រើនធំធាត់ និងកាន់តែរឹងមាំថែមទៀត។ តាមរយៈដំណើរទស្សនកិច្ចរបស់លោក ប្រាយុទ្ធ ចាន់អូចា កន្លងមកនេះគឺជាសក្ខីភាពឆ្លុះបញ្ចាំងនូវទំនាក់ទំនងសហប្រតិបត្តិការល្អនៃប្រទេសទាំងពីរ ហើយក៏បានឆ្លុះបញ្ចាំងពីជោគជ័យនៃកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មដែលកាលពីឆ្នាំ២០១៥ គឺទំហំពាណិជ្ជកម្មមានត្រឹមតែ៤,៣០០លានដុល្លារតែប៉ុណ្ណោះ តែឆ្នាំ២០១៧នេះ ទំហំពាណិជ្ជកម្មបានកើនឡើងជាង៥,០០០លានដុល្លារ។
ដោយឡែកទេសចរណ៍កម្ពុជាទៅកាន់ប្រទេសថៃ ក៏មានការកើនឡើងផងដែរ ហើយការរីកចម្រើនក៏បានឆ្លុះបញ្ចាំងឱ្យឃើញនូវការរៀបចំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ។ លោកនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការគាំទ្រចំពោះទំនាក់ទំនងគ្នាទៅវិញទៅមករវាងសភានៃប្រទេសទាំងពីរ ហើយរដ្ឋាភិបាលក៏ដូច្នេះដែរគឺមានការប្រាស្រ័យទាក់ទងគ្នា និងដោះស្រាយរាល់បញ្ហានានាបានល្អ។ លោក ហ៊ុន សែន ក៏បានស្នើសុំឱ្យបន្តនូវអ្វីដែលបានធ្វើកន្លងមកនេះ ដែលជាផែនទីចង្អុលផ្លូវដូចមានចែងក្នុងផែនការរួមនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីរួមកាលពីពេលថ្មីៗកន្លងមកនេះផងដែរ៕







No comments:

Post a Comment