Tuesday, October 03, 2017

ភ្លៀងលាយខ្យល់មួយមេធំបណ្តាលឲ្យដើមឈើតំបន់អង្គរដួលរលំជាច្រើនដើម

ភ្លៀងមួយមេធំរួមនឹងខ្យល់បក់បោកយ៉ាងខ្លាំង កាលពីរាត្រីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ បានធ្វើឲ្យដើមឈើជាច្រើនដើម នៅក្នុងបរិវេណនៃរមណីយដ្ឋានដួលរលំ។ ពេលនេះ មន្ត្រីជំនាញ កំពុងរៀបចំកាត់សម្អាតចេញដើម្បីកុំឲ្យមានបញ្ហាស្ទះចរាចរ និងប៉ះពាល់ដល់រចនាសម្ព័ន្ធប្រាសាទថែមទៀត។

តាមរបាយការណ៍របស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា ដើមឈើដែលបានរលំដួលដោយភ្លៀងលាយខ្យល់នេះមាននៅ៥ទីតាំងសំខាន់ៗគឺ នៅប្រាសាទតាព្រហ្មបាក់ដើមត្រាង១ដើម ប្រាសាទព្រះខ័នបាក់ដើមស្រឡៅ១ដើម នៅប្រាសាទភិមានអាកាសបាក់ដើមស្ពង់១ដើម ខាងលិចប្រាសាទអង្គរវត្តរលំដើមចាមរី១ដើម និងក្នុងបរិវេណប្រាសាទអង្គរវត្តរលំដើមសង្កែ៥ដើម និងដើមក្ងោក១ដើម។

  ជាមួយគ្នានេះដែរ អាជ្ញាធរជាតិអប្សរាសូមអំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណើរកម្សាន្តរបស់ខ្លួន ជាពិសេស ពេលមានភ្លៀងធ្លាក់ខ្លាំង សូមនៅឲ្យឆ្ងាយពីដើមឈើធំៗ ដើម្បីការពារគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ម្យ៉ាងទៀត សូមប្រជាពលរដ្ឋជួយផ្តល់ដំណឹងដល់ក្រុមការងារ ក្នុងករណីប្រទះឃើញដើមឈើដែលមានគ្រោះថ្នាក់ អាចបាក់ធ្លាក់ប៉ះពាល់ដល់សុត្ថិភាពរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដើម្បីឲ្យក្រុមការងារអាចទៅកាត់ក្រីទាន់ពេលវេលាបាន៕







No comments:

Post a Comment