Tuesday, October 03, 2017

ក្រសួងការបរទេសកម្ពុជា បំភ្លឺករណី​នាវាដឹកអាវុធ​គ្រាប់រ៉ុកកែត​ ជាង៣ម៉ឺនដើម​នៅប្រទេសអេហ្ស៊ីប​ បំពាក់​ទង់ជាតិកម្ពុជា​

ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ បានចេញសេចក្តីបំភ្លឺបន្ទាប់ពីមានការចេញផ្សាយដោយសារព័ត៌មាន Washington Post របស់សហរដ្ឋអាមេរិកថា នាវាដ៏អាថ៌កំបាំងមួយបានធ្វើដំណើរឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ ហើយវាមានឈ្មោះថា ជី ស៊ុន (Jie Shun) ដោយមានដោតទង់ជាតិនៃប្រទេសកម្ពុជា ព្រមទាំងដឹកអាវុធជាប្រភេទកាំភ្លើងបាញ់គ្រាប់រ៉ុបកែតជាង៣០,០០០ដើម។

នៅយប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៧ ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីបំភ្លឺមួយដោយបញ្ជាក់ថា នាវាទាំងឡាយណា ដែលអះអាងថា ស្ថិតក្រោមទង់ជាតិកម្ពុជាក្រោយចុងខែសីហា ឆ្នាំ២០១៦ គឺជាត្រូវបានចាត់ទុកថាខុសច្បាប់ និងអាចត្រូវបានដាក់ទោសដោយច្បាប់ និងបទបញ្ញត្តិអន្តរជាតិ។

សេចក្តីបំភ្លឺរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ទៀតថា តាមរយៈកំណត់ទូត ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ បានជូនដំណឹងដល់ស្ថានទូតនៃសាធារណៈរដ្ឋកូរ៉េនៅភ្នំពេញថា នាវាចំនួន៣គ្រឿង របស់ក្រុមហ៊ុនកូរ៉េខាងជើងមួយ បំពាក់ទង់ជាតិកម្ពុជា ត្រូវបានលុបចេញពីបញ្ជីដោយ ISROC ស្របតាមកថាខណ្ឌទី១៩ នៃសេចក្តីសម្រេចលេខ ២២៧០ ចុះថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕




No comments:

Post a Comment