Wednesday, October 18, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាការធ្វើការងារនៅក្រៅប្រទេស គឺមិនមែនធ្វើកញ្ជះគេទេ ប្រទេសណាក៏មានពលរដ្ឋចេញទៅធ្វើការនៅបរទេសដែរ

តាមរយៈទំព័រហ្វេសប៊ុក របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ បានបញ្ជាក់ខ្លឹមសាសរថា «អរគុណក្មួយៗ ចៅៗកម្មករ និងកម្មការិនី ដែលបានផ្តល់នូវការគោរពស្រឡាញ់ រាប់អានតាមរយៈការចាប់ដៃ ឱប ថើប និង Selfie ក្នុងពេលដែលពូបានចុះមកជួបក្មួយៗតាមរោងចក្រ។ ភាពស្និទ្ធស្នាល និងការស្រឡាញ់ ចេញពីបេះដូងរបស់ក្មួយៗនិងចៅៗ គឺបានធ្វើឱ្យពូរំភើបសប្បាយរីករាយ»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានលើកឡើងក្នុងហ្វេសប៊ុកថា ក្មួយៗមិនត្រូវគិតថា ការធ្វើការងារនៅក្រៅប្រទេស គឺធ្វើកញ្ជះគេទេ ឬចំណាកស្រុក ខុសគេខុសឯងនោះទេ។ ប្រទេសណាក៏មានពលរដ្ឋចេញទៅធ្វើការនៅបរទេសដែរ សូម្បីតែនៅប្រទេសថៃ ហ្វីលីពីន ម៉ាឡេស៊ី វៀតណាម ឡាវ សិង្ហបូរី ឥណ្ឌា ហុងកុង …ជាដើម។ នេះគឺបានបង្ហាញពីសមត្ថភាព និងការឆក់យកឱកាស ដែលក្មួយបានមកធ្វើការនៅបរទេស។ សំខាន់បំផុតនោះ គឺក្មួយៗមានការងារធ្វើល្អ និងមានប្រាក់ខែល្អ ទោះបីនៅក្នុងឬក្រៅប្រទេសក្តី ដែលជាមោទនៈភាពរបស់ក្រុមគ្រួសារ និងសង្គមជាតិយើង។

នៅក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបន្ថែមទៀតថា ការគោរពស្រឡាញ់ទាំងអស់នេះ គឺដោយសារក្មួយៗនិងចៅៗបានយល់ដឹងច្បាស់អំពីសកម្មភាព និងការលះបង់ទាំងឡាយដែលលោកបានធ្វើ សម្រាប់ជីដូន ជីតា និងឪពុកម្តាយក្មួយៗ និងចៅៗ កន្លងមក រួមទាំងការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ប៉ុលពត និងនយោបាយឈ្នះ-ឈ្នះ ការរកសន្តិភាព ដែលធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងរីកចម្រើនមកទល់សព្វថ្ងៃនេះ។
ក្នុងពេលដែលកំពុងជួបសួរសុខទុក្ខក្មួយៗកម្មករនៅក្នុងប្រទេស លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បាននិងកំពុងគិតគូរដល់ក្មួយៗ ដែលកំពុងធ្វើការនៅក្រៅប្រទេសដែរ ដូចជានៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ា ឡេស៊ី…ជាដើម ដោយខិតខំសម្របសម្រួលជាមួយប្រទេស ដែលមានកម្មករ កម្មការិនីកម្ពុជារស់នៅ និងបំពេញការងារ ដើម្បីឱ្យកូនក្មួយៗទទួលបាននូវអត្ថប្រយោជន៍ជាច្រើនថែមទៀត៕







No comments:

Post a Comment