Wednesday, October 18, 2017

ខេត្តកំពង់ឆ្នាំង រៀបចំវេទិកាពង្រឹងការអនុវត្តច្បាប់ ស្តីពីជលផលដល់មន្រ្តីនគរបាលយុត្តិធម៌ និងសហគមនេសាទ

កំពង់ឆ្នាំង៖ អង្គការដៃគូសហការជាមួយនឹងខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ បានរៀបចំធ្វើវេទិកាមួយ ស្តីពីការពង្រឹងការអនុវត្តច្បាប់ ស្តីពីជលផល ដល់មន្រ្តីនគរបាលយុត្តិធម៌ និងសហគមនេសាទ អាជ្ញាធរមូលដ្ឋាន នៅក្នុងខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។ វេទិកានេះប្រព្រឹត្តិទៅក្រោមអធិតីភាព លោក សម សត្យា អនុប្រធានា នាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្ម នៃរដ្ឋបាលជលផល និង លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានអោយដឹងថា វេទិកាដែលរៀបចំឡើងនៅពេលនេះ ធ្វើឡើងដើម្បីពង្រឹងកាអនុវត្តច្បាប់ជលផល សំដៅផ្សព្វផ្សាយដល់មន្រ្តីពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ អាជ្ញាធរ មូលដ្ឋាន សហគមន៍នេសាទ និងអង្គការដៃគូបានយល់បន្ថែមទៀត និងការឯកភាពគ្នា លើគោលដៅតែមួយ ដើម្បីធានាអោយបាននូវការអនុវត្តច្បាប់អោយមានប្រសិទ្ធិភាព។
លោកប្រធានមន្ទីរបានអោយដឹងទៀតថា នៅខេត្តកំពង់ឆ្នាំង មានសហគមន៍ចំនួន៦៣សហគមន៍ និងព្រៃ លិចទឹកមានចំនួន១១ហិកតា។ កន្លងមកនេះ បានធ្វើការបង្ក្រាបបទល្មើស ជលផលបានចំនួន ២១៧ករណី។ លោក ងិន ហ៊ុន បានសំណូមពរ អាជ្ញាធរមូលដ្ឋានទាំងអស់ សូមជួយផ្តល់ព័ត៌មានពាក់ព័ន្ទ និងបទល្មើសជល ផល ដែលកើតឡើងក្នុងមូលដ្ឋាន នៃដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីរួមគ្នា បង្ការទប់ស្កាត់បទល្មើសនេសាទ អោយមានប្រសិទ្ធភាព និងបង្កើនការផ្សព្វផ្សាយបន្ថែមទៀត ដល់ប្រជាពលរដ្ឋកុំអោយប្រើប្រាស់ឧបករណ៍ នេសាទខុសច្បាប់ ដូចជារបាំងស្បៃមុង របាំងសាច់អូនក្រឡាញឹក និងអាំងវិចទ័រឆក់ត្រី ដែលឧបករណ៍ទាំង នេះវាបំផ្លាញ នូវធនធានជលផលយ៉ាងខ្លាំងផងដែរ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក សម សត្យា អនុប្រធាននាយកដ្ឋាន កិច្ចការរដ្ឋបាល និងនីតិកម្ម នៃរដ្ឋបាលជលផល បានអោយដឹងថា ការផ្សព្វផ្សាយច្បាប់ជលផលដល់មន្រ្តីនគបាលយុត្តិធម៌ និងសហគមន៍ នេសាទនាពេលនេះ គឺពិតជាមានសារៈសំខាន់ជាទីបំផុត ដើម្បីអោយមន្រ្តីនគរបាលយុត្តិធម៌ និងសហគមន៍ នេសាទ បានស្គាល់អំពីតួនាទី ភារកិច្ច របស់ខ្លួនពេលបំពេញបេសកកម្មក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានា អោយបាននូវការអនុវត្តច្បាប់ ស្តីពីជលផលកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តមិនអោយ ហួសពីការ កំណត់នៃច្បាប់ស្តីពីជលផលនោះឡើយ ។

លោក សម សត្យា  បានសំណូមពរ ភាគីពាក់ព័ន្ធទាំងនៅក្នុងវេទិការនេះ សូមធ្វើការពិគ្រោះយោបល់ ដេញដោលគ្នា ពាក់ព័ន្ធនិងការអនុវត្តនូវតួនាទីភារកិច្ច និងរាល់បញ្ហាដែលបានជួបប្រទះនាពេលកន្លងមក ស្តីពីការអនុវត្តច្បាប់ស្តីពីជលផល ដើម្បីយើងទាំងអស់គ្នាយកនូវគន្លឹះសំខាន់ៗ ទៅអនុត្តអោយបានត្រឹមត្រូវ តាមច្បាប់ស្តីពីជលផលនេះ៕




No comments:

Post a Comment