Wednesday, October 18, 2017

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសប្រាប់កម្មករជាង១ម៉ឺននាក់ សារជាថ្មីអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមា នៅដើមឆ្នាំ២០១៨ខាងមុខនេះ

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា នៅខែមករា ឆ្នាំ២០១៨ ខាងមុខនេះតទៅ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ កម្មការិនី គឺមិនតិចជាង១៧០ដុល្លារសហរដ្ឋអាមេរិកនោះទេ។ លោកបានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខបងប្អូន កម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសសារជាថ្មីផងដែរថា នៅឆ្នាំ២០១៨ ប្រាក់ខែកម្មករ-កម្មការិនី ជាអប្បរមាគឺ១៧០ដុល្លារ ក្នុងមួយខែ (គឺរាជរដ្ឋាភិបាលបានបន្ថែម ៥ដុល្លារ ដែលសាច់ប្រាក់នេះ បានមកពីពន្ធកាត់ទុក និងពន្ធនាំចេញ ដែលរាជរដ្ឋាភិបាលត្រូវចំណាយជាង ៤០ លានដុល្លារ)។
ដូច្នេះចាប់ពីខែមករា ឆ្នាំ២០១៨ តទៅ ប្រាក់ខែអប្បរមារបូកបន្ថែម នឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗគឺលើសពី ២០០ដុល្លារក្នុង១ខែ។ ជាមួយគ្នានេះដែរ គឺបងប្អូនកម្មករកូនក្មួយនឹងទទួលបានការបញ្ចុះតំលៃទឹកភ្លើង និងថ្លៃឈ្នួលផ្ទះដែលនឹងជួយដោះស្រាយជីវភាពរស់នៅឱ្យកាន់តែប្រសើរឡើង។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការរីកចម្រើនកន្លងមក ពិសេសក្នុងវិស័យការងារ កើតឡើងដោយសារមានការចូលរួមពីកម្មករ-កម្មការិនីផ្ទាល់ ឳពុកម្តាយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានកសាងនិងថែរក្សាសន្តិភាព និងការអភិវឌ្ឍមានការងារធ្វើដូចសព្វថ្ងៃនេះ៕






No comments:

Post a Comment