Wednesday, October 18, 2017

អ្នកវិនិយោគិនសិង្ហបុរី មានសុទិដ្ឋិនិយមយ៉ាងខ្លាំង ជាមួយនឹងសុខសន្តិភាព និងស្ថេរភាពនយោបាយនៅក្នុងប្រទេសកម្ពុជា

លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី បានថ្លែងថាលោកបានឃើញអំពីការរីកលូតលាស់នៃសំណង់អាគារជាច្រើនក្នុងទីក្រុងភ្នំពេញដែលឆ្លុះបញ្ចាំងពីការរីកចម្រើនដែលជាជោគជ័យកម្ពុជាក្នុងការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ។ លោកបានថ្លែងដូចនេះក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧។

លោក Vivian Balakrishnan បានបង្ហាញពីការពេញចិត្តចំពោះមិត្តភាព និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ សព្វថ្ងៃនេះ មានអ្នកវិនិយោគិនសិង្ហបុរីជាច្រើន បានមកធ្វើអាជីវកម្មនៅកម្ពុជា ដែលធ្វើឱ្យសិង្ហបុរីជាប់ចំណាត់ថ្នាក់ទី៥ ។

លោកបន្តថា អ្នកវិនិយោគិនសិង្ហបុរី មានសុទិដ្ឋិនិយមយ៉ាងខ្លាំងជាមួយនឹងសុខសន្តិភាព និងស្ថេរភាពនយោ​បាយនៅក្នុងប្រទេសកម្ពុជា ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃកាអភិវឌ្ឍ និងការរីកលូតលាស់នូវសេដ្ឋកិច្ចកម្ពុជា ដែលមានកំណើនជាង៧% ក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក Vivian Balakrishnan គឺបានពង្រឹងបន្ថែមនូវចំណងមិត្តភាព និងទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរជាមួយកម្ពុជា។ កម្ពុជា-សិង្ហបុរី មានទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការកាន់តែរលូន និងមានភាពងាយស្រួលខ្លាំងឡើង ប្រកបដោយសក្តានុពល លើគ្រប់វិស័យរួមទាំងវិស័យទេសចរណ៍ វិស័យវប្បធម៌ និងក្នុងក្របខណ្ឌអាស៊ានផងដែរ។ ទន្ទឹមនឹងនោះដែរ ប្រទេសយើងទាំងពីរខិតខំពង្រឹងគុណភាព និងកិត្យានុភាពអាស៊ានឱ្យបានរឹងមាំ ជាមួយនឹងការធ្វើទំនើបកម្មអាស៊ានដែលនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជាតិតទាំងអស់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបង្ហាញនូវមោទនភាពរវាងទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ដែលមានទំនាក់ទំនងជាប្រវត្តិសាស្ត្រយូរយារមកហើយ ពុំដែលមានបញ្ហាទេ។ ផ្ទុយទៅវិញ គឺប្រទេសយើងទាំងពីរ មានកិច្ចសហប្រតិបត្តិការ នៅគ្រប់មុខព្រួញជាច្រើន និងបានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់សិង្ហបុរី ក្នុងការធ្វើសមាហរណកម្មអាស៊ានផងដែរ។ ទន្ទឹមនឹងនោះដែរ គឺកម្ពុជាក៏បានទទួលនូវផលប្រយោជន៍យ៉ាងច្រើន ពីកិច្ចផ្តួចផ្តើមនេះ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្ស៕






No comments:

Post a Comment