Wednesday, October 18, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថាអ្វីដែលជាផលប្រយោជន៍ប្រជាជនមិនមែនជារឿងតូចតាចដែលត្រូវមើលស្រាលនោះទេ

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ ជាការឆ្លើយតបទៅនឹងមតិកន្លងមក ដែលបានលើកឡើងថា នាយករដ្ឋមន្រ្តីធ្វើការងារកំប៉ិកកំប៉ុក សូម្បីតែរឿងស្នើសុំចេញមុន១៥នាទីរបស់កម្មការិនី ដែលមានផ្ទៃពោះនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា អ្វីដែលជាផលប្រយោជន៍របស់ប្រជាជន គឺមិនមែនជារឿងតូចតាចដែលត្រូវមើលស្រាលនោះទេសម្រាប់លោក។ លោកបានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករ-កម្មការិនី ជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកនឹងបន្តធ្វើដំណើរទៅមុខទៀត ពីកន្លែងមួយ ទៅកន្លែងមួយ ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី ដែលជាដំណាក់កាលថ្មីដែលទាមទារឱ្យធ្វើបែបនេះ ហើយបញ្ហានេះ វានឹងផ្តល់ឱ្យយើង នូវការដោះស្រាយបញ្ហានានា សូម្បីតែបញ្ហាតូចតាចដែលគេគិតថា មិនសមនឹងនាយករដ្ឋមន្រ្តីដោះស្រាយនោះទេ។ លោកបន្តថា ប្រសិនបើអ្វីដែលនាយករដ្ឋមន្រ្តី ដោះស្រាយទៅនោះបានផ្តល់ផលប្រយោជន៍សម្រាប់កម្មករ-កម្មការិនី លោកមិនខ្លាចជាមួយនឹងការសុំ និងការទាមទារនោះទេ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានថ្លែងអំណរគុណ ដល់ថៅកែរោងចក្រទាំងអស់ ដែលបានអនុញ្ញាតឱ្យកម្មករ-កម្មការិនី បានជួបសំណេះសំណាលនេះពេលនេះ ដែលជាកាយវិការយោគយល់គ្នាដ៏ល្អមួយ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានបន្ថែមថា ការចេះយោគយល់ អត់ឱន និងអធ្យាស្រ័យគ្នារវាងថៅកែរោងចក្រ និងកម្មករ-កម្មការិនី គឺជាការនាំមកនូវសុខដុមនីយកម្ម នៅក្នុងការងារ ហើយក៏ជាការរក្សាឆ្នាំងបាយរួមរវាងថៅកែ និយោជក និងកម្មករនិយោជិតផងដែរ៕







No comments:

Post a Comment