Wednesday, October 18, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចោទជាសំណួរថានៅពេលគេធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ តើគេមានគិតពីឆន្ទៈរាស្រ្តទេ?

នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាបើគេកាត់ទោសបក្សប្រឆាំងឬអាចនឹងរំលាយបក្សប្រឆាំងនោះ ការចោទប្រកាន់ថារំលោភឆន្ទៈប្រជាពលរដ្ឋមិនត្រឹមត្រូវឡើយ សូមអ្នកវិភាគរាប់ទាំងអ្នកច្បាប់នានាមើលឱ្យច្បាស់ កុំបកស្រាយតែមួយជ្រុងតាមរបៀបបោកប្រាស់។ លោកបានថ្លែងដូចនេះក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនកម្មករកម្មការិនីជាង១ម៉ឺននាក់ នៅរោងចក្រតំបន់កំបូល តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ថារំលោភឆន្ទៈរាស្រ្តនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា តើមានបានគិតពីឆន្ទៈរាស្រ្តដែរឬទេនៅពេលដែលអ្នកគាំទ្រផ្តួលរំលំទម្លាក់សម្តេចព្រះនរោត្តម សីហនុ? អ្នកគិតតែចោទសម្តេចព្រះនរោត្តម សីហនុថាគាត់ផ្តាច់ការ គាត់ខុសដើម្បីរកលេសទម្លាក់គាត់ អ្នកបានរំលាយរបបរាជានិយមដើម្បីបម្រើឱ្យសង្រ្គាមវៀតណាម ត្រូវការកម្ពុជា។ មួយវិញទៀត លោកក៏បានលើកឡើងពីមហាអំណាចសហរដ្ឋអាមេរិកផងដែរ កាលពីជំនាន់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Nixon ដែលត្រូវបានគេទម្លាក់ពីតំណែង ប៉ុន្តែបែរជាពុំមាននរណាធ្វើអត្ថាធិប្បាយពីឆន្ទៈរាស្រ្តដែលគាំទ្រលោក Nixon ធ្វើជាប្រធានាធិបតីនោះឡើយ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ថា សម្រាប់កម្ពុជាក្រោយការបោះឆ្នោតឆ្នាំ២០១៣ បាតុកម្មស្រែកអនាធិតេយ្យ «ហ៊ុនសែនអើយចុះចេញទៅ» តើអ្នកមានបានគិតពីឆន្ទៈរាស្រ្តដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាដែរឬទេ។ សូមកុំធ្វើ Logic ឱ្យពួកឆ្គួត សូមអ្នកវិភាគរាប់ទាំងអ្នកច្បាប់នានាមើលឱ្យច្បាស់ កុំបកស្រាយតែមួយជ្រុងតាមរបៀបបោកប្រាស់៕






No comments:

Post a Comment