Wednesday, October 18, 2017

លោក សុខ ឥសាន ថ្លែងថាមតិរបស់បណ្តាប្រទេសខ្លះលើពិភពលោកពីបញ្ហាកម្ពុជាគ្រាន់តែជាមតិលំអៀងកាន់ជើងអាយ៉ងរបស់ខ្លួនតែប៉ុណ្ណោះ

កាលពីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ពាក់ព័ន្ធនឹងសភាពការណ៍កម្ពុជាបច្ចុប្បន្ននេះ មានស្ថាប័នបណ្តាប្រទេសមួយចំនួនបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជាបោះបង់ចោលរាល់វិធានការណ៍ផ្លូវច្បាប់លើមេបក្សប្រឆាំង និង បក្សប្រឆាំង ក្រោមលេសថាដើម្បីការបោះឆ្នោតនាខែកក្កដា ២០១៨ អាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ ចំពោះបញ្ហានេះ អាចចាត់ទុកថាជាការបញ្ចេញមតិរប​ស់បណ្តាស្ថាប័នបណ្តាប្រទេសទាំងនោះ ដែលការមានមតិទាំងនោះ គ្រាន់តែជាការមានមតិ​លំអៀងកាន់ជើងអាយ៉ងរបស់ខ្លួនតែប៉ុណ្ណោះ។

លោក សុខ ឥសាន បានសង្កត់ធ្ងន់ថា ព្រះរាជាណាចក្រកម្ពុជា ជារដ្ឋឯករាជ្យ មានអធិបតេយ្យ ស្មើសិទ្ធិ ស្មើភាព ជាមួយបណ្តាប្រទេសលើសាកលលោក គោរពគ្នាទៅវិញទៅមក មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នាដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិក៏ដូចជាធម្មនុញ្ញអាស៊ានផងដែរ។ល។ កម្ពុជាមានសិទ្ធិដោះស្រាយកិច្ចការផ្ទៃក្នុងរបស់ខ្លួនតាមច្បាប់កម្ពុជាមិនយកច្បាប់បណ្តាប្រទេសដទៃមកអនុវត្តនោះទេ។ លោកបានបន្ថែមថា ការធ្វើវិសោធនកម្មច្បាប់នានា គឺជាសំណូមពរ និងតម្រូវការចាំបាច់របស់សង្គមកម្ពុជាឱ្យស្របតាមដំណាក់កាលនិងសភាពការណ៍ថ្មីនៅកម្ពុជា។ ការអនុម័តច្បាប់របស់រដ្ឋសភាកម្ពុជា បានដំណើរការស្របតាមរដ្ឋធម្មនុញ្ញ និងនីតិវិធី បទបញ្ជាផ្ទៃក្នុងរដ្ឋសភាជាធរមាន។

លោក សុខ ឥសាន ក៏បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា មិនបានឆក់ប្លន់ឆន្ទៈប្រជាជនទេ ផ្ទុយទៅវិញគឺគណបក្សប្រឆាំងទៅវិញទេដែលបានយកឆន្ទៈប្រជាជនទៅជាន់ឈ្លី និងប្រ​មាថ យកឆន្ទៈប្រជាជនទៅដោះដូរជាមួយបរទេសជាថ្នូរនឹងការដាក់ខ្លួនធ្វើជាអាយ៉ងបរ​ទេសលក់​ខ្លួនឱ្យបរទេសដើម្បីមហិច្ឆតាអំណាចតែប៉ុណ្ណោះ៕


No comments:

Post a Comment