Tuesday, August 29, 2017

តើបងប្អូនបានស្គាល់តំបន់បេតិកភណ្ឌភ្នំត្បែងហើយឬនៅ ហើយតំបន់នេះមានអ្វីគួរឱ្យទាក់ទាញ?

បង្កើតឡើងកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ ដោយចំណាររបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំបន់បេតិកភណ្ឌភ្នំត្បែង មានផ្ទៃដីប្រមាណ២ម៉ឺន៥ពាន់ហិកតា (២៥.២៦៩,៤១) ដែលមានភូមិសាស្ត្រជាប់ស្រុកចំនួនបួន គឺស្រុកសង្គមថ្មី ស្រុកៃ គូលែន ស្រុករវៀង និងក្រុងព្រះវិហារ។

តំបន់បេតិកភណ្ឌមួយនេះ មានភាពល្អឯកលើសម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ទឹកជ្រោះចំនួន៣ដំណាក់តាំងពីកំពូលរហូតជើងភ្នំ និងមានទេសភាពចំការចេករបស់ប្រជាពលរដ្ឋ តាមដងផ្លូវទៅកាន់ភ្នំត្បែងដែលមានកម្ពស់ជាង៤.៨០០កាំ។ មិនត្រឹមតែប៉ុណ្ណោះ ភ្នំត្បែងគឺជាទីតាំងប្រវត្តិសាស្ត្រដែលពលរដ្ឋកម្ពុជាគោរពបូជា ទីសក្ការៈទាំងនោះរួមមាន ថ្មបីដុំជាដើម។
តើមានមូលហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាដាក់តំបន់ធម្មជាតិ ភ្នំត្បែងនេះទៅជាតំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង?

មានមូលហេតុសំខាន់ៗយ៉ាងហោចណាស់ចំនួន៥ចំណុច ដែលរដ្ឋាភិបាលកម្ពុជាចង់បាននោះគឺ ទី១-ការការពារតួនាទីផ្នែកប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាប្រយោជន៍ របស់មនុស្សគ្រប់ជំនាន់ ទី២- ការកម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ នៃតំបន់ធម្មជាតិនេះ ទី៣- ការការពារសោភ័ណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិ នៃតំបន់នេះសម្រាប់បម្រើដល់ការកំសាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្ត្រ និងជំនឿ ដែលគ្រប់សកម្មភាពទាំងនេះពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន ទី៤- ការផ្តល់សេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព និងទី៥- ការលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់។

បច្ចុប្បន្នតំបន់បេតិកភណ្ឌភ្នំត្បែង បានក្លាយជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរណ៍ ជាពិសេសយុវជនក្នុងការកំសាន្តចុងសប្តាហ៍ ដោយការបោះតង់ជាក្រុម និងជាលក្ខណៈគ្រួសារជាដើម។
សូមធ្វើដំណើរទៅកាន់តំបន់បេតិកភណ្ឌភ្នំត្បែងទាំងអស់គ្នា ដើម្បីទទួលបានចំណីអារម្មណ៍ប្លែកពីទេសភាព និងខ្យល់អាកាសបរិសុទ្ធ៕








No comments:

Post a Comment