Tuesday, August 29, 2017

(សូមទស្សនាវីដេអូ)៖ តំណាងកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ព្រមានមិនឱ្យឧត្តមស្នងការអង្គការកំពូលនេះ ប្រៀនប្រដៅកម្ពុជា ដូចកូនក្មេងកាលពីអតីតកាលទៀតឡើយ



ឆ្លើយតបនឹងសេចក្តីប្រកាសរបស់អ្នកនាំពាក្យ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុក សិទ្ធិមនុស្ស នាពេលថ្មីៗនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នានា នៅក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីម្សិលមិញ បានព្រមានដល់អង្គការអន្តរជាតិថ្នាក់កំពូលនេះ មិនឱ្យធ្វើការប្រៀនប្រដៅកម្ពុជា ដូចក្មេងកាលពីអតីតកាលទៀតឡើយ។
សេចក្តីថ្លែងការណ៍របស់ តំណាងកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ដែលទទួលបាននៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ បានធ្វើឡើងបន្ទាប់ពី លោកស្រី Liz Throssell អ្នកនាំពាក្យឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ ដោយវាយប្រហារចំពោះស្ថានភាពដែលកើតឡើងថ្មីៗ នៅក្នុងប្រទេសកម្ពុជា។
ក្នុងសេចក្តីប្រកាសរបស់ អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានចាត់ ទុកថា ចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជានេះ គឺជាគំរាមកំហែង បំបិទសិទ្ធិរបស់អង្គការមិនមែនរដ្ឋាភិបាល សារព័ត៌មាន និងក្រុមអ្នកប្រឆាំង ហើយថាវិធានការនេះ ធ្វើឱ្យប៉ះពាល់ដល់ការបោះឆ្នោតជាតិជ្រើសតាំង តំណាងរាស្រ្ត នៅក្នុងអាណត្តិក្រោយនេះ។
ឆ្លើយតបនឹងការវាយប្រហារនេះ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចាត់ទុក សេចក្តីប្រកាសព័ត៌មានរបស់ លោកស្រី Liz Throssell គឺធ្វើទ្បើងដោយមិនបានផ្អែក ទៅលើការពិតគ្រប់ ជ្រុងជ្រោយនោះទេ ប៉ុន្តែធ្វើទ្បើងដោយផ្អែកទៅលើពាក្យចចាមអារាម និងប្រភពដែលមិនច្បាស់លាស់ និងមានចរិតនយោបាយ។
សេចក្តីថ្លែងការរបស់តំណាងកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់បន្ថែមថា នៅពេលដែលច្បាប់ និងបទបញ្ញត្តិ ដែលមានជាធរមានត្រូវបានគេរំលោភបំពាន វិធានការរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីទប់ ទល់នឹងអំពើល្មើសច្បាប់ទាំងនោះ មិនគួរត្រូវបានគេបកស្រាយថា ជាការគម្រាមកំហែងទេ ហើយវិធាន ការទាំងនោះមិនមានអ្វីពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំក្រោយដែរ ។
តំណាងកម្ពុជាប្រចាំនៅ UN បានបកស្រាយទៀតថា ក្នុងគោលបំណងនាំមកនូវការលើកស្ទួយ ការការពារ និងការគោរពសិទ្ធិមនុស្សដែលអនុលោមទៅតាមវត្ថុបំណងរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងដើម្បីជាគុណប្រយោជន៍ដល់យុត្តិធម៌ រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការ ពង្រឹងការអនុវត្តន៍ច្បាប់ និងបទបញ្ញត្តិនានា ដែលការអនុវត្តន៍ទាំងនេះពុំមានការខុសគ្នាពីការអនុវត្តន៍ នានានៅក្នុងសង្គមប្រកាន់លទ្ធិប្រជាធិបតេយ្យនោះទ្បើយ។ ការពង្រឹងនីតិរដ្ឋ គឺមានន័យថាជនល្មើសត្រូវ ទទួលខុសត្រូវនូវទង្វើរបស់ពួកគេនៅចំពោះច្បាប់។ រូបវ័ន្តបុគ្គល នីតិបុគ្គល និងអង្គភាពផ្សេងៗ មានសិទ្ធិស្មើភាពគ្នានៅចំពោះមុខច្បាប់ ហើយពួកគេទទួលបានការការពារស្មីៗគ្នាពីរាជរដ្ឋាភិបាល។
ជាការពិតណាស់ អង្គភាព និងបុគ្គលគ្រប់រូបមិនត្រូវបានអនុញ្ញាតឱ្យធ្វើការបំភ្លៃ សាធារណជន ញុះញង់កង កំលាំងប្រដាប់អាវុធ និងអ្នកអានគ្រប់រូបឱ្យប្រពឹត្តនូវសកម្មភាពប្រទូស្តរាយ បះបោល និងហឹង្សាបានទ្បើយ។ ក្នុងន័យនេះ វាជាការអកុសល្យ នៅពេលដែលលោកស្រីអ្នកនាំពាក្យចាត់ទុក បរិយាកាសនៃការអនុវត្តន៍ច្បាប់ របស់រដ្ឋាភិបាល ថាជាការបង្កបរិយាកាសកាន់តែអាក្រក់ចំពោះក្រុមណាមួយ។
ដោយឡែកចំពោះរិះគន់ពាក់ព័ន្ធនឹងការបំបិទសិទ្ធិសេរីភាពសារព័ត៌មានវិញ តំណាងកម្ពុជា បានប្រកាសថា សេរីភាពសារព័ត៌មានមិនមានន័យថាបណ្តាញសារព័ត៌មានអាចគេចវេស ឬមិនព្រមបង់ពន្ធជាមួយនឹង និទណ្ឌ ភាពឡើយ។ ជាក់ស្តែង មានកាសែត អង្គការមិនមែនរដ្ឋាភិបាល និងស្ថានីយ៍វិទ្យុជាច្រើន កំពុងដំណើរការ ដោយសេរីភាពពេញលេញ និងសុខដុមរមនា ក្នុងប្រទេសកម្ពុជា លើកលែងតែ អង្គភាពមួយចំនួនតូច តើនេះ បណ្តាល មកពីមូលហេតុអ្វី? ពីព្រោះពួកគេមិនបានបំពេញកាតព្វកិច្ចបង់ពន្ធ និងការគោរពច្បាប់ និងបទ បញ្ញត្តិដែលមានស្រាប់ ដូចអង្គភាពភាគច្រើនដែលបាន និងកំពុងអនុវត្តតាមច្បាប់រដ្ឋ។ ការបំពេញកាតព្វ កិច្ចបង់ពន្ធ និងអនុវត្តតាមច្បាប់ គឺមិនលើកលែងចំពោះនរណាម្នាក់ ក្នុងប្រទេសណាមួយក្នុងពិភពលោកទេ។

សង្ខេបឱ្យខ្លីទៅ នៅពេលនិយាយពីបញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ រួមបញ្ចូល ទាំងសេរីភាព នៃការបញ្ចេញមតិ សេរីភាពនៃការចូលរួម និងកាតព្វកិច្ចផ្សេងៗទៀត ស្ថានបេសកកម្មសូមបញ្ជាក់ជូនថា កម្ពុជាមិនស្ថិតនៅក្នុងដំណាក់កាលកុមារភាពទៀតទេ យើងមានភាពចាស់ទុំគ្រប់គ្រាន់ ក្នុងការប្រឈមដោះ ស្រាយដោយខ្លួនឯងដោយមិនចាំបាច់ត្រូវការការប្រៀនប្រដៅគ្រប់បែបយ៉ាងនោះទេ ៕

No comments:

Post a Comment