Tuesday, August 29, 2017

ប្រទេសចំនួន១៣​ ចូលរួមសន្និសីទ​ថ្នាក់តំបន់​ស្តីពីនិរន្តរភាព​តំបន់ដីសើម​ជាយក្រុង​ នៅខេត្ត​សៀមរាប​

ប្រទេសជាសមាជិកអនុសញ្ញាតំបន់រ៉ាមសារចំនួន១៣ប្រទេស រួមជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ឋ បានចូលរួមក្នុងសន្និសីទថា្នក់តំបន់ស្តីពី និរន្តរភាពតំបន់ដីសើមជាយក្រុង នៅខេត្តសៀមរាប។
សន្និសីទថ្នាក់តំបន់នេះ រៀបចំដោយនាយកដ្ឋានអភិរក្សតំបន់ដីសើមទឹកសាប នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិក្រសួងបរិស្ថាន លេខាធិការដ្ឋានអនុសញ្ញារ៉ាមសារដើម្បី៖ ១- លើកទឹកចិត្ត និងបង្កើនការយល់ដឹងដល់អ្នកចូលរួម ពីប្រធានបទសម្រាប់សន្និសីទសមភាគីលើកទី១៣ នៃអនុសញ្ញារ៉ាមសារ ដែលនឹងប្រារព្ធឡើងនៅឆ្នាំ២០១៨ ២- ផ្សព្វផ្សាយលទ្ធផលនៃករណីសិក្សា ដែលជោគជ័យ និងការអនុវត្តអ្វីដែលល្អៗទាក់ទងនឹងការគ្រប់គ្រងប្រកបដោយនិរន្តរភាពនៃតំបន់ដីសើមជាយក្រុង ៣- ផ្តួចផ្តើមកិច្ចពិភាក្សារវាងប្រទេសនានា ស្តីពីបញ្ហាតំបន់ដីសើមជាអាទិភាព សម្រាប់ការអភិវឌ្ឍដោយចីរភាព និង៤- បង្កើត និងពង្រឹងភាពជាដៃគូរដែលមានស្រាប់ក្នុងចំណោមអ្នកអភិរក្សតំបន់ដីសើម។
នាឱកាសបើកវេទិកានោះ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឲ្យដឹងថា ប្រទេសកម្ពុជា មានតំបន់ដីសើមគ្រប់ដណ្តប់ប្រមាណ ៣០% នៃផ្ទៃប្រទេស ហើយតំបន់ដីសើមដ៏ធំល្វឹងល្វើយនេះ គឺជាទីជម្រកយ៉ាងសំខាន់សម្រាប់មច្ឆាជាតិ សត្វស្លាបទឹក សត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ីសម្បូរបែប ដែលទ្រទ្រង់សោភ័ណភាពធម្មជាតិ បរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅជនបទ ដែលពឹងផ្អែកទាំងស្រុងទៅលើធនធានធម្មជាតិ តាមរយៈការប្រមូលផល អនុផលព្រៃឈើ ការធ្វើកសិកម្ម ការនេសាទ និងការអភិវឌ្ឍមណ្ឌលកំសាន្តនៅក្នុងតំបន់ដីសើម។
លោកបានបន្តថា តាមរយៈការជួបជុំនេះ ក៏ជាឱកាសផ្សព្វផ្សាយ ចែករំលែកចំណេះដឹង ផ្លាស់ប្តូរបទពិសោធន៍ល្អៗ ស្តីពីការគ្រប់គ្រងតំបន់ដីសើម និងពង្រឹងទំនាក់ទំនងរវាងបណ្តាប្រទេសជាសមាជិក សម្រាប់សម្រួលការងារ បង្កើនកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ ក្នុងការគ្រប់គ្រងតំបន់ដីសើមឱ្យមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីតំបន់ដីសើមមានសារៈសំខាន់ជាអន្តរជាតិ ជាពិសេសទីជម្រកសត្វស្លាបទឹក ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ១៩៩៦ ហើយកម្ពុជាបានក្លាយជា សមាជិកពេញសិទ្ធិទី១១៦ នៃអនុសញ្ញារ៉ាមសារ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩៩។
រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបន្តទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើតតំបន់រ៉ាមសារចំនួនបួនកន្លែង ដែលមានផ្ទៃក្រឡាសរុប៧៥.៩៤២ ហិកតា ដែលស្ថិតនៅទីតាំងភូមិសាស្រ្ត និងប្រព័ន្ធអេកូឡូស៊ីផ្សេងៗគ្នា គឺតំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសារព្រែកទាល់ ដែលស្ថិតនៅក្នុងភូមិសាស្រ្តបឹងទន្លេសាប តំបន់រ៉ាមសារកោះកាពិ ដែលស្ថិតនៅក្នុងភូមិសាស្រ្តតំបន់ឆ្នេរខេត្តកោះកុង និងតំបន់រ៉ាមសារទន្លេមេគង្គ ដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង។
សន្និសីទថ្នាក់តំបន់ស្តពីនិរន្តរភាពតំបន់ដីសើមជាយក្រុង ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ នៅខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមជាអធិបតីភាព លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក Lew Young តំណាងលេខាធិការដ្ឋានរ៉ាមសារ និង លោក Suh Seung Oh នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលរ៉ាមសារប្រចាំតំបន់អាស៊ីខាងកើតផងដែរ។

លោកបានបន្ថែមថា ប្រទេសជាសមាជិកអនុសញ្ញាចំនួន១៣ ចូលរួម រួមមាន៖ ថៃ ស្រីលង្កា កូរ៉េ ឥណ្ឌា មីយ៉ាន់ម៉ា សាធារណៈរដ្ឋប្រជាមានិតឡាវ នេប៉ាល់ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ម៉ុងហ្គោលី និងប្រទេសបង់ក្លាដែស ដើម្បីពិភាក្សាលើប្រធានបទត្រៀមសម្រាប់សន្និសីទសមភាគីលើកទី១៣ នៃអនុសញ្ញារ៉ាមសារ ដែលនឹងប្រារព្ធឡើងនៅឆ្នាំ២០១៨ខាងមុខ៕





No comments:

Post a Comment