Friday, July 14, 2017

ការប្រឆាំងសាកលភាវូបនីយកម្មរបស់ ត្រាំ មិនត្រូវបានគេស្វាគមន៍នៅកិច្ចប្រជុំក្រុមប្រទេស ២០

កិច្ច​ប្រជុំ​កំពូល​ក្រុម​ប្រទេស ២០ នាពេល​ថ្មីៗនេះ​នៅ​អាឡឺម៉ង់​នោះ​មិន​ខុស​ពី​កិច្ច​ប្រជុំ​ដទៃ​ទៀត​នោះ​ទេ។ នៅ​មុន​កិច្ច​ប្រជុំ​នោះ​បាន​ចាប់​ផ្តើម អ្នក​អត្ថាធិប្បាយ​​បាន​ព្យាករណ៍​ថា មេដឹកនាំ​ពិភព​លោក​ខ្លះ​នឹង​ឈាន​ដល់​ចំណុច​រួម​តិច​ជាងដែល​​​ពួក​គេ​មាន​នៅ​ក្នុង​កិច្ច​ប្រជុំ​មុនៗ។ ប៉ុន្តែ មាន​មូល​ហេតុ​មួយ​ដែល​កិច្ច​ប្រជុំ​ចុង​ក្រោយ​នេះ​មិន​ធម្មតាគឺ ដូណាល់ ត្រាំ។​ អ្នក​កាសែត​នយោបាយ​ជើង​ចាស់​របស់​អូស្ត្រាលី​លោក Chris Uhlmann បាន​និយាយ​ថា “​ត្រាំ ជា​ឥស្សរជន​​ឯកោ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ ហើយ​អ្នក​មាន​អារម្មណ៍​ថា មេដឹកនាំ​ពិភព​លោក​ខ្លះ​កំពុង​ព្យាយាម​រក​វិធីល្អបំផុត​​ដើម្បី​ធ្វើ​ការ​ដោយ​គ្មាន​គាត់។ គាត់​គ្មាន​​បំណង ​និង​គ្មាន​សមត្ថភាព​ក្នុងការ​ដឹកនាំ​ពិភព​លោក​ទេ”។
ជា​ទូទៅ ព្រឹត្តិការណ៍បែប​នេះ​បាន​លើក​កម្ពស់​តម្លៃរួម​នៃ​សហគមន៍​អន្តរជាតិ​ ដោយ​ដាក់​សន្តិសុខ សន្តិភាព និង​កំណើន​សេដ្ឋកិច្ច​​នៅ​ក្នុង​ចំណុច​ស្នូល​នៃ​របៀប​វារ។
 ត្រាំ ប្រឆាំង​នឹង​គោល​នយោ​បាយ​ក្រុម​ប្រទេស​ ២០ ដែល​គេ​ប្រើជា​យូរ​មក​ហើយ
ទោះជា​យ៉ាង​ណា​ក្តី ចាប់​តាំង​ពី​គាត់​ឡើង​កាន់អំណាច ត្រាំ បាន​ច្រាន​ចោល​រហូត​នូវ​ទស្សនៈ​​អំពី​សហគមន៍​ពិភព​លោក ​និង​ផល​ប្រយោជន៍​នៃ​សាកល​ភាវូបនីយកម្ម។ ជា​ជំនួសវិញ គាត់​កំពុង​បង្កើន​តម្លៃ​នៃ​ការគាំពានិយម​ ដែល​នឹង​បង្ខំ​ឲ្យ​ក្រុម​ប្រទេស ២០ ខិត​ខំ​រក​គោល​នយោ​បាយ​ដែល​ផាត់​ចោល​នូវ​វិធីនេះ។​ ច្បាស់ណាស់​ ​គាត់​មាន​ការ​ប្រឆាំង​នឹង​ការ​ចង់​បាន​របស់​ចិន។ កាលឆ្នាំ​មុន ប្រធានាធិបតី​ ស៊ី ជីនពីង បាន​ប្រាប់​កិច្ច​ប្រជុំ APEC នៅ​ប្រទេស​ Peru ដែល​ប្រទេស​នេះ​នឹង​មិន​​ប្រឆាំង​សាក​ល​ភា​វូប​នីយកម្ម​នោះទេ។ គាត់​បាន​និយាយថា “ការ​ផាត់​អ្នក​ដទៃ​ចេញ​មិន​មែនជា​ជម្រើស​ត្រឹម​ត្រូវ​ទេ។ ចិន​នឹងមិន​​បិទទ្វា​​ដល់ពិភព​ខាង​ក្រៅនោះទេ ប៉ុន្តែកាន់តែ​បើក​ចំហរ។ យើង​នឹង​ធានា​ថា ​ផ្លែផ្កា​នៃ​ការ​អភិវឌ្ឍ​​ត្រូវ​បាន​ចែក​រំលែក”។
ជំហរ​ប្រឆាំង​សាកលភាវូបនីយកម្ម​របស់ ត្រាំ ក៏​បាន​ធ្វើ​ឲ្យ​គាត់​ប្រឆាំង​នឹង​មេដឹកនាំ​ធុរកិច្ច​ធំៗ​ជា​ច្រើន​ ក្នុង​ចំណោម​នោះ​គឺ​​នាយក​របស់​ក្រុមហ៊ុន Apple លោក Tim Cook។ ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​​នាពេល​ថ្មីៗ​ទៅ​កាន់​ប្រទេស​ចិន លោក Cook បាន​ការពារ​សាកលភាវូបនីយកម្ម​ ដោយ​ចាត់​ទុក​វាថា ជាការ​ល្អបំផុត​សម្រាប់​ពិភព​លោក​ និង​​មានការ​ព្រមាន​​លើ​ភាព​ឯកោនិយម។​
 មូល​ហេតុ​ដែល​សាកលភាវូនីយកម្ម​ល្អសម្រាប់​ពិភព​លោក
ខ្ញុំ​នៅតែ​មាន​ទំនុក​ចិត្ត​ដល់​ការដែល​ខ្ញុំ​លើក​ឡើង​នៅ​ខែវិច្ចិកាមុន​ថា “សាកលភាវូបនីយកម្ម​នឹង​ស្ថិត​នៅ​ដដែល​ ហើយ​នឹង​កាន់តែ​បោះជំហាន​ទៅ​មុខ​ថែម​ទៀត​ផង” ទោះបីជា​​ចេតនា​របស់​ ត្រាំ និង​រដ្ឋការ​របស់គាត់​ក្នុងការ​ទាត់​ទស្សនៈ​នោះ​ចោល​ក៏​ដោយ។ មនុស្ស​ជា​ច្រើន ធុរកិច្ច​ជា​ច្រើន និង​បណ្តា​ប្រទេស​ទាំងអស់​កាន់តែ​យក​ចិត្ត​ទុក​ដាក់​លើ​ពិភព​លោក ​និង​ផ្តោត​លើ​អន្តរជាតិ​ ហើយ​មាន​មូល​ហេតុ​សំខាន់​ៗ​សម្រាប់​រឿង​នេះ។ ទីមួយ- សាកលភាវូបនីយកម្ម​បាន​លើក​កម្ពស់​កំណើន​សេដ្ឋ​កិច្ច​ បង្កើត​ការងារ និង​បង្កើន​ការ​ប្រកួត​ប្រជែង​រវាង​ក្រុម​ហ៊ុន ដែល​នាំ​ឲ្យ​កាត់​បន្ថយ​តម្លៃ​​សម្រាប់​អ្នក​ប្រើ​​ប្រាស់។​ ទីពី- វា​បានបង្កើន​ការ​ប្រកួត​ប្រជែង​រវាងប្រទេស និង​ប្រទេស ដែល​ស្មើ​នឹង​ការ​មាន​តម្លៃ​ទាប​នៃ​​ទំនិញ​សម្រាប់​ប្រជាជន​សាមញ្ញ។​ ទីបី- វា​ផ្តល់​ឲ្យ​ទី​ផ្សារ​ពិភព​លោក​សម្រាប់​ទាំង​ធុរកិច្ច ​និង​ទាំង​អ្នក​ប្រើ​ប្រាស់។​ ទីបួន- វា​អាច​ជួយ​ប្រទេស​ក្រីក្រ​អភិវឌ្ឍន៍​​តាម​រយៈ​​កម្រិតនៃ​ការវិនិយោគ​បរ​ទេស​​កាន់តែ​ធំ។ ជា​ការ​ត្រ​ឡប់​វិញ នេះ​​បាន​ធ្វើ​ឲ្យ​ប្រទេស​ទាំង​នោះ​កាន់តែ​ស្ថិរភាព ​​និង​សន្តិភាព។​ ទីប្រាំ- កម្លាំង​ពល​កម្ម​អាច​ចល័ត​កាន់តែ​សេរី​រវាង​ប្រទេស​ទាំង​នោះ។​ ហើយទីប្រាំមួយ- វា​បាន​បង្កើន​​ការ​ទទួល​យក​និង​យល់​ដឹង​ផ្នែក​សង្គម​និង​វប្បធម៌​រវាង​ប្រទេស​និង​ប្រទេស​ នៅពេល​ពួក​គេ​ប្រា​ស្រ័យ​ទាក់​ទង​គ្នា។​
ជា​ការ​ពិត មាន​គុណវិបត្តិ​ខ្លះ ប៉ុន្តែ​ខ្ញុំ​យល់​ស្រប​ជា​មួយ​លោក Tim Cook ដែល​ថា សាកល​ភាវូបនីយកម្ម​​បាន​ផ្តល់​ផល​ប្រយោជន៍​ខ្លាំង​ដល់​ពិភព​លោក។ ទោះបីជា​អ្នក​គិត​ដូច​ម្តេច​ក៏​ដោយ និង​​ទោះបីជា​អ្នក​គាំទ្រ ឬ​ប្រឆាំង​ក៏ដោយ ក៏​សាកលភាវូបនីយកម្ម​នឹង​មិន​បញ្ឈប់​នោះដែរ។ សាកល​ភាវូបនីយកម្ម​​មាន​ការ​ក្តាប់​យ៉ាង​ណែន​លើ​ពិភព​លោក។ ដោយ​វា​ស្ថិត​នៅ​ក្នុង​ចិត្ត​នោះ យើង​ចាំ​បាច់​ត្រូវ​តែ​ធានាថា សាកលភាវូបនីយកម្ម​​មិន​ត្រូវ​គេ​ចាប់​ជា​ចំណាប់​ខ្មាំង ឬ​បំបែក​បាន​ទេ ហើយ​ថា វា​បាន​ផ្តល់​ផល​ប្រយោជន៍​ដល់​មនុស្ស​កាន់តែ​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ នេះ​នឹង​តម្រូវ​ឲ្យ​មាន​ភាព​ជា​អ្នក​ដឹកនាំ​នយោ​បាយ​រឹង​មាំ​ ជាអ្វីដែល​ត្រំា​បាន​បង្ហាញ​នៅ​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រទេស ២០ នា​ពេល​​ថ្មីៗនេះ​ថា គាត់​មាន​ការ​ខ្វះខាត។​ នេះ​នឹង​ដាក់​ប្រទេស​អាមេរិក​​ដើរ​នៅ​ក្រោយ​គេ ក្នុង​ខណៈ​ប្រទេស​អាស៊ី​ជា​ច្រើន ដូចជា​ចិន​និង​ឥណ្ឌា​ ដើរ​នៅ​មុខ​គេ​​ក្នុងការ​លើក​កម្ពស់​សាក​លភា​វូបនី​យ​កម្ម​៕

(ប្រភព៖ Asia Times ចុះថ្ងៃ១៣ ខែកក្កដា​ ​ឆ្នាំ២០១៧)



No comments:

Post a Comment