Friday, July 14, 2017

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន ជំរុញឱ្យយុវជនខិតខំរៀន ដើម្បីទទួលបាននូវចំណេះដឹង និងជំនាញ ចូលរួមអភិវឌ្ឍន៍សង្គមជាតិនៅថ្ងៃអនាគត

ប៉ៃលិន៖ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧នេះ លោកស្រី បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានជំរុញឱ្យខិតខំរៀនសូត្រដើម្បីទទួលបាននូវចំណេះដឹងពិត ជំនាញពិត ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិឱ្យរីកចម្រើនបន្ថែមទៀតនៅថ្ងៃអនាគត។ លោកស្រី បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជួបសំណេះ​សំ​ណាល ជាមួយលោកគ្រូ អ្នកគ្រូ និស្សិតទទួលបានអាហារូបករណ៍របស់ឯកឧត្តមអ៊ី ឈាន និងសិស្សានុសិស្សថ្នាក់​ទី១២ ដែលកំពុងរៀនវគ្គបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦-២០១៧ ក្នុងខេត្តប៉ៃលិន ចំនួន ៥៤៣នាក់។
ក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដល់លោកគ្រូ អ្នកគ្រូ ជាពិសេសក្មួយៗសិស្សានុសិស្សទាំងអស់ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។ លោកស្រី បានបន្ថែមថា នេះជាតំណាក់កាលនៃការកែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យអប់រំ ដោយធ្វើការរឹតបន្តឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីជ្រើសរើសសិស្សានុសិស្សដែលមានសមត្ថភាព និងចំណេះដឹងពិតប្រាកដ ហើយការរឹតបន្តឹងការប្រឡងនេះដែរ ក៏បានកំពុងពញ្ញាក់ស្មារតីរបស់សិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រ ដើម្បីទទួលបាននូវចំណេះដឹងពិត ជំនាញពិត ក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិរបស់យើងឱ្យរីកចម្រើនបន្ថែមទៀតនៅថ្ងៃអនាគត។ ការសិក្សារៀនសូត្រ គឺមានសារៈសំខាន់ណាស់ ក្នុងការផ្តល់នូវធនធានមនុស្សសម្រាប់ការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ជាពិសេសគឺការប្រកួតប្រជែងលើគ្រប់ផ្នែក គ្រប់វិស័យ ជាមួយប្រជាជនបណ្តាប្រទេសនានានៅក្នុងសកលលោក ក៏ដូចជានៅក្នុងតំបន់អាស៊ានផងដែរ។

លោកស្រី បាន ស្រីមុំ ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹងដែលលោកគ្រូ អ្នកគ្រូបានបង្ហាត់បង្រៀន ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនាពេលខាងមុខ ហើយសម្រាប់ឆ្នាំ២០១៧នេះ លោក អ៊ី ឈាន នឹងផ្តល់រង្វាន់លើកទឹកចិត្ត ដល់ក្មួយៗសិស្សានុសិស្សទាំងអស់ដែលប្រឡងជាប់ទទួលបាននិទ្ទេសល្អ ហើយទន្ទឹមនឹងនេះ លោក អ៊ី ឈាន និងលោកស្រី ក៏បានផ្តល់អាហារូបករណ៍ ១០០% ជាច្រើនកន្លែងដល់ប្អូនៗ ដែលបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ តែគ្មានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដោយសារបញ្ហាជីវភាពទីទាល់ក្រ ហើយជាក់ស្តែងរយៈពេល ៤ឆ្នាំកន្លងមកនេះ សិស្សានុសិស្សក្រីក្រជាច្រើននាក់ បានទទួលអាហារូបករណ៍ ១០០% ទៅបន្តការសិក្សានៅតាមគ្រឹះស្ថានសិក្សានានាក្នុងខេត្តបាត់ដំបង។ នៅក្នុងឱកាសសំណេះសំណាលនោះផងដែរ លោកស្រី បាន ស្រីមុំ ក៏បានឧបត្ថម្ភសម្ភារៈសិក្សា និងថវិកា ដល់លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សានុសិស្ស ដែលជាអំណោយរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕








No comments:

Post a Comment