Friday, July 14, 2017

បទអត្ថាធិប្បាយ៖ ការធ្វើវិសោធនកម្មច្បាប់ ដើម្បីប្រយោជន៍ជាតិ មិនមែនសម្រាប់តែបុគ្គល ជាទណ្ឌិតណាមួយនោះទេ!

បន្ទាប់ពីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលត្រូវបានអនុម័ត​ជាឯកច្ឆ័ន្ទ​ដោយ​រដ្ឋសភា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ និងត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យទទួលយក​ខ្លឹមសារនៃសេចក្តី​ស្នើវិសោធនកម្មច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅថ្មីៗនេះ ទណ្ឌិត សម រង្សី បានតាំងខ្លួនឯងជាតួឯក ដោយលើកឡើងក្នុង Facebook ថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ គឺដើម្បីបញ្ចប់ជីវិតនយោបាយរបស់ខ្លួនទៅវិញ។ តាមពិតការធ្វើ​វិសោធនកម្មច្បាប់នេះ គឺដើម្បីប្រយោជន៍ជាតិ មិនមែនសម្រាប់​តែបុគ្គល​ជាទណ្ឌិត​ណាមួយនោះទេ!

ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ មិនមែនសំដៅចំពោះទណ្ឌិត សម រង្សី នោះទេ តែសម្រាប់​បុគ្គលទាំងអស់ និងអនុវត្តន៍សម្រាប់គ្រប់គណបក្សនយោបាយ សូម្បីតែគណបក្សកាន់ អំណាច ដែលជាអ្នកស្នើវិសោធនកម្មច្បាប់នេះ ក៏ត្រូវអនុវត្តន៍ដូចគ្នា។ គោលដៅធំមួយ នៃការធ្វើ​វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺដើម្បីជាប្រយោជន៍ជាតិ។ ច្បាប់នេះ មានគោល​បំណងទប់ស្កាត់ អ្នកទោស​មិនឱ្យធ្វើសកម្មភាពឃោសនានយោបាយ ឬចូលរួមពាក់ព័ន្ធ ក្នុងកិច្ចការ​នយោបាយត្បិតខ្លួនឯងជាអ្នកទោស ព្រោះច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់​ហើយថា អ្នកទោសត្រូវមិនត្រូវបានអនុញ្ញាតឱ្យចូលរួមបោះឆ្នោតក៏ដោយនោះទេ។ ពោលគឺទាល់តែ​បុគ្គល​ដែលជាអ្នកទោសនោះ បានអនុវត្តទោសទណ្ឌរបស់ខ្លួនចប់សព្វគ្រប់ តាមសាលក្រមរបស់​តុលាការរួច និងត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ទើបអាចចូលរួម​បោះឆ្នោតបាន ដូចប្រជា​ពលរដ្ឋទូទៅ។ ដូចនេះបើទណ្ឌិត សម រង្ស៊ី នៅធ្វើនយោបាយបាន វាមិនស្មើភាពទេ សម្រាប់អ្នក​ទោស​​​ផ្សេងទៀត ដែលកំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារនោះ។

ជាងនេះទៅទៀត ការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺដើម្បីជំរុញយន្តការ ប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងតម្រង់ទិស​អ្នកនយោបាយខ្មែរឱ្យប្រកួតប្រជែងដោយ ស្មើភាពគ្នា គិតពីផលប្រយោជន៍ជាតិ ការពារសន្តិភាព និង​ប្រជាធិបតេយ្យ។ ការធ្វើវិសោធនកម្មច្បាប់នេះ មិនមែនដើម្បីរារាំង ឬបញ្ចប់ជិវិតនយោបាយរបស់​បុគ្គលណា​ម្នាក់​នោះទេ សូម្បីតែទណ្ឌិត សម រង្ស៊ី ក៏យល់ពីច្បាប់នេះដែរ ទើបសម្រេចចិត្តលាលែង​ពីតំណែង​ប្រធានបក្ស ដែលខ្លួនខំប្រឹងក្រាញននៀលអស់រយៈពេលជាង២០ឆ្នាំមកនេះ។

ជារួមច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយនេះ គឺមានវិសាលភាពអនុវត្តន៍ មិនចំពោះគណបក្ស ឬបុគ្គលណាមួយឡើយ និងដើម្បីការពារសុខសន្តិភាព ការពារជាតិ ស្ថិរភាព​នយោបាយ ការពារផលប្រយោជន៍ជាតិ ដែលជា ឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជាទាំងមូល។ ផ្អែកទៅលើមូលដ្ឋាននៃការពង្រឹងនីតិរដ្ឋ បើសិនជាមានការ ធ្វើខុសទៅនឹងអ្វីដែលមានចែង នៅក្នុងច្បាប់ ចាំបាច់ណាស់ ត្រូវតែមានការអនុវត្តច្បាប់ទៅតាមអ្វី ដែលមានចែងនៅក្នុងច្បាប់ ជាធរមាន មិនថាគណបក្សនយោបាយណា ឬអ្នកនយោបាយណា មួយនោះ ឡើយ៕

ដោយ៖ ក្រុមសិក្សាសង្គម

No comments:

Post a Comment