Friday, July 14, 2017

បណ្ឌិត្យសភានគរបាលកម្ពុជា ស្វាគមន៍ដំណើរទស្សនកិច្ចសិក្សារបស់សិស្ស និស្សិត និងសិក្ខាកាម នៃរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ


កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ឯក ស្វាយ ចាន់ដា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងលោកនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច របស់សិស្ស និស្សិត និងសិក្ខាកាម នៃរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃចំនួន៦០រូប ដឹកនាំដោយវរៈសេនីយ៍ទោ Suyapiang Bundon ដែលជាប្រធានគណៈប្រតិភូ មកកាន់បណ្ឌិត្យសភានគរបាលកម្ពុជា។
លោក ស្វាយ ចាន់ដា បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងលើកបង្ហាញពីតួនាទី ភារកិច្ចរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ដល់គណៈប្រតិភូខាងលើ ដើម្បីជាពុទ្ធិពេលត្រឡប់ទៅកាន់ព្រះរាជាណាចក្រថៃវិញ។
លោក ស្វាយ ចាន់ដា បានមានប្រសាសន៍ថា «បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រែក្លាយពីសាលាភូមិន្ទនគរបាល យោងតាមអនុក្រឹត្យ លេខៈ ៨៨ អ.ន.ក្រ.ប.ក ចុះថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០០៧។ បណ្ឌិត្យសភានគរបាលកម្ពុជា មានតួនាទីជាគ្រឹះស្ថានសិក្សា ដែលមានភារកិច្ចស្រាវជ្រាវវិទ្យាសាស្រ្តនគរបាល និងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ចំណេះដឹងទូទៅ និងភាសាបរទេស ដល់មន្រ្តីនគរបាលជាតិ និងមន្រ្តីពន្ធនាគារ។»។
នាឱកាសនោះដែរ លោកវរៈសេនីយ៍ទោ Suyapiang Bundon ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តី សិស្ស និស្សិត និងសិក្ខាកាមទាំងអស់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានសហការយ៉ាងល្អចំពោះដំណើរទស្សនកិច្ចសិក្សានេះ។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច របស់សិស្ស និស្សិត និងសិក្ខាកាម នៃរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ មកកាន់បណ្ឌិត្យសភានគរបាលកម្ពុជា មានគោលបំណងសំខាន់ដើម្បីរឹតចំណងមិត្តភាពរវាងអង្គភាពបណ្តុះបណ្តាលមន្ត្រីនគរបាលទាំងពីរ ក្នុងនាមជាសមាជិករបស់សមាគមបណ្ឌិត្យសភានគរបាលអន្តរជាតិ (INTERPA) ដូចគ្នា៕








No comments:

Post a Comment