Friday, July 14, 2017

អភិបាលខេត្តកំពង់ឆ្នាំង ជម្រុញអោយមន្ទីរជំនាញ និងសមត្ថកិច្ច​សហការ​ជាមួយអាជ្ញាធរ​ ត្រូវបន្ត​រឹតបន្តឹង​ និងផ្សព្វផ្សាយ​ច្បាប់ស្ដីពី​ចរាចរណ៍​ផ្លូវគោក​

លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តន៍ច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកឆមាសទី១ និងលើកទិសដៅអនុវត្ត ឆមាសទី២ បានជម្រុញអោយមន្ទីរជំនាញ និងសមត្ថកិច្ចសហការជាមួយអាជ្ញាធរត្រូវបន្តរឹតបន្តឹង និងផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកអោយប្រជាជនយល់ និងចូលរួមទាំងអស់គ្នា។
កិច្ចប្រជុំនោះ ក៏មានការចូលរួមពីលោក កែវ ពៅ ប្រធានមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង លោក លោកស្រី ប្រធានអង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក ទាំង៨ ចៅសង្កាត់ទាំង៤ លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រហមសរុបចំនួន ១២៣នាក់។
លោក ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍បន្តថា មន្ទីរជំនាញពាក់ព័ន្ធ និង សមត្ថកិច្ចត្រូវពង្រឹងកិច្ចសហការ ជាមួយអាជ្ញាធរដែនដី ត្រូវបន្តផ្សព្វផ្សាយគ្រប់រូបភាពជាពិសេស ក្នុងវេទិកាសាធារណៈ និង បន្តយកចិត្តទុក្ខដាក់ពិនិត្យរថយន្តដឹកលើសទំងន់ រថយន្តដឹកសំពីងសំពោង រថយន្តដឹកកម្មករ ពិនិត្យលូ និង រថយន្តដឹកដីលើសបច្ចេកទេស ពិនិត្យមើល និងត្រួតពិនិត្យបច្ចេកទេសគោយន្តកន្ត្រៃ និង រថយន្តកែឆ្នៃគ្រប់ប្រភេទផងដែរ។

អភិបាលខេត្តកំពង់ឆ្នាំង បានបន្ថែមថា លើសពីនោះក៏ត្រូវពង្រឹងយន្តការលើការរស់នៅ លើទីសាធារណៈពិន័យរថយន្តតកន្ទុយ ពង្រឹងបន្ថែមមន្ត្រីអ្នកអនុវត្តន៍ច្បាប់ ធ្វើយ៉ាងណាអោយការអនុវត្តទៅប្រកបដោយតម្លាភាព ប្រសិទ្ធភាព ហើយការដាក់វិន័យទៅប្រជាពលរដ្ឋ ដែលធ្វើខុសអោយគាត់ទទួលយកបានទាំងអ្នកធំ និងអ្នកតូចមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់៕





No comments:

Post a Comment