Tuesday, July 18, 2017

លោកឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា កោតសរសើរខ្ពស់ចំពោះសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍនៅកម្ពុជា

នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអនុញ្ញាតិឱ្យលោក Ingo Heinz Karsten ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួន។
លោក Ingo Heinz Karsten ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា បានបញ្ជាក់ថារដ្ឋាភិបាលអាឡឺម៉ង់នឹងបន្តការគាំទ្របន្ថែមទៀតដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលប្រជាពលរដ្ឋស្គាល់ថាជាសាលាក្តីខ្មែរក្រហម ហើយលោក ក៏ពេញចិត្តចំពោះសន្តិភាព ស្ថិរភាព និងដំណើរការវិវត្តន៍នៅកម្ពុជាដោយសារលោក សង្កេតឃើញថាកម្ពុជា ជាប្រទេសដែលពោរពេញដោយសន្តិភាព មានស្ថិរភាព និងការអភិវឌ្ឍ។ ក្នុងរយៈពេលជិតមួយឆ្នាំនៃការបំពេញបេសកកម្មការទូតនៅកម្ពុជា លោកឯកអគ្គរដ្ឋទូតអាឡឺម៉ង់ បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះដំណើរការរីកចម្រើននៅកម្ពុជា និងចំពោះឥរិយាបទរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាដែលមិនត្រឹមតែគាំទ្រដល់ភាគីជាតិ និងអន្តរជាតិទេ ថែមទាំងគាំទ្រភាគីជនរងគ្រោះផងដែរ។
ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន ក៏បានបញ្ជាក់ថា កន្លងមកនេះ រដ្ឋាភិបាលអាឡឺម៉ង់ ក៏បានផ្តល់ជំនួយដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានេះ ដែលបានចំណាយអស់ទឹកប្រាក់ប្រមាណ១២លានដុល្លារអាមេរិកសម្រាប់បន្តដំណើរការជំនុំជម្រះនេះ។ លោក ក៏បានសំណូមពរឱ្យភាគីអាឡឺម៉ង់ បន្តគាំទ្រដល់សាលាក្តីជាពិសេសភាគីកម្ពុជា
បន្ថែមទៀតរហូតដល់បញ្ចប់ដោយជោគជ័យ ក៏ដូចជាផ្តល់ជំនួយគាំទ្រដល់ដំណើរការរៀបចំការបោះឆ្នោតឆ្នាំ២០១៨ខាងមុខនេះផងដែរ។
នាឱកាសនោះ លោក Ingo Heinz Karsten ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំកម្ពុជា ក៏បានសម្តែងការពេញចិត្តចំពោះការបោះឆ្នោតឃុំសង្កាត់នៅកម្ពុជាកន្លងមកដែលគាត់បានតាមដានយ៉ាងយកចិត្តទុកដាក់ និងបានកោតសរសើរវាយតម្លៃខ្ពស់ពីដំណើរការបោះឆ្នោត ដែលប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕










No comments:

Post a Comment