Tuesday, July 18, 2017

ឆមាសទី១ឆ្នាំ២០១៧ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតសាងសង់ ជួសជុលប្រភេទសំណង់ធន់ស្រាលនិងតូចតាចចំនួន ៤៦៩ ក្នុងតំបន់រមណីយដ្ឋានអង្គរ

នៅឆមាសទី១ ឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះពិនិត្យសម្របសម្រួលដល់តាមខ្នងផ្ទះប្រជាពលរដ្ឋដោយផ្តល់ការអនុញ្ញាតសាងសង់ ជួសជុលប្រភេទសំណង់ធន់ស្រាលនិងតូចតាចចំនួន៤៦៩ ករណី ក្នុងភូមិសាស្ត្រនៃក្រុងសៀមរាប និងស្រុកចំនួន៤ទៀតដែលស្ថិតក្នុងតំបន់រមណីយដ្ឋានអង្គរ។
យោងតាមរបាយការណ៍ក្រុមការងារសហគមន៍បានបញ្ជាក់ថា ការចុះត្រួតពិនិត្យសម្របសម្រួល ការផ្តល់សិទ្ធិអនុញ្ញាតសាងសង់ ជួសជុលប្រភេទសំណង់ធន់ស្រាល និងតូចតាច តាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរមានចំនួនសរុប៤៦៩ ករណី ក្នុងនោះមានស្រុកប្រាសាទបាគងចំនួន ៥៤ ករណី ស្រុកអង្គរធំចំនួន១ ករណី ស្រុកពួកចំនួន៤៥ ករណី ក្រុងសៀមរាបចំនួន១៩១ ករណី និងស្រុកបន្ទាយស្រីចំនួន ៣៤ករណី។
សកម្មភាពទាំងនេះ ស្តែងឲ្យឃើញថាក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាតែងតែ ចុះដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ ដើម្បីសម្របសម្រួលនិងដោះស្រាយបញ្ហាមួយចំនួនដែលប្រជាពលរដ្ឋមានសេចក្តីត្រូវការក្នុងជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាតែងតែនៅក្បែរ និងយកចិត្តទុកដាក់ដោះស្រាយគ្រប់បញ្ហា ចំពោះប្រជាពលរដ្ឋទាំងសុខទុក្ខ ទាំងជីវភាពរស់នៅ សុខភាព និងការអប់រំ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរមានការរស់នៅល្អប្រសើចំណេះដឹងទូលំទូលាយ និងមានភាពសុខសាន្តក្នុងសង្គមគ្រួសារ៕







No comments:

Post a Comment