Tuesday, July 18, 2017

បទអត្ថាធិបាយ ការស្នើបង្កើតច្បាប់​ការពារនាយករដ្ឋមន្ត្រី​ដែលផុតតំណែង គឺជាសេណារីយ៉ូចាស់​ អ្នកសម្តែងថ្មី

អតីតអ្នកនយោបាយ​មក​ពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដែល​ធ្វើ​នយោបាយ​តាំង​ពី​មាន​កៅអី​ក្នុង​រដ្ឋ​សភា រហូត​រក​តែជើងកៅអី​មួយគ្មាន លោក លឺ ឡាយ​ស្រេង បាន​ស្នើ​ឲ្យមាន​ច្បាប់​ការពារ​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ ដែលវា​ជា​រឿង​​មិន​អាច​ទៅ​រួច​ និង​មិន​ឆ្លុះ​បញ្ចាំង​ពី​តថភាពនយោបាយ​ពិតជាក់​ស្តែងនៅកម្ពុជា​។
ការស្នើ​របស់​លោក លឺ ឡាយ​ស្រេង ធ្វើ​ឡើង​ចំពេល​​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជួប​គ្រោះ​ធំ ដែល​អាច​នឹង​រង​ការ​ពិន័យ​ផ្អាកសកម្ម​ភាព​រយៈពេល ៥ឆ្នាំយ៉ាង​តិច ឬអាច​នឹង​ត្រូវ​រំលាយចោល​ ប្រសិន​បើ​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ប្រព្រឹត្តទោស​កំហុស​​ណា​មួយ​ ដូច​ដែលមាន​ចែង​នៅ​ក្នុង​ច្បាប់​​ស្តី​ពីគណ​បក្ស​​នយោ​បាយ ដែលអង្គនីតិបញ្ញត្តិ បាននិងកំពុងធ្វើវិសោធនកម្ម​​ ​ហើយដែលនឹង​ត្រូវ​បានប្រកាស​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការក្នុងពេលដ៏ខ្លីខាងមុខនេះ។
អ្នកវិភាគលើក​ឡើ​ង​ថា ក្នុង​ស្ថាន​ភាព​បែប​នេះ លោក លឺ ឡាយ​ស្រេង ដែលជាសំណល់​មក​ពីការ​បែក​បាក់​ខ្ទេច​​ខ្ទី​របស់គណបក្ស​ហ្វ៊ុនស៊ិន​ប៉ិច មិន​គួរលើក​យក​ច្បាប់​ស្តីពីការ​ពារ​នាយក​រដ្ឋ​មន្ត្រីផុត​អាណត្តិ ស្នើ​ទៅ​លោក​​នាយក​​​រដ្ឋ​មន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ដែល​កំពុង​មាន​ប្រៀ​ប​ឈ្នះ​ទៅ​លើស​មរ​ភូមិ​ប្រជាធិបតេយ្យ និង​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​លើសលប់​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈ​ដ្ឋាន​ទាំង​ក្នុង និង​ក្រៅ​ប្រទេសនោះទេ។ ជាក់​ស្តែង​ យោង​តាម​លទ្ធផល​ការ​បោះ​ឆ្នោត​​​​ឃុំ​សង្កាត់​ឆ្នាំ២០១៧ បាន​បង្ហាញ​ពី​កំណើន​នៃសន្ទុះ​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជាមានការកើន​ឡើងយ៉ាង​គំហុក ពោល​គឺ​កើន​ឡើង​ជាង ៣០​ម៉ឺន​​សម្លេង បើ​ធៀប​នឹង​​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។
អ្នកវិភាគ​យល់​​ថា លោក លឺ ឡាយ​ស្រេង អាច​ចាត់​ទុក​ថា ជាអ្នក​ចាស់​ទុំ​​ម្នាក់ ក៏ប៉ុន្តែ​មិន​មែន​ជា​បុគ្គល​​ចាស់​ទុំខាងនយោបាយឡើយ។ ពីព្រោះថា ការ​សរ​សេរ​​សំបុត្ររបស់លោក ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី និង​លោក កឹម សុខា ប្រធានបក្សប្រឆាំង ស្នើឱ្យបង្កើត​ច្បាប់ស្តីពី​ការពារ​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​របស់​គាត់ គឺ​ផ្ទុយ​ស្រឡះពីបរិបទ តថភាពនយោបាយនៅកម្ពុជា និង​សន្ទុះ​នៃ​ការ​គាំទ្រ​របស់​ប្រជា​ពល​រដ្ឋ​មក​លើ​រាជ​រដ្ឋា​ភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អ្វីដែលលោក លឺ ឡាយស្រេង ស្នើឡើង គឺកំពុងធ្វើសកម្មភាពក្នុងគោលដៅបម្រើគណបក្សប្រឆាំង តាំង​រយៈវាយបំបាកគោលជំហរគណបក្សកាន់អំណាច ហើយបង្កើតការយល់ច្រឡំដល់អ្នកបោះឆ្នោត និង​ប្រជា​ពល​រដ្ឋទូទៅឱ្យពិចារណាឡើងវិញក្នុងការបោះឆ្នោតគាំទ្រគណបក្សកាន់អំណាចនោះ។ ហេតុដូច្នេះ ហើយ​បានជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឆ្លើយបតវិញយ៉ាងជូរចត់ ដោយចាត់ទុកអ្វីដែលលោក លឺ ឡាយ ស្រេង ស្នើឡើងគឺ “ដ៏ស្មោកគ្រោក វាជាការប្រមាថដ៏ធ្ងន់ធ្ងរមកលើគណបក្សប្រជាជន និងជា​ឧបាយ​កលទុច្ចរិត”។ តាមការពិត មនុស្ស​ទូទៅ​ក៏​គេ​មើល​ឃើញតាំងពីក្នុងពោះវៀនរបស់លោក លឺ ឡាយស្រេង ម្លេះ​ថាកំពុងគិតអ្វី ក្នុងគោលបំណងអ្វីនោះ។
ទោះប្រជាពលរដ្ឋធម្មតា ក៏គេគិតថាមិន​អាច​ទៅ​រួចដែរ​ ព្រោះ​គ្មាន​គណបក្ស​ដែលកំពុង​កាន់​អំណាច​ណា​​មួយ​យល់ព្រម​ទេ មិន​ថា​តែនៅ​ប្រទេសកម្ពុជា ឬ​ប្រទេស​ដទៃផ្សេងទៀត​ក្នុង​ពិភព​​លោក។ ករណី​នៅ​កម្ពុជា បើ​យល់​ព្រម​ គឺមាន​ន័យ​​ថា គណបក្ស​កាន់​អំណាច​សុំ​ចុះចាញ់ ដែល​វា​មិន​ឆ្លុះ​បញ្ចាំង​​ទៅនឹង​លទ្ធ​ផល​ការ​​បោះ​ឆ្នោត​ឆ្នាំ​២០១៧ ថ្មីៗ​នេះ។
អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ការ​ស្នើ​របស់​លោក លឺ ឡាយស្រេង គឺ​ជា​សេនារីយ៉ូចាស់​ ដែល​​​គណបក្ស​ប្រឆាំង​​បាន​យក​មក​ប្រើ​កាល​ពី​ឆ្នាំ​២០១៤ ដែលកាលណោះ​ទណ្ឌិត សម រង្ស៊ី បានលើក​យក​​បញ្ហា​នេះ​​ទៅ​ពិភាក្សា​​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដូច​ដែល​លោកបាន​ផ្តល់​បទ​សម្ភាសន៍​​ពិសេស​ដល់​សារ​ព័ត៌មាន​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៧ ថ្មីៗនេះអញ្ចឹង។
បើ​តាម​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ការ​ស្នើ​ច្បាប់ការពារនាយករដ្ឋមន្ត្រីផុត​អាណត្តិ គឺ​ជា​ឧបាយ​ក​ល​ទុច្ច​រិត និង​ជា​ទង្វើ​ដ៏លាមក​នៃការ​ប៉ុន​ប៉ងចង់​កម្ទេច​ចោល​ត្រកូលហ៊ុន ដើម្បី​​ឲ្យប្រជាជ​ន​មើល​ឃើញ​ដោយ​ច្រឡំ​ថា នាយករដ្ឋមន្ត្រីដែលកំពុងស្ថិតក្នុងតំណែងបច្ចុប្បន្ន​ បាននឹង​កំពុង​ធ្វើ​ខុស​អ្វី​មួយ​យ៉ាង​ធ្ងន់​ធ្ងរ ទើបបាន​ជាច​ង់​ឲ្យ​​មាន​ច្បាប់បែបនេះ ក្នុងពេលដែលគណបក្សប្រជាជនកម្ពុជា​បាន​នឹង​កំពុង​កសាង​ស្នា​ដៃ​ធំៗ​ជា​ច្រើន​ជា​​ប្រវត្តិ​សាស្ត្រ សម្រាប់មាតុភូមិ ប៉ុន្តែពួកគេ (ក្រុម​ប្រឆាំង) រីករាយនឹងបំផ្លិចបំផ្លាញ កេរ្តិ៍​ឈ្មោះ​ជាតិ បង្ក​ការ​ចលា​ចល ញុះ​​ញង់​បំផ្លិច​បំផ្លាញសមិទ្ធផលជាតិ ព្យាយាមនាំកម្ពុជាចូលក្នុង ភ្នក់ភ្លើង​សង្គ្រាម និងបំផ្លាញការ​អភិវឌ្ឍ​​ប្រទេស។

ក្រោយពីមានប្រតិកម្មត្រង់ៗ ចំៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចមក ប្រជាពលរដ្ឋទូទៅ បានផ្ទុះសំណើច និងលាន់មាត់គ្រប់ៗគ្នាថា លោក លឺ ឡាយស្រេង គួរ​ទុក​ពេល​វេលា​ចុង​ក្រោយ​របស់​ខ្លួន​គិត​​គួរ​អំពីថាត្រូវឱ្យថ្នាក់ដឹកនាំបក្សប្រឆាំងធ្វើអ្វី ក្រោយចាញ់ការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខ ឬ​ក៏​យក​ទៅ​ឱ្យ​ជួយរៀបចំ ថែទាំតំបន់ផ្នូរសពរបស់លោកនៅភ្នំស្រង់នោះ ទើបវាល្អជាជាង។ លោក លឺ ឡាយស្រេង ចាស់​​ហើយ វង្វេងវង្វន់ហើយ ដើរក្រោយស្ថានការណ៍នយបាយនៅកម្ពុជាហើយ កុំមកតាំងខ្លួនជា ចាស់​ព្រឹទ្ធា​ចារ្យអី មិនអាចទៅរួច “បើត្រឹមចាស់វង្វេង” បាន៕

No comments:

Post a Comment