Tuesday, July 18, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រិះគន់គណបក្សនយោបាយមួយចំពោះភាពអវត្តមានក្នុងការអបអរសាទរក្នុងការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក

នៅល្ងាចថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាសូម្បីតែពាក្យមួយម៉ាត់ដើម្បីចូលរួមអបអរសាទរក្នុងការដាក់តំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកក៏មិនមានផង ។ លោក បានថ្លែងដូចនេះ ក្នុងឱកាស អញ្ជើញជាអធិបតីនៅក្នុងពិធីអបអរសាទរការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលពិធីនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានអ្នកចូលរួមជាង១ម៉ឺននាក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្នុងពេលដែលប្រជាជាតិកម្ពុជាទាំងមូលកំពុងតែរីករាយអបអរសាទរនៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក មិនឃើញលិខិតចូលរួមអបអរពីសំណាក់គណបក្សនយោបាយមួយនោះឡើយ។ តើទង្វើនេះ ស័ក្តិសមជាបក្សដែលគួរកាន់អំណាច ឬដឹកនាំប្រជារាស្រ្តដែរឬទេ?
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា នេះជាទង្វើមួយដែលប្រជាពលរដ្ឋគួរចងចាំទុក ចំណុចដែលសំខាន់មិនមែននៅត្រង់ពូកែនិយាយទេ តែត្រូវធ្វើសកម្មភាពជាក់ស្តែងមិនមែនយកវេទិកាវាយប្រហារនរណាទេ។ ទាំងនេះហើយជាតួនាទីរបស់បក្សដឹកនាំរដ្ឋ៕





No comments:

Post a Comment