Wednesday, July 19, 2017

កុមារឆ្លាត ហ៊ឺ ទៀង គីមហុង និងក្រុមគ្រួសារ បានមកជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចបំណងហើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឱ្យកុមារឆ្លាត ហ៊ឺ ទៀង គីមហុង អាយុ ៧ឆ្នាំ ឪពុកម្ដាយ ក្រុមគ្រួសារ និងលោកគ្រូប្រចាំថ្នាក់របស់ កុមារ ហ៊ឺ ទៀង គីមហុង ព្រមទាំងលោកគ្រូ ដែលបានធ្វើតេស្ត គីមហុង លើសមត្ថភាពគណិតវិទ្យាកន្លងមក ជួបសំណេះសំណាលនៅគេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧នេះ។
សូមជម្រាបផងដែរថា កុមារា ហ៊ឺ ទៀង គីមហុង កំពុងរៀននៅសាលាបឋមសិក្សាហ៊ុនសែនអនុវត្ត ដែលមានទីតាំងនៅភូមិ ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ឪពុកម្តាយរបស់កុមារា ទៀង គីមហុង សព្វថ្ងៃគឺកំពុងរស់នៅទីតាំងខាងលើនេះផងដែរ។
កុមារា ហ៊ឺ ទៀង គីមហុង គឺជាកុមារដែលមានសមត្ថភាពពិសេសយល់ដឹងលើភាសាខ្មែរ និងគណិតវិទ្យា។ កុមារា ហ៊ឺ ទៀង គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និងរៀបអក្សរខ្មែរ និងអក្សរឡាតាំងកាលពីអាយុជាង ២ឆ្នាំ។ អាយុបានពីរឆ្នាំកន្លះ កុមារា ទៀង គីម ហុង ចេះអានសារជូនពរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានយ៉ាងល្អ។
នៅក្នុងពេលជួបសំណេះសំណាលជាមួយកុមារា ហ៊ឺ ទៀង គីមហុង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យកុមារា គីមហុង ប្រើប្រាស់កុំព្យូទ័រស្រាវជ្រាវក្នុង Internet និងបានអោយចៅស្រីលោកនាយករដ្ឋមន្ត្រី និយាយសន្ទនាជាភាសាអង់គ្លេសជាមួយគ្នាផងដែរ។ លោកនាយករដ្ឋមន្ត្រី ក៏បានប្រាប់អោយកុមារា ហ៊ឺ ទៀង គីមហុង ស្រាវជ្រាវរកផែនទីកម្ពុជា និងទីតាំងមួយចំនួន ហើយវាស់ចំងាយរកចំនួនប្រវែងគីឡូម៉ែត្រ។ កុមារា ហ៊ឺ ទៀង គីមហុង ធ្វើបានយ៉ាងល្អគួរអោយកោតសរសើរ។ ដោយសារកុមារនេះមានសមត្ថភាពពិសេស លោកនាយករដ្ឋមន្ត្រី បានស្នើអាហារូបករណ៍ពិសេសពីសាលា Belti ដល់គីមហុងបានសិក្សាចំណេះដឹងទូទៅ។ កុមារា ហ៊ឺ ទៀង គីមហុង អាចនឹងចាប់សិក្សាពីថ្នាក់ទី ៨ឡើងទៅ ប្រសិនបើសាលាធ្វើតេស្តសមត្ថភាពរួចហើយនោះ។ ទន្ទឹមនឹងនេះ គឺលោកនាយករដ្ឋមន្ត្រី ក៏បានស្នើអោយ លោក ដួង តារា ជំនួយការលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងក្រុមគ្រួសារពិភាក្សាគ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីរកគ្រឹះស្ថានល្អដែលសមស្របទៅនឹងសមត្ថភាពពិសេសរបស់កុមារា ទៀង គីម ហុង ។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា លោកនឹងទទួលបន្ទុករាល់នូវការចំណាយ ក្នុងការសិក្សាសម្រាប់កុមារា គីម ហុង ទាំងស្រុង។ បន្ទាប់ពីបានសំណេះសំណាលជាមួយកុមារា ហ៊ឺ ទៀង គីមហុង ក្រុមគ្រួសារ និងលោកគ្រូរួចមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឧបត្ថម្ភនូវ កុំព្យូទ័រយួរដៃ ០១គ្រឿង iPad ០១ សម្រាប់សិក្សាស្រាវជ្រាវ និងកង់ ០១គ្រឿង សម្រាប់ចៅប្រុសធ្វើដំណើរទៅសាលា រួមនឹងថវិកាមួយចំនួនផងដែរ។
ជាចុងក្រោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានកោតសរសើរ ដល់ឪពុកម្ដាយ លោកគ្រូអ្នកគ្រូ ដែលបានខិតខំយកចិត្តទុកដាក់ចញ្ចឹមបីបាច់ថែរក្សា និងអប់រំបង្រៀនកុមារ ហ៊ឺ ទៀងគីមហុង ដែលទើបមានអាយុ ៧ឆ្នាំ មានសមត្ថភាពធ្វើគណិតវិទ្យាថ្នាក់ទី ១២ បានយ៉ាងល្អ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងឧបត្ថម្ភគ្រប់បែបយ៉ាង ដល់ការសិក្សារបស់ គីមហុង ដើម្បីទទួលបានជោគជ័យទៅថ្ងៃអនាគត៕












No comments:

Post a Comment