Wednesday, July 19, 2017

ឧបនាយករដ្ឋមន្រ្តី ស ខេង កោតសរសើរការរីកចម្រើនផ្នែកសមត្ថភាព អាកប្បកិរិយាល្អ និងក្រមសីលធម៌ល្អ របស់និស្សិត សិក្ខាកាម និងសិស្សនគរបាល

នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរការរីកចម្រើន ផ្នែកសមត្ថភាព អាកប្បកិរិយាល្អ និងក្រមសីលធម៌ល្អ របស់និស្សិត សិក្ខាកាម និងសិស្សនគរបាលទាំងអស់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ បណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលលើកទី២ និងប្រកាសតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិកម្ពុជា សម្រាប់ឆ្នាំ២០១៦នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានថ្លែងកោតសរសើរនូវការអភិវឌ្ឍគ្រប់បែបយ៉ាងទាំងហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈសិក្សាសម្រាប់បម្រើដល់ការបណ្ដុះបណ្ដាល និងការរីកចម្រើនផ្នែកសមត្ថភាព អាកប្បកិរិយាល្អ និងក្រមសីលធម៌ល្អ របស់និស្សិត សិក្ខាកាម និងសិស្សនគរបាលទាំងអស់ ដែលកើតចេញពីការខិតខំប្រឹងប្រែងបំពេញការងារក្នុងការផលិតធនធានមនុស្សក្នុងជួរកងកម្លាំងមន្ដ្រីនគរបាលជាតិ និងមន្ដ្រីពន្ធនាគារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់បណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានសម្តែងនូវការគាំទ្រគ្រប់បែបយ៉ាងនូវវិធានការរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការពង្រឹងការអនុវត្ដវិន័យ និងការលើកកម្ពស់គុណភាពអប់រំបណ្តុះបណ្ដាលគ្រប់កម្រិត ពីព្រោះក្រសួងត្រូវការមន្ត្រីនគរបាលដែលមានសមត្ថភាព ដើម្បីប្រសិទ្ធភាពការងារ និងបានបញ្ជាឱ្យបណ្ឌិត្យសភា បន្ដកិច្ចសហការជាមួយនាយកដ្ឋានបុគ្គលិក ផ្នែកកិច្ចការនគរបាល ក្នុងការជ្រើសរើសក្របខណ្ឌមន្ដ្រីនគរបាលថ្មី និងការងារបណ្ដុះបណ្ដាលសម្រាប់ឆ្នាំបន្ដបន្ទាប់ទៀត ស្របតាមអនុក្រឹត្យស្ដីពីការរៀបចំនិងការប្រព្រឹត្ដិទៅរបស់ក្រសួងមហាផ្ទៃ ដូចដែលធ្លាប់បានធ្វើកិច្ចសហការល្អជាមួយគ្នាក្នុងឆ្នាំ២០១៦កន្លងទៅ។

នៅចុងបញ្ចប់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង ក៏បានបន្ដគាំទ្រនិងលើកទឹកចិត្ដខ្ពស់ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ដោយបានឧបត្ថម្ភតុសម្រាប់ដាក់កុំព្យូទ័រ ចំនួន១៥០ ឧបករណ៍សម្រាប់ហ្វឹកហាត់កាយសម្បទា១ឈុត អាងហែលទឹក១កន្លែង ជំរុញការកសាងផ្លូវបេតុងក្នុងបរិវេណបណ្ឌិត្យសភា និងធ្វើប្រព័ន្ធលូសម្រាប់រំដោះទឹកផងដែរ៕









No comments:

Post a Comment