Wednesday, July 19, 2017

លោក Vivian Balakrishnan: សូមធ្វើជាមិត្តជាមួយអ្នកគ្រប់គ្នា និងគ្មាននរណាម្នាក់ ជាសត្រូវទេ ប៉ុន្តែកុំសម្របសម្រួលផលប្រយោជន៍ជាតិ

រដ្ឋមន្រ្តីការបរទេសសិង្ហបុរី លោក Vivian Balakrishnan បាននិយាយកាលពីថ្ងៃចន្ទ (១៧ កក្កដា) ថា ក្នុងនាមជាប្រទេសតូចមួយ សិង្ហបុរីត្រូវតែ «ក្រោកឈរ និងតាំងចិត្តធ្វើការឱ្យបានមុតមាំ» នៅពេលចាំបាច់ និងមិនទទួលរងនូវអ្វីដែលយើងមាននោះទេ។
ថ្លែងនៅព្រឹត្តិការណ៍សាលាក្រុងនៅឯក្រសួងរបស់គាត់ លោក Balakrishnan បានរំលឹកដល់មន្រ្តីការទូតអំពីគោលការណ៍នៃគោលនយោបាយការបរទេសរបស់ប្រទេសសិង្ហបុរី ដើម្បី «ការពារ អធិបតេយ្យ និងឯករាជ្យរបស់សិង្ហបុរី» និងដើម្បីពង្រីកឱកាសសម្រាប់សិង្ហបុរី។
គាត់បានបន្ថែមថា ការធ្វើឱ្យរឿងនេះសម្រេចបាននោះតែងតែមានភាព «ប្រឈមកើតឡើង» ខណៈដែលសិង្ហបុរីជាប្រទេសតូចមួយ។
លោក Balakrishnan បាននិយាយថា «មិនមានភាពផ្ទុយគ្នារវាងការយល់ដឹងជាក់ស្តែងនៃ នយោបាយ និងការធ្វើអ្វីដែលខ្លួនត្រូវការដើម្បីការពារអធិបតេយ្យផ្ទាល់របស់យើង រក្សា និងពង្រីក ភាពពាក់ព័ន្ធរបស់យើង ហើយនិងបង្កើតកន្លែងសេដ្ឋកិច្ច និងនយោបាយសម្រាប់ខ្លួនយើង»។
គាត់បានបន្ថែមទៀតថា នេះគឺជាអ្វីដែលមេដឹកនាំស្ថាបនិករបស់ប្រទេសនេះបានយល់ដឹង ដោយសំដៅទៅនាយករដ្ឋមន្រ្តីដំបូងរបស់សិង្ហបុរី លោក Lee Kuan Yew អតីតឧបនាយករដ្ឋមន្ត្រី លោក Goh Keng Swee និងលោក S Rajaratnam ។
គោលការណ៍សំខាន់ៗមួយចំនួនដែលពួកគេបានបង្កើតនោះគឺថា ដើម្បីរក្សានូវទំនាក់ទំនងដែលសេដ្ឋកិច្ចរបស់សិង្ហបុរីត្រូវតែរីកចម្រើន និងស្ថានភាពនយោបាយរបស់ខ្លួនមានស្ថិរភាព។ ប្រទេសនេះមិនត្រូវបានគេទិញ ឬធ្វើឫកកោងឡើយ ឬអ្វីដែលលោកបណ្ឌិត Balakrishnan បានហៅថា «រដ្ឋដែលចំណុះរដ្ឋមួយទៀត»។ ជំនួសទៅវិញ សិង្ហបុរីមានបំណងធ្វើជា «មិត្តជាមួយអ្នកគ្រប់គ្នា ប៉ុន្តែគ្មាននរណាម្នាក់ជាសត្រូវទេ។
លោកបណ្ឌិត Balakrishnan បាននិយាយថា «ទោះក្នុងតម្លៃណាក៏ដោយអ្នកការទូតគឺមិនគ្រាន់តែមានទំនាក់ទំនងមិត្តភាពប៉ុណ្ណោះទេ។ វាគឺសំដៅលើកកម្ពស់ដល់ទំនាក់ទំនងមិត្តភាព ជាមធ្យោបាយមួយដើម្បីការពារ និងជំរុញផលប្រយោជន៍សំខាន់ៗផ្ទាល់របស់យើង»។
គាត់បានបន្ថែមទៀតថា «នៅពេលដែលអ្នកដទៃធ្វើការទាមទារមិនសមហេតុផលដែលធ្វើ ឱ្យប៉ះពាល់ ឬសម្រុះសម្រួលដល់ផលប្រយោជន៍ជាតិរបស់យើងនោះ យើងត្រូវតែបញ្ជាក់ពីជំហររបស់យើង និងប្រកាន់គោលការណ៍រ៉ឹងមាំ។
លោកបណ្ឌិត Balakrishnan ក៏បានរំលឹកឡើងវិញ ពីសារៈសំខាន់នៃការប្រកាន់ភ្ជាប់តាមលំដាប់សកលដែលមានមូលដ្ឋានច្បាប់ បទបញ្ញត្តិច្បាប់អន្តរជាតិ និងការដោះស្រាយជម្លោះដោយ សន្តិវិធី។
គាត់បានបន្ថែមថា «យើងត្រូវតែប្រឆាំងយ៉ាងសកម្មនូវកលល្បិចនៃមហាអំណាចដទៃទៀត ដែលអាចព្យាយាមក្នុងការជះឥទ្ធិពលលើមណ្ឌលបោះឆ្នោតក្នុងស្រុករបស់យើង ដើម្បីធ្វើឱ្យគោល នយោបាយបរទេសរបស់យើងល្អប្រសើរសមស្របទៅតាមផលប្រយោជន៍របស់ពួកគេ »។
លោកសាស្ត្រាចារ្យ Mahbubani បានសរសេរថា គ្រប់ប្រទេសតូចៗទាំងអស់ជានិច្ចជាកាលត្រូវតែធ្វើឥរិយាបថខ្លួនដូចប្រទេសតូចៗអញ្ចឹង ជាទស្សនៈមួយដែលរដ្ឋមន្រ្តីច្បាប់ និងកិច្ចការក្នុងប្រទេសលោក K Shanmugam ក៏ដូចជាអ្នកការទូតមួយចំនួនទៀតប្រកាន់យកនូវទស្សនៈរបៀបនេះ។ លោកនាយករដ្ឋមន្រ្តី Lee Hsien Loong ក៏បាននិយាយផងដែរកាលពីសប្តាហ៍មុនអំពីជំហរគោលនយោបាយការបរទេសសឹង្ហបុរីថា ប្រទេសនេះត្រូវតែ «ក្រោកឈរ និងតាំងចិត្តធ្វើការឱ្យមានមុតមាំ»។
លោកបណ្ឌិត Balakrishnan បាននិយាយកាលពីថ្ងៃចន្ទថា «មនុស្សមួយចំនួនបានផ្តល់យោបល់ថា សឹង្ហបូរីឱ្យចេះដាក់ខ្លួន ហើយទទួលយកការឈឺចាប់អ្វីដែលខ្លួនត្រូវតែបានទទួល។ ផ្ទុយទៅវិញ វាជាការជាក់ច្បាស់ណាស់គឺអញ្ចឹង ដោយសារតែយើងជារដ្ឋតូចមួយ ហើយយើងត្រូវតែក្រោកឈរឡើង និងតាំងចិត្តធ្វើការឱ្យមានមុតមាំនោះ នៅពេលដែលយើងត្រូវធ្វើដូច្នេះ»។
សិង្ហបុរីក៏ក្លាយជាអ្វីដែលលោកបណ្ឌិត Balakrishnan បានហៅថា «ឈ្មួញកណ្តាលស្មោះត្រង់» ហើយវាត្រូវតែបន្តធ្វើឱ្យស៊ីសង្វាក់គ្នា និងទុកចិត្តគ្នា។
លោកបណ្ឌិត Balakrishnan បាននិយាយថា «ដោយសារយើងអាចជឿទុកចិត្តបាន សិង្ហបុរីអាចដើរតួនាទីស្ថាបនាក្នុងកិច្ចការអន្តរជាតិនៅអាស៊ាន និងនៅអង្គការសហប្រជាជាតិ»។
គាត់បាននិយាយថា «កិច្ចការទូតរបស់យើងគឺអាចជឿទុកចិត្តបាន ប្រសិនបើយើងអាចរក្សាការយល់ស្របក្នុងស្រុកលើអាទិភាពគោលនយោបាយរបស់យើង និងផលប្រយោជន៍ស្នូលរបស់សឹង្ហបូរី ហើយប្រសិនបើនយោបាយរបស់យើងមិនបែកបាក់ ហើយសង្គមរបស់យើងក៏មិនបែកបាក់» ផងដែរ។
ប្រទេសសឹង្ហបូរីបានបោះជំហានលើទីលានអន្តរជាតិ ដោយសារតែសង្គម និងសេដ្ឋកិច្ចរុងរឿងរបស់ខ្លួន ដែលធ្វើឱ្យច្បាស់ថា ប្រទេសនេះត្រូវតែធ្វើសកម្មភាពនៅក្នុងផលប្រយោជន៍របស់ខ្លួន និងមិនមែនធ្វើតាមការណែនាំរបស់ប្រទេសដទៃទៀតនោះទេ។
គាត់បានបន្ថែមទៀតថា «យើងបានពង្រីកទំនាក់ទំនងជាមួយប្រទេសជាច្រើនតាមដែលអាចធ្វើទៅបាន ដោយឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមកនៅគ្រប់ប្រទេសទាំងអស់ដោយមិនគិតពីទំហំ និងភាព ឈ្នះ-ឈ្នះ ចេញពីការពឹងពាក់គ្នាទៅវិញទៅមក»៕
ប្រភព : Channel News Asia ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧



No comments:

Post a Comment