Thursday, April 06, 2017

រាជរដ្ឋាភិបាលសម្រេចឱ្យមានការលក់ប័ណ្ណចូលទស្សនាតំបន់អង្គរ តាមប្រព័ន្ធ Online ដោយទូទាត់តាមរយៈ Credit Card

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទេសចរណ៍ បានសម្រេចឱ្យគ្រឹះស្ថានអង្គរ ដែលទទួលខុសត្រូវ ប្រមូលចំណូល និងលក់ប័ណ្ណចូលទស្សនាតំបន់អង្គរនោះ រៀបចំឱ្យមានការលក់ប័ណ្ណតាមប្រព័ន្ធ Online ដោយភ្ញៀវទេសចរអាចទូទាត់មានរយៈ Credit Card ។ ការសម្រេចជាគោលការណ៍នេះ ត្រូវបានបង្ហាញឡើង ក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលអាណត្តិទី១ លើកទី៥ នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ និងលោក ​ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅទីស្ដីការក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

យោងតាមសេចក្តីប្រកាសព័ត៌មាននៃកិច្ចប្រជុំបានបញ្ជាក់ថា «ក្នុងបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាលក់ប័ណ្ណឱ្យកាន់តែប្រសើរឡើងថែមទៀត អង្គប្រជុំក៏បានសម្រេចឲ្យគ្រឹះស្ថានអង្គរ រៀបចំអភិវឌ្ឍការលក់ប័ណ្ណតាមប្រព័ន្ធ Online និងទូទាត់តាមរយៈ Credit Card»

កិច្ចប្រជុំបានពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួនទៀតដូចជា៖
 អង្គប្រជុំបានវាយតម្លៃខ្ពស់លើការគ្រប់គ្រងការលក់ប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គររបស់គ្រឹះស្ថានអង្គរ ដោយសម្រេចបានការប្រមូលចំណូល មានការកើនឡើងចំនួន៤.២១% ធៀបទៅនឹងឆ្នាំ ២១០៥ និងទទួលបានចំណូលចំនួន ៦២,៥៨២,២០០ដុល្លារ ក្នុងឆ្នាំ២០១៦។
ការប្រមូលចំណូលក្នុងត្រីមាសទី១ ឆ្នាំ២១០៧ លើការអនុវត្តលក់ប័ណ្ណ ចូលទស្សនារមណីដ្ឋានអង្គរតាមតម្លៃថ្មី គ្រឹះស្ថានអង្គរប្រមូល និងបង់ចំណូលចូលថវិការចំនួន ២៩,៩០១,៦០៥ដុល្លារអាមេរិក ស្មើនឹង៣០.៤% នៃច្បាប់ថវិកាឆ្នាំ២០១៧ និងបានឧបត្ថម្ភជូនមូលនិធិមន្ទីរពេទ្យបុប្ផាចំនួន៩៥៤,២១០ដុល្លារ។ ចំណូលមានការកើនឡើង គួរឲ្យកត់សម្គាល់ ក្នុងនោះភ្ញៀវទេសចរបទេសមានការកើនឡើង៨.៩៥% រីឯចំណូលមានការកើនឡើង៥១.៦% ធៀបនឹងត្រីមាសទី១ឆ្នាំ ២០១៦ សម្រាប់រយៈពេលដូចគ្នា។

 អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ ដល់គ្រឹះស្ថានអង្គរក្នុងការដាក់ឱ្យដំណើរការប្រព័ន្ធព័ត៌មានវិទ្យាថ្មី ដើម្បីសម្រួលដលើការគ្រប់គ្រង់ប្រតិបត្តិការលក់ប័ណ្ណជាពិសេសការគ្រប់គ្រងចំណូល គ្រប់គ្រងការបោះពុម្ពប័ណ្ណ ហើយប្រព័ន្ធព័ត៌មានវិទ្យាថ្មីនេះ និងមានភាពងាយស្រួល ដល់ការធ្វើសវនកម្ម ធានាបាននូវគណនេយ្យភាព និងតម្លាភាពនៃការគ្រប់គ្រង់ការលក់ប័ណ្ណ៕




No comments:

Post a Comment