Thursday, April 06, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ភាពរីកចម្រើន និងការអភិវឌ្ឍទាំងអស់នេះ អាចកើតមានឡើងដោយសារប្រទេសយើងមានសុខសន្តិភាព

នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថាភាពរីកចម្រើន និងការអភិវឌ្ឍន៍ទាំងអស់នេះ អាចកើតមានឡើងដោយសារប្រទេសយើងមានសុខសន្តិភាព ដែលវាមានការខុសគ្នាពីឆ្នាំ ១៩៧០-១៩៧៥ និង ១៩៧៥-១៩៧៩ ដែលពេលនោះប្រទេសយើងស្ថិតនៅក្នុងភ្លើងសង្គ្រាម ប្រជាពលរដ្ឋពេលនោះរស់នៅក្នុងភាពភ័យខ្លាចគ្រប់ពេលវេលា ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សានូវសន្តិភាពនេះទាំងអស់គ្នា។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៦នេះ នឹងរួមចំណែកយ៉ាងធំធេងដល់ការរីកចម្រើននៃសេដ្ឋកិច្ច​ជាតិ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកាន់តែឆាប់រហ័ស ព្រមទាំងជួយសម្រួលចរាចរណ៍មានភាពងាយស្រួលជាងមុន សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយពេលវេលា និងជួយបង្កើនការអភិវឌ្ឍរីកចម្រើននៅតាមតំបន់អមសងខាងផ្លូវ ព្រមទាំងទាក់ទាញការវិនិយោគ និងទេសចរណ៍ផងដែរ។ ពេលនេះគម្លាតពីទីក្រុងនិងជនបទគឺនៅមិនឆ្ងាយពីគ្នាទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋ បើកបរគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រូវចូលរួមថែរក្សាផ្លូវនេះឱ្យបានគង់វង្សយូរអង្វែង។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ លោក ហ៊ុន សែន សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស សូមបានសប្បាយរីករាយ និងជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕



No comments:

Post a Comment