Thursday, April 06, 2017

ផែនការបីខែរបស់ ជុន ច័ន្ទបុត្រ៖ យកវិទ្យុអាស៊ីសេរីដើម្បីបង្កចលាចលសង្គមបម្រើមហិច្ឆតានយោបាយបក្សប្រឆាំងដើម្បីអំណាចផ្ទាល់ខ្លួន (វគ្គ១)

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ មួយក្រោមចំណងជើងថា «ផែនការបីខែរបស់ ជុន ច័ន្ទបុត្រ៖ យកវិទ្យុអាស៊ីសេរីដើម្បី បង្កចលាចលសង្គម បម្រើមហិច្ឆតានយោបាយបក្សប្រឆាំងដើម្បីអំណាចផ្ទាល់ខ្លួន(វគ្គ១) » ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
«នៅភូមា វិទ្យុអាស៊ីសេរី អាចធ្វើឱ្យមានការផ្លាស់ប្តូររបបដឹកនាំបាន ហេតុអ្វីយើងមិនអាចធ្វើបាននៅកម្ពុជា?»
នេះគឺជាការរម្លឹកឡើងវិញរបស់អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីម្នាក់អំពីសម្តីរបស់ ជុន ច័ន្ទបុត្រ ដែលមានឈ្មោះដើមថា ហ៊ួត វុទ្ធី បាននិយាយទៅកាន់បុគ្គលិកវិទ្យុទាំងអស់ចំពោះមុខស្ថានការណ៍នយោបាយកម្ពុជានៅអំឡុងពេលបោះឆ្នោតឆ្នាំ២០១៣។ ចេញពីទស្សនៈនេះហើយដែល ជុន ច័ន្ទបុត្រ ជាអតីតសិស្សសាលានយោបាយនៅកម្ពុជា និងបានភៀសខ្លួនទៅជ្រកកោននៅសហរដ្ឋអាមេរិកបម្រើការងារនៅស្ថាប័នវិទ្យុអាស៊ីសេរីរយៈពេលជិត ២០ ឆ្នាំមកហើយ បានខិតខំក្នុងការបំពេញមហិច្ឆតាអំណាចរបស់ខ្លួនជាមួយគណបក្សសង្គ្រោះជាតិតាមរយៈមុខរបរជាអ្នកកាសែត។
បុគ្គល ជុន ច័ន្ទបុត្រ នេះ ត្រូវបានគេមើលឃើញថាបាននិងកំពុងប្រើប្រាស់វិទ្យុអាស៊ីសេរី ដើម្បីបម្រើមហិច្ឆតានយោបាយផ្ទាល់ខ្លួន។ ជុន ច័ន្ទបុត្រ បានប្រើប្រាស់នូវនិន្នាការនយោ​បាយ​លម្អៀងទៅរកបក្សប្រឆាំងខ្លួនទៅតាមរយៈការសម្របសម្រួលនៅក្នុងបទសម្ភាស ឬវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរី ឬនៅក្នុងអត្ថបទវិភាគរបស់ខ្លួនដោយមានលក្ខណៈលម្អៀងផ្កាប់មុខនិងមានលក្ខណៈបំភ្លៃ បំប៉ោង ញុះញង់ខុសពីការពិត និងប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈជាអ្នកសារព័ត៌មាន។
ជុន ច័ន្ទបុត្រ ត្រូវគេដឹងថា ធ្លាប់ត្រូវបានថ្នាក់ដឹកនាំវិទ្យុអាស៊ីសេរីចោទប្រកាន់ថា បានប្រព្រឹត្តអំពើពុករលួយក្នុងវិទ្យុអាស៊ីសេរី ដោយសារតែពេលបេសកកម្មពីសហរដ្ឋអាមេរិកមកប្រទេសកម្ពុជាម្តងៗមិនបានលាងជម្រះការចំណាយឱ្យបានត្រឹមត្រូវ ត្រូវគេចោទថាកិបមុខកិបក្រោយ ហើយត្រូវបានថ្នាក់ដឹកនាំវិទ្យុសេរីបណ្តេញចេញឈប់ឱ្យធ្វើការមួយរយៈ។ ប៉ុន្តែដោយសារតែមានការជួយជ្រោមជ្រែងរបស់ប្រធានផ្នែកវិទ្យុអាស៊ីសេរីភាសាខ្មែរឈ្មោះ សំ ប៉ូលី ហៅ ពៅ ពន្លក ជាអ្នកជួយស្រោចស្រង់យកមកធ្វើការវិញ បន្ទាប់ពីបានបណ្តេញអ្នកកាសែតវិជ្ជាជីវៈជាច្រើនចេញពីស្ថាប័នវិទ្យុនេះ។ តាមពិត ជុន ច័ន្ទបុត្រ នេះមិនបានឆ្លងកាត់សាលាផ្នែកសារព័ត៌មានឡើយហេតុដូច្នេះហើយបានជារាល់ពាក្យសម្តីអត្ថបទដែលបុគ្គលនេះ រៀបចំឡើងដោយឈរលើអារម្មណ៍ និងការយល់ឃើញផ្ទាល់របស់ខ្លួន ថាយកៗ ដោយគ្មានទឡ្ហីករណ៍ និងប្រភពព័ត៌មានច្បាស់លាស់ ត្រឹមត្រូវស្របតាមវិជ្ជាជីវៈឡើយ។ អត្ថបទព័ត៌មានរបស់ ជុន ច័ន្ទបុត្រ តែងតែបង្កប់ពាក្យសម្តីឡេបខាយនិន្នាការនយោបាយ និងម៉ាកងាយមនុស្ស លាបពណ៌ពលរដ្ឋដែលផ្ទុយ និងមានចរិតញុះញង់ប្រាសចាកពីក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។
នៅក្នុងការគ្រប់គ្រងបុគ្គលិកនៅអាស៊ីសេរីវិញ ជុន ច័ន្ទបុត្រ បានប្រើអំណាចផ្តាច់ការបំផុតដោយ ចាប់បង្ខំបុគ្គលិកក្រោមឱវាទរបស់ខ្លួនសរសេរព័ត៌មានតាមចិត្តរបស់ខ្លួននឹកឃើញ និងតម្រូវឱ្យបុគ្គលិករបស់ខ្លួនស្វែងរកព័ត៌មានណាដែលមានចំណុចអវិជ្ជមានខ្លាំងអំពីរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ដោយទាញមុំសរសេរព័ត៌មានតែអ្វីដែលអាក្រក់ ទោះបីសកម្មភាពនោះល្អ អំពើល្អយ៉ាងណាក៏ទាញចូលទៅក្នុងន៏យនយោបាយ។ ចំណែកព័ត៌មានដែលពាក់ព័ន្ធនឹងបក្សប្រឆាំងវិញ សរសេរលើកតម្កើងអំពីការ គោរពច្បាប់ យកចិត្តទុកដាក់លើប្រជារាស្ត្រ គិតគូរពីផលប្រយោជន៍ជាតិ និងចេះសរសេរឱ្យគណបក្សប្រឆាំងក្លាយខ្លួនជាជនរងគ្រោះអាជីព។ គោលដៅសំខាន់បង្ហាញថា រដ្ឋាភិបាល និងគណបក្សប្រជាជនគឺ ជាតួអង្គចិត្តអាក្រក់ កាចសាហាវ ចំណែកឯកបក្សប្រឆាំង ទោះបីជាប្រព្រឹត្តខុសច្បាប់យ៉ាងណាក៏សរសេរ ឱ្យទៅជាជនរងគ្រោះបានហើយ។ នេះគឺជាចរិតនៃការដឹកនាំនៅក្នុងវិទ្យុអាស៊ីដែលអ្នកងប់ងុលនឹងវិទ្យុនេះ លើកតម្កើងថាជាវិទ្យុឯករាជ្យ។ តាមពិតឯករាជ្យបែបលម្អៀងផ្កាប់មុខ បើប្រៀបធៀបទៅនឹងវិទ្យុបារាំងអន្តរជាតិ ដែលជាវិទ្យុវិជ្ជាជីវៈមួយ។
នៅពេលបានក្បាលមីក្រូម្តងៗ ជុន ច័ន្ទបុត្រ ក៏សម្ញែងឫកពារខែងរែងតាំងខ្លួនជាអ្នកចេះអស់លើ លោក ពេលខ្លះព័ត៌មានមិនពិតក៏លើកមកផ្សាយធ្វើម៉េចឱ្យតែចំណេញដល់ខ្លួន និងមហិច្ឆតាអំណាចខ្លួនដោយផ្សព្ចផ្សាយព័ត៌មានបែបបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិពីស្ថានការណ៍ពិតប្រាកដនៅកម្ពុជា បង្ហាញភាពខ្មៅងងឹត អវិជ្ជមាន លាបពណ៌ លម្អៀងទៅរកបក្សប្រឆាំង សង្គម ស៊ីវិលដែលមាននិន្នាការប្រឆាំងដូចខ្លួន និងបានបន្ទាបបន្ធោកជាតិខ្មែរ ដើម្បីទម្លាក់ជំនឿទុកចិត្តប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល និងគណបក្សកាន់អំណាចដោយមិនគិតពីការបែកបាក់ជាតិ បង្កចលាចលក្នុងសង្គមឡើយ។
ជួនពេលខ្លះ ជុន ច័ន្ទបុត្រ តាំងខ្លួនជាអ្នកចេះជ្រុល ប៉ុន្តែលើកឧទាហរណ៍ពន្យល់ប្រជា ពលរដ្ឋខុសពីការពិត។ ដូចជាកាលពីក្នុងវេទិកាអ្នកស្តាប់អាស៊ីសេរីកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៧ កន្លងទៅនេះ ជុន ច័ន្ទបុត្រ បានប្រៀបធៀបការតម្កល់លក្ខន្តិកៈបក្សសង្គ្រោះជាតិទៅនឹងការធ្វើកិច្ចសន្យារបស់ប្តីប្រពន្ធពីរនាក់ដែលឈ្លោះគ្នានៅចំពោះមុខមេឃុំ។ ឧទាហរណ៍ដែលខុសពីការពិត ប្តីប្រពន្ធឯណា ទៅធ្វើលក្ខន្តិកៈមុខមេឃុំនោះ តែបើឧទាហរណ៍ថាក្រុមហ៊ុនឯកជនយកលក្ខន្តិកៈរបស់ខ្លួន ទៅតម្កល់នៅ ក្រសួងពាណិជ្ជកម្ម។ នេះបានឧទាហរណ៍ត្រឹមត្រូវតាមគតិច្បាប់។ ទៅទាំងប៉ីទាំងទ្រ! មេធាវី ហង្ស គឹមសួន ដែលអះអាងថាមានបទពិសោធច្រើនល្បីរន្ទឺរ បានបន្ទរទាំងមិនដឹងង៉ុងអីតាមខ្សែញាក់របស់ជុន ច័ន្ទបុត្រ ដែលចង់ទាញថាលក្ខខន្តិកៈបក្សជារឿងផ្ទៃក្នុងរបស់បក្ស ហេតុអ្វីបានជាក្រសួងមហាផ្ទៃចាំបាច់ លូកដៃលើរឿងរបស់គេ។ តាមពិតនេះគឺជាចេតនាបំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តប្រជាពលរដ្ឋយ៉ាងច្បាស់ ក្រឡែតដើម្បីបម្រើមហិច្ឆតានយោបាយរបស់ខ្លួន។
បើដើរតួនាទីជាអ្នកសម្របសម្រួលកម្មវិធីតុមូលវិញ ជុន ច័ន្ទបុត្រ ដែលត្រូវបានគេដឹងថាមានអត្តចរិតបែបមនុស្សកុម្មុយនិស្តផ្តាច់ការ បានរៀបចំទុកជាមុននូវផែនការ ក្នុងការគៀបសង្កត់មន្ត្រីមកពីស្ថាប័នរាជរដ្ឋាភិបាលដោយរៀបចំយុទ្ធសាស្ត្រ ២ព័ទ្ធស៊ី ១ ឬ ៣ ព័ទ្ធស៊ី ១ មានន័យថាអញ្ជើញវាគ្មិន គាំទ្របក្សប្រឆាំង ២ នាក់ ម្នាក់មកពីបក្សប្រឆាំង និងម្នាក់ទៀតមកពីសង្គមស៊ីវិលមាននិន្នាការប្រឆាំង ឬ ក៏អ្នកវិភាគឯករាជ្យបែបលម្អៀងផ្កាប់មុខ ឡៅ ម៉ុងហៃ ឬមាស នី ជាដើម មកព័ទ្ធសង្ក្រប់សំឡេងលើមន្ត្រី រដ្ឋាភិបាលតែម្នាក់ឯង។ នេះមិនគិតរួមទាំង ជុន ច័ន្ទបុត្រ ខ្លួនឯងដែលជាអ្នកសម្របសម្រួល ប៉ុន្តែភ្លេចពីតួ នាទីរបស់ខ្លួនដើរតួនាទីជាវាគ្មិន បកស្រាយ សួរឆ្លើយតែម្នាក់ឯង និងទាញវាគ្មិនដែលមាននិន្នាការគាំទ្រខាងខ្លួនឱ្យប្រថាប់ត្រាផងដែរ។ អ្វីដែលជុន ច័ន្ទបុត្រ ធ្វើនេះគឺគ្មានវិជ្ជាជីវៈជាអ្នកសារព័ត៌មានអ្វីបន្តិចឡើយ គ្មានទេ ការធ្វើតុល្យភាពព័ត៌មានឱ្យបានត្រឹមត្រូវ។ នេះក៏ដោយសារតែ ជុន ច័ន្ទបុត្រ ចង់យកចិត្តយកថ្លើមអ្នកនយោបាយអង្ករកំប៉ុងមួយចំនួន ដើម្បីលាភសក្ការៈផ្ទាល់ខ្លួនប៉ុណ្ណោះ។ បើតាមប្រភពព័ត៌មានដែលស្និទ្ធនឹងជុន ច័ន្ទបុត្រ កាលដែល ជុន ច័ន្ទបុត្រ ដែលគេឱ្យរហស្សនាមថា «ជ្រូកពុលទឹកមាត់» បានសំឡឹងរក តំណែងក្នុងតួនាទីនយោបាយមួយយ៉ាងពិតប្រាកដ។ ហេតុដូច្នេះហើយបានជា ជុន ច័ន្ទបុត្រ​ខិតខំប្រឹងប្រែងធ្វើអាជីវកម្មអាជីពកាសែតរបស់ខ្លួនដោយផ្សារភ្ជាប់ទៅនឹងនយោបាយ។
វិទ្យុអាស៊ីសេរី បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានពិត មិនលម្អៀង និងគ្មាននិន្នាការនយោបាយបម្រើដល់ប្រជាពលរដ្ឋទូទៅ។ ចុះបើវិទ្យុអាស៊ីសេរី មានគោលការណ៍ដូច្នេះ ហេតុអ្វីបានជាអាមេរិកដែលជាមេវិទ្យុនេះបណ្តោយឱ្យ ជុន ច័ន្ទបុត្រ យកវិទ្យុនេះមកបម្រើផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនទៅវិញ? ឬមួយក៏អាមេរិកជាឪបក្សប្រឆាំងពិតប្រាកដមែន ហើយក៏អនុញ្ញាតឱ្យ ជុន ច័ន្ទបុត្រ ប្រើវិទ្យុអាស៊ីសេរីដើម្បីធ្វើផ្គរធ្វើភ្លៀងនៅកម្ពុជាដើម្បីជួយបក្សប្រឆាំងពីខាងក្រោយខ្នង?

ដោយ៖ ចៅចាក់ស្មុក

No comments:

Post a Comment