Thursday, April 06, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង៤០គីឡូម៉ែត្រ

នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៦ ប្រវែងជាង ៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
 គម្រោងផ្លូវនេះ បានចំណាយថវិកាសរុប ៧០.២៥លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃគ្រុប (Shanghai Group) និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន របស់ប្រទេសចិន ដែលប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ គឺបានចាប់ផ្ដើមពីខែ មករា ឆ្នាំ២០១២ រហូតដល់ដើមឆ្នាំ២០១៧។

 នៅក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាជន និងរដ្ឋាភិបាលចិន ជាពិសេសលោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) ដែលបានជួយដល់កម្ពុជាតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ទំនាក់ទំនងកម្ពុជា-ចិន មិនអាចកាត់ផ្តាច់បានឡើយ ហើយមិត្តចិនតែងតែគិតគូពីការខ្វះខាតរបស់កម្ពុជានិងផ្តល់ជំនួយច្រើនជាងគេ ហើយនៅខែឧសភា ២០១៧ ខាងមុខនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមសន្និសីទស្តីពី «ផ្លូវមួយ ខ្សែក្រវាត់មួយ» និងទស្សនកិច្ចនៅប្រទេសចិនផងដែរ




No comments:

Post a Comment